អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​ជុំវិញ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​ស៊ី​រី​
15, Oct 2019 , 9:58 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៤ ខែតុលា បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​ជុំវិញ​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​រង​ការ​រិះគន់ថា ទាត់ចោល​សម្ព័ន្ធមិត្ត​ឃើ​ដ​ឲ្យ​រងគ្រោះ​ក្រោម​ដៃ​តួ​ក​គី​នោះ ចាត់ទុក​ទណ្ឌកម្ម​លើ​មន្ត្រី​សំខាន់ៗ​របស់​តួ​ក​គី ជាការ​បង្ខំ​ឲ្យ​ក្រុង​អង់កា​រ៉ា​ផ្អាក​សកម្មភាព​របស់ខ្លួន​។ យ៉ាងណាមិញ ទណ្ឌ​កម្មនេះ ហាក់​មិន​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ឡើយ​។​



​ជា​រឿង​កម្រ​មាន សហរដ្ឋអាមេរិក បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​ណា​តូ​របស់ខ្លួន​។ តួ​ក​គី ដែលមាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​អាមេរិក​ស្រាប់​ផង​នោះ បាន​រង​ទណ្ឌកម្ម​មួយកញ្ចប់​ពី​អាមេរិក​ដោយសារតែ​ប្រតិបត្តិការ​នៅ​ភាគ​ខាងជើង​ស៊ី​រី​។

​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​របស់​តួ​ក​គី​ដូចជា​រដ្ឋមន្ត្រី​ការពារជាតិ មហាផ្ទៃ និង​ថាមពល​ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុង​ប្រតិបត្តិការ​យោធា​ឆ្លង​ព្រំដែន​ដែល​កំពុង​ក្លាយជា​បញ្ហា​មួយ​បន្ថែម​លើ​វិបត្តិ​រ៉ាំរ៉ៃ​រាប់សិប​ឆ្នាំ​របស់​ស៊ី​រី​។ សម្រាប់​ទណ្ឌកម្ម​នេះ ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ទាំងនេះ​នៅ​អាមេរិក នឹងត្រូវ​បង្កក ហើយ​ការរកស៊ី ឬ​ដោះដូរ​អ្វីៗ​ជាមួយ​រដ្ឋមន្ត្រី​ទាំងបី ជា​ទោសឧក្រិដ្ឋ​ផងដែរ​។

​ទណ្ឌកម្ម​របស់​អាមេរិក ធ្លាក់​មក​ប៉ុន្មាន​ម៉ោង​ក្រោយ​យោធា​ស៊ី​រី​ចូលដល់​តំបន់​ភាគ​ខាងជើង​តាម​ការស្នើសុំ​របស់​ក្រុម​ឃើ​ដ​ដើម្បី​ទប់ទល់​ប្រតិបត្តិការ​របស់​តួ​ក​គី​ដែល​កំពុង​សម្រុកចូល​មិន​ដក​ដៃ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ដាក់ទណ្ឌកម្ម លោក ត្រាំ ដែល​ទើប​និយាយ​អួត​ពី​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បាន​ព្រមាន​កម្ទេច​សេដ្ឋកិច្ច​របស់​តួ​ក​គី​ភ្លាមៗ ប្រសិនបើ​បន្ត​ដើរ​លើផ្លូវ​ដ៏​គ្រោះថ្នាក់ និង​មហន្តរាយ​នេះ​ទៀត​។​

​ក្រៅពី​ទណ្ឌកម្ម លោក ត្រាំ ក៏​បញ្ជូន​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ទៅ​តួ​ក​គី​ដើម្បី​ជជែក​ដោយផ្ទាល់​ជាមួយ​មេដឹកនាំ​តួ​ក​គី​ពាក់ព័ន្ធ​ការផ្អាក​ប្រតិបត្តិការ​សឹក​នៅ​ស៊ី​រី ខណៈ​លោក​ផ្ទាល់​ក៏បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក អ៊ែរ​ដូ​ហ្កា​ន់ រួចហើយ​លើ​រឿងនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ ក៏​បញ្ជា​ឲ្យ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែលមាន​តម្លៃ​១០០​ពាន់​លាន​ដុល្លារ និង​អនុវត្ត​ឡើងវិញ​ការដំឡើង​ពន្ធ​៥០​ភាគរយ​លើ​ដែកថែប​របស់​តួ​ក​គី​ផងដែរ​។​

​យ៉ាងណាមិញ វិធានការ​ទណ្ឌកម្មរ​បស់​រដ្ឋាភិបាល រង​ប្រតិកម្ម​ខ្លាំង​ពីស​ភា​។ ប្រធានរដ្ឋសភា​អាមេរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី និយាយថា ចំណាត់ការ​នេះ នៅ​ខ្វះខាត ហើយ​មិនអាច​ផ្លាស់ប្ដូរ​វិបត្តិ​មនុស្សធម៌​ដែល​កើតចេញពី​ការសម្រេចចិត្ត​របស់លោក ត្រាំ ផ្ទាល់​។​

​ក្នុង​គោលដៅ​គាប​ឲ្យ​តួ​ក​គី​ផ្អាក​យុទ្ធនាការ​របស់ខ្លួន អាមេរិក​ក៏​នឹង​បបួល​សម្ព័ន្ធមិត្ត​ឯទៀត​ឲ្យ​ចូលរួម​ផងដែរ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ដាក់ពិន័យ​លើ​តួ​ក​គី​។ សព្វថ្ងៃ បារាំង និង​អាល្លឺម៉ង់ បាន​ចាត់វិធានការ​ដំបូង​ដោយ​ការផ្អាក​រាល់​ការលក់​សព្វាវុធ​ទាំងអស់​ឲ្យ​តួ​ក​គី ខណៈ​អង់គ្លេស​កំពុង​ពិចារណា​ចាត់វិធានការ​ដូចគ្នា​៕


Tag:
 ​អាមេរិក​
  ស៊ី​រី​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com