ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«​រាជវាំង​»​លើ​ខ្នងភ្នំ​គូលែន​ដែល​សង់​មុន​អង្គរ ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ​សល់​តែ​គ្រឹះ​និង​គំនរ​ឥដ្ឋ​
15, Oct 2019 , 2:05 pm        
រូបភាព
​សៀមរាប​៖ នៅលើ​ខ្នងភ្នំ​គូលែន មាន​ទីតាំង​មួយ​ជា​អតីត​រាជធានី​បុរាណ ដែលមាន​ឈ្មោះថា បន្ទាយ​,​រាជវាំង ឬ​ហៅ ផ្ទះ​គូ​ចា​រ្យ​។ រាជធានី​បុរាណ​នេះ កសាងឡើង​នៅក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ក្នុង​សតវត្ស​ទី​៩ ដែលមាន​ទំហំ​ផ្ទៃដី​៤០០​ម៉ែត្រ គុណ ៦០០​ម៉ែត្រ​។ រាជធានី​បុរាណ ឬ​បន្ទាយ ឬ​ផ្ទះ​គូ​ចា​រ្យ​នេះ លើ​ខ្នងភ្នំ​គូលែន​ដ៏​ពិសិដ្ឋ នា​ខេត្តសៀមរាប ដែល​ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ គឺ​នៅសល់តែ​គ្រឹះ​ប្រាសាទ និង​គំនរ​ឥដ្ឋ​ប៉ុណ្ណោះ ក្រោយ​ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ធ្វើ​កំណាយ​ជា​បន្តបន្ទាប់ ពោលគឺ​តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​។​


​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន អតីត​រាជធានី​បុរាណ​នេះ ត្រូវបាន​គេ​រកឃើញ​នៅលើ​ខ្នងភ្នំ ដែលមាន​ចម្ងាយ​ផ្លូវ ៣​គីឡូម៉ែត្រ​ពី​ព្រះអង្គ​ធំ​។ រាជធានី​បុរាណ​នេះ ជា​សំណង់​បុរាណ​សាងសង់​ពី​ឥដ្ឋ​និង​ថ្មបាយក្រៀម​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​ក្រុមការងារ​នៃ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»  ជាមួយ​លោក ងិន សារុន បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​តំបន់ភ្នំ​គូលែន​ដូចតទៅ​៖ 


​លោក ងិន សារុន បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​តំបន់ភ្នំ​គូលែន បាន​ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ពី​ការកំណត់​ទីតាំង​រាជធានី​បុរាណ​យ៉ាង​ដូច្នេះ​ថា​៖ «​គេ​អាច​កំណត់​បានជា​រាជធានី​បុរាណ​នេះ តាមរយៈ​ការសិក្សា​សិលាចារឹក​ស្ដុក​កក់ធំ និង​ការសិក្សា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា LiDAR ។ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នកជំនាញ បានធ្វើ​កំណាយ​នៅ​ទីតាំង​នេះ ក្នុង​ឆ្នាំ​២០០៩, ២០១៣ និង​ឆ្នាំ​២០១៨»​។ 
 


​បើតាម​បុរាណ​វិទូ ងិន សារុន នៅ​ទីតាំង​រាជធានី​បុរាណ ឬ​រាជវាំង​នេះ មាន​ប្រាសាទ​ជាច្រើន​នៅ​ជុំវិញ ដែល​គេ​មើលឃើញ​តាម​បច្ចេកវិទ្យា LiDAR ។ ដើម្បី​ទៅដល់​ទីតាំង​រាជធានី​បុរាណ ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​ថ្មើរជើង​ចូល​ព្រៃ​ចម្ងាយ​ជាង ១​គីឡូម៉ែត្រ​។ មុន​ទៅដល់​ទីតាំង​ខាងលើ ភ្ញៀវទេសចរ នឹង​ឃើញ​ស្លាក​សញ្ញា​មួយ​ផ្ទាំង ដែល​ប្រាប់​ពី​ទីតាំង​ទៅ​តំបន់​ប្រាសាទ ដូចជា បន្ទាយ ឬ​រាជវាំង​, ភូមិ​ថ្ម​ជ្រួញ និង​ប្រាសាទ​អារាម​រង​ចិន​។ 

​នៅពេល​ធ្វើដំណើរ​ទៅដល់ ភ្ញៀវទេសចរ​មើលមិនឃើញ​ប្រាសាទ​នោះទេ ពោលគឺ​ឃើញតែ​គំនរ​ឥដ្ឋ ដែល​នៅ​សេសសល់​បន្ដិចបន្តួច​ប៉ុណ្ណោះ​។ លោក ងិន សារុន បញ្ជាក់ថា​៖ «​ប្រាសាទ និង​សំណង់​រាជធានី​បុរាណ​នេះ ត្រូវបាន​កប់​នៅ​ផ្នែក​ខាងក្រោម ហើយ​ក្រុម​អ្នកជំនាញ​បានធ្វើ​កំណាយ​និង​លុប​ទៅវិញ​»​។ 


(រូបភាព រាជវាំង នៅលើ​ភ្នំ​គូលែន ដែល​សង់​មុន​ប្រាសាទអង្គរវត្ត ផ្តល់​ដោយ​លោក ងិន សារុន មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​តំបន់ភ្នំ​គូលែន ខេត្តសៀមរាប​)

​លោក ងិន សារុន លើកឡើងថា រាជធានី​បុរាណ​នេះ មិនសូវមាន​ភ្ញៀវទេសចរ​ស្គាល់​នោះទេ មានតែ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ចូលចិត្ត​ធ្វើដំណើរ​ផ្សងព្រេង​មួយចំនួន​ប៉ុណ្ណោះ ទើប​ធ្វើដំណើរ​មកដល់​កន្លែង​នេះ​។ បុរាណ​វិទូ​រូបនេះ អះអាងថា រាជធានី​បុរាណ​នេះ ជាទី​តាំង​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ប្រកាស​រាជ្យ ធ្វើជា​ស្ដេច​ចក្រវាល​។​


(រូបភាព រាជវាំង នៅលើ​ភ្នំ​គូលែន ដែល​សង់​មុន​ប្រាសាទអង្គរវត្ត ផ្តល់​ដោយ​លោក ងិន សារុន មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​តំបន់ភ្នំ​គូលែន ខេត្តសៀមរាប​)

​សូមបញ្ជាក់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​យាង​ទៅកាន់​ទីកន្លែង​នេះ ប្រហែល​នៅ​ចុង​សតវត្សរ​ទី​៨ ដើម្បី​ប្រារព្វ​ពិធី​ទេវរាជ និង​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ក្លាយទៅជា​ស្តេច​ចក្រវាល​។​

​សូម​រំឭកថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​


(រូបភាព រាជវាំង នៅលើ​ភ្នំ​គូលែន ដែល​សង់​មុន​ប្រាសាទអង្គរវត្ត ផ្តល់​ដោយ​លោក ងិន សារុន មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​តំបន់ភ្នំ​គូលែន ខេត្តសៀមរាប​)

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 


Tag:
 «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»
  ភ្នំ​គូលែន​
  សៀមរាប​
  រាជធានី​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com