FIFA
កីឡាជាតិ
ជាតិ
អ៊ីរ៉ាក់មាឌធំ លឿន និងបច្ចេកទេសខ្ពស់ ប៉ុន្តែគ្រូ និងប្រធានក្រុមកម្ពុជាតាំងចិត្តលេងមិនខ្លាច លោក Felix Dalmas (រូបក្នុងរង្វង់) និងសកម្មភាពហ្វឹកហាត់របស់កីឡាករកម្ពុជាត្រៀមប៉ះអ៊ីរ៉ាក់, រូបពី SEA Games 2023 និង FFC
× ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍អ៊ីរ៉ាក់ នាជំនួបពូល C នៃវគ្គជម្រុះ World Cup ជុំទី២ វេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៥ តុលានេះ។ នេះជាការប្រកួតដ៏តានតឹងសម្រាប់កម្ពុជា ដ្បិតអ៊ីរ៉ាក់ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ី តែវាជាឱកាស ដើម្បីបង្ហាញពីការព្យាយាម និងឆន្ទៈហ៊ានលេងមិនខ្លាចគូប្រកួតដល់អ្នកគាំទ្រ។ សម្រាប់ សឿយ វិសាល ទោះបីលទ្ធផលយ៉ាងណាក៏ដោយ រូបគេប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួត។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានលើកឡើងថា ការប៉ះអ៊ីរ៉ាក់ដែលជាក្រុមខ្លាំងមួយនៅតំបន់អាស៊ីល្ងាចនេះ នឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដ្បិតពួកគេមានប្រៀបទាំងកាយសម្បទា ល្បឿន និងកម្រិតបច្ចេកទេស។ បើមើលពីចំណាត់ថ្នាក់ក្នុង FIFA Ranking កម្ពុជាឈរក្រោមអ៊ីរ៉ាក់រហូត៩០ចំណាត់ថ្នាក់ ដោយកម្ពុជាស្ថិតនៅលេខរៀងទី១៦៩ ខណៈអ៊ីរ៉ាក់នៅលេខ៧៩។
ទោះបីយ៉ាងនេះក្តី គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះយល់ថា ការប៉ះក្រុមមានសមត្ថភាពខ្លាំងជាងខ្លួន វាជាឱកាសសម្រាប់កីឡាករកម្ពុជា ដើម្បីបង្ហាញពីសមត្ថភាព ការព្យាយាម និងឆន្ទៈលេងរបស់ខ្លួន។ «ជាការពិត វាជាការប្រកួតមួយដ៏តានតឹងសម្រាប់យើង ប៉ុន្តែវាក៏ជាការប្រកួតមួយ ដែលក្រុមអាចបង្ហាញដល់អ្នកគាំទ្រនូវអ្វី ដែលយើងបានព្យាយាមកន្លងមក ក៏ដូចជាឆន្ទៈហ៊ានលេង ដែលជាជំហាននៃការអភិវឌ្ឍក្រុមទាំងមូល»។ លោក Felix Dalmas លើកឡើងដូច្នេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។ លោកបន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចហើយក្នុងការតតាំងជាមួយអ៊ីរ៉ាក់។
មិនខុសគ្នាពីគ្រូបង្វឹកនោះទេ កីឡាករ សឿយ វិសាល ប្រធានក្រុមកីឡាករជម្រើសជាតិកម្ពុជា ក៏យល់ឃើញផងដែរថា ការប្រកួតដែលធ្វើឡើងនៅម៉ោង៦:៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ នឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ពួកគេ។ «អ៊ីរ៉ាក់ជាក្រុមមួយដ៏ខ្លាំងនៅក្នុងតំបន់ពួកយើង តែពួកយើងប្តេជ្ញានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតមួយនេះ។ ទោះយើងត្រូវប្រឈមជាមួយក្រុមខ្លាំង តែយើងនឹងប្រឹងបន្តទៀត ដើម្បីសម្រេចគោលបំណង និងគោលដៅរបស់ក្រុម ដែលចង់អភិវឌ្ឍន៍ក្រុមឲ្យកាន់តែល្អប្រសើរទៅមុខរហូត»។ នេះការលើកឡើងរបស់កីឡាករ សឿយ វិសាល។
ប្រធានក្រុមរូបនេះបានបន្ថែមថា៖«ទោះបីលទ្ធផលយ៉ាងណាក៏ដោយ ពួកយើងនឹងទទួលយកលទ្ធផលនេះ។ ជាពិសេសគោលបំណង និងប្រព័ន្ធលេងរបស់យើង នៅតែបន្តទៅមុខជានិច្ច»។
បើតាមប្រវត្តិក្រុមជម្រើសជាតិកម្ពុជាមិនធ្លាប់ជួបអ៊ីរ៉ាក់កន្លងមកនោះទេ។ សម្រាប់ប្រកួតកន្លងមកកម្ពុជាស្មើ ១-១ ជាមួយហុងកុង ចាញ់បារ៉ែន ១-០ និងចាញ់អ៊ីរ៉ង់ ១៤-០ ខណៈអ៊ីរ៉ាក់ឈ្នះហុងកុង ២-០ និងស្មើ ១-១ ជាមួយបារ៉ែន៕
Tag:
បាល់ទាត់
World Cup
Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com