ជាតិ
ប្រតិភូ​កម្ពុជា​១៤​រូប​ចូលរួម​ព្រឹត្តិការណ៍ រថភ្លើង​អាស៊ាន​-​កូរ៉េ ក្នុង​សប្តាហ៍​នេះ​
15, Oct 2019 , 2:19 pm        
រូបភាព
​សេ​អ៊ូ​ល​-​កូរ៉េ​៖ «​រថភ្លើង​អាស៊ាន​-​កូរ៉េ​៖ ឆ្ពោះទៅមុខ​ទាំងអស់គ្នា​» គឺជា​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ (Asean-Korea Center) និង​ក្រសួងការបរទេស​កូរ៉េ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី ១៩ ខែតុលា​នេះ​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​ទំនាក់ទំនង​កិច្ចសន្ទនា អាស៊ាន​-​កូរ៉េ និង​ផ្សព្វផ្សាយ​អំពី​ភាពជា​ដៃគូ និង​ភាពជោគជ័យ​នៃ​ការរៀបចំ​ជំនួប​កំពូល​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េ​។​



​ព្រឹត្តិការណ៍ «​រថភ្លើង​អាស៊ាន​-​កូរ៉េ​៖ ឆ្ពោះទៅមុខ​ទាំងអស់គ្នា​»​នេះ ប្រមូលផ្តុំ​មន្ត្រី​រដ្ឋាភិបាល  តំណាង​វិស័យ​ឯកជន និង​អ្នកសារព័ត៌មាន​សរុប​ជាង​២០០​នាក់​មកពី​ប្រទេស​សមាជិក​អាស៊ាន កូរ៉េ ចិន និង​ជប៉ុន​។​

​ពី​កម្ពុជា មាន​ប្រតិភូ​១៤​រូប​មកពី​ក្រសួង​វប្បធម៌ ក្រសួង​អប់រំ ក្រសួងការបរទេស ឯកអគ្គ​រា​ជ​ទូត​ប្រចាំ​ប្រទេស​កូរ៉េ សិល្បករ កីឡាការិនី និស្សិត និង​អ្នកកាសែត ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​ភាគច្រើន​ត្រូវ​ប្រព្រឹត្តទៅ​នៅលើ​រថភ្លើង​ដែល​ធ្វើដំណើរ​ចេញពី​ទីក្រុង​សេ​អ៊ូ​ល​ឆ្ពោះទៅ​ខេត្ត​នានា​នៃ​ប្រទេស​កូរ៉េ ជាពិសេស​គឺ​ទីក្រុង​ប៊ូសាន​។ ទីក្រុង​ប៊ូសាន គឺជា​ទីក្រុង​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ​នៃ​ទំនាក់ទំនង អាស៊ាន​-​កូរ៉េ ឆ្នាំ​២០១៩ នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

​សន្និសីទកាសែត​មួយ​នឹងត្រូវ​រៀបចំ​នៅក្នុង​ទីក្រុង​ប៊ូសាន​នៅក្នុង​ក្របខណ្ឌ​នៃ​ព្រឹត្តិការណ៍ រថភ្លើង​អាស៊ាន​-​កូរ៉េ នេះ ដោយមាន​វត្តមាន​អភិបាលក្រុង​ប៊ូសាន​លោក Oh Keo-don, អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​កូរ៉េ លោក Lee Hyuk និង ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា លោក U Thant Sin​។​

​សន្និសីទ​សារព័ត៌មាន​មាន​គោលដៅ​បង្ហាញ​អំពី​ទិដ្ឋភាព​រួម និង​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​រថភ្លើង​អាស៊ាន​កូរ៉េ​, បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​ប៊ូសាន និង​ចុងក្រោយ​គឺ​ដំណើរ​ការរៀបចំ​ជំនួប​កំពូល​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េ ២០១៩ ក្នុង​ខែវិច្ឆិកា​។​



​យោងតាម​ឯកសារ​ដែល​ផ្តល់ឱ្យ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​កូរ៉េ ភាគី​ទាំងពីរ​បានសម្រេច​លទ្ធផល​ជា វិជ្ជមាន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងទៅនេះ​។ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៨ ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន បាន​កើន​លើស​១០​លាន​នាក់​។​

​នៅក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​វិញ បើតាម​ឯកសារ​ដដែល អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​កូរ៉េ ដោយមាន​តម្លៃ​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ១៥០ ប៊ី​លាន​ដុល្លារ​។ ទន្ទឹមគ្នានេះ​ផងដែរ អាស៊ាន​ក៏បាន​ក្លាយជា​គោលដៅ​វិនិយោគ​ធំជាងគេ​ទី​៤​របស់​ក្រុមហ៊ុន​កូរ៉េ​ផងដែរ​។​

​កូរ៉េ​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​សម្រាប់​៣០​ឆ្នាំ​ទៅមុខទៀត​ដោយមាន​សសរស្តម្ភ​៣ (3P: People, prosperity and Peace)៖ ប្រជាជន វិបុលភាព និង​សន្តិ​ភា​៕




Tag:
 Asean-korea train
© រក្សាសិទ្ធិដោយ thmeythmey.com