កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុតគ្រាប់ទី៧០០ តែព័រទុយហ្គាល់ចាញ់អ៊ុយក្រែននៅជម្រុះ Euro 2020
× ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយទៀតជាមួយនឹងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីលើកទី ៧០០ក្នុងអាជីព។ ១គ្រាប់របស់ Ronaldo កើតឡើងក្នុងការប្រកួតដែលព័រទុយហ្កាល់ចាញ់អ៊ុយក្រែន ២-១ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 នៅរាត្រីថ្ងៃទី១៤ ខែតុលា។
គ្រាប់បាល់ទី៧០០នេះ បាននាំឲ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំក្លាយជាកីឡាករទី៦ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ដែលស្ថិតក្នុងចំណោមអ្នកស៊ុតបានចាប់ពី៧០០គ្រាប់ឡើងទៅ។
កីឡាករដែលរកគ្រាប់ស៊ុតលើសខ្សែប្រយុទ្ធក្រុម Juventus ចំនួន៥រូប រួមមានកីឡាករសញ្ជាតិឆែក Joef Biscan ចំនួន៨០៥គ្រាប់។ Romario កីឡាករប្រេស៊ីល ៧៧២គ្រាប់, Pele ប្រេស៊ីល ៧៦៧, កីឡាករសញ្ជាតិហុងគ្រី Ferenc Puskas ស៊ុតបាន៧៤៦, Gerd Muller កីឡាករសញ្ញាតិអាល្លឺម៉ង់ រកបាន៧៣៥គ្រាប់។
(រាប់ពីឆ្វេង) Gerd Muller, Ferenc Puskas, Pele, Romario និង Josef Bican
៧០០គ្រាប់របស់ Ronaldo ធ្វើបានក្នុងការបង្ហាញខ្លួនសរុបចំនួន ៩៧៣ប្រកួតចាប់តាំងពីរូបគេចាប់ផ្តើមអាជីពតាំងពីឆ្នាំ២០០២មក។ សម្រាប់ជម្រើសជាតិម្ចាស់ពាន Ballon d'Or ៥សម័យរកបាន៩៥គ្រាប់ Sporting Lisbon ៥គ្រាប់ Manchester United ១១៨គ្រាប់ Real Madrid ច្រើនជាងគេរហូតដល់៤៥០គ្រាប់ និង Juventus ចំនួន៣២គ្រាប់។
យ៉ាងណាក៏ដោយ ១គ្រាប់របស់ Ronaldo ដើម្បីបង្គ្រប់គ្រាប់ទី៧០០នេះ មិនបានជួយព័រទុយហ្គាល់រកបាន៣ពិន្ទុឡើយ ក្រោយចាញ់ម្ចាស់ផ្ទះអ៊ុយក្រែន ២-១ ក្នុងជំនួបវគ្គជម្រុះពូល B នៃពានតំបន់អឺរ៉ុបឆ្នាំ២០២០។ ផ្ទុយទៅវិញជ័យជម្នះរបស់អ៊ុយក្រែននេះបានជួយពួគគេទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
ឆ្លងកាត់ការប្រកួត៧លើក អ៊ុយក្រែនឈរកំពូលតារាងពូល B មាន១៩ពិន្ទុ ខណៈព័រទុយហ្គាល់ដែលប្រកួត៦លើកមាន១១ពិន្ទុ ឈរលេខរៀងទី២ តាមពីក្រោយដោយស៊ែប៊ីនៅលេខ៣ មាន១០ពិន្ទុ។ លុចសំបូ និងលីទុយអានីនៅលេខរៀងបន្តបន្ទាប់ស្ទើតែអស់ឱកាសទៅហើយ។
ក្នុងពួលនេះ ព័រទុយហ្គាល់ជាមួយស៊ែប៊ីត្រូវប្រជែងគ្នាខ្លាំងដើម្បីដណ្តើមចំណាត់ថ្នាក់ទី២ សម្រាប់មួយកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2020៕
Tag:
Cristiano Ronaldo
Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com