ជាតិ
កម្ពុជា គ្រោងទិញយន្តហោះស៊ើបការណ៍ និងអាវុធពីឆែក ដើម្បីពង្រឹងវិស័យសន្តិសុខ និងការពារជាតិ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបលោក Andrej Babis នាយករដ្ឋមន្រ្តីឆែក នៅទីក្រុងប្រាក សាធារណរដ្ឋឆែក នៅថ្ងៃទី១៤ តុលា ឆ្នាំ២០១៩
× ភ្នំពេញ៖ កម្ពុជា គ្រោងទិញយន្តហោះស៊ើបការណ៍ និងអាវុធបន្ថែមពីរដ្ឋាភិបាលឆែក ដើម្បីពង្រឹងវិស័យសន្តិសុខ និងការពារជាតិ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក Andrej Babis នាយករដ្ឋមន្ត្រីឆែក កាលពីថ្ងៃទី១៤ តុលា ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងពិភាក្សាជាមួយភាគីឆែក ដើម្បីសិក្សាលើលទ្ធភាពទិញយន្តហោះ និងអាវុធទាំងនោះហើយ។ «កាលពីពេលមុននេះ កម្ពុជាបានទិញយន្តហោះស៊ើបការណ៍ L-39 ចំនួន៦គ្រឿងរួចហើយ។ ព្រឹកនេះ ខ្ញុំក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាពកម្ពុជា អាចទិញនូវយន្តហោះស៊ើបការណ៍ L-39 ប្រភេទថ្មី ៣ ទៅ ៤គ្រឿងបន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាពីបញ្ហានេះ រួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូល និងអាចថែមនូវអាវុធធុនស្រាលមួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់សន្តិសុខ និងការពារជាតិរបស់យើង»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមាន៖ទី១. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED ។ និងទី២. អនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។
កាលពីឆ្នាំ២០១៧កន្លងមក ផលិតផលសរុបក្នុងស្រុក GDPរបស់សាធារណរដ្ឋឆែកមានចំនួន ៣៧៥,៩ពាន់លានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់៣៥,៥០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣ភាគរយ ហើយផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២ភាគរយ ឧស្សាហកម្ម ៣៨ភាគរយ និងកសិកម្ម២,៨ភាគរយ។សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតផលសំខាន់ៗមួយចំនួនដូចជាគ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមីជាដើម។
សូមបញ្ជាក់ថា កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ក្រោយរបបនេះដួលរលំ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយនឹងសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគីនៅឆ្នាំ១៩៧៩។ ហើយទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស។
ប្រទេសកម្ពុជា និងសាធារណរដ្ឋឆែក នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១ខាងមុខ។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
ហ៊ុន សែន
សន្តិសុខ
ការពារជាតិ
ឆែក
© រក្សាសិទ្ធិដោយ thmeythmey.com