FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ កូរ៉េខាងជើង ទទួលភ្ញៀវ​កូរ៉េខាងត្បូង​ដែល​គ្មាន​អ្នកគាំទ្រ​
15, Oct 2019 , 3:10 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង ត្រូវ​ទទួល​ស្វាគមន៍​បងប្អូន​កូរ៉េខាងត្បូង​ក្នុងការ​ប្រកួត​ជម្រុះ World Cup 2022 ជុំ​ទី​ពីរ ពូ​ល H នៅ​ថ្ងៃទី​១៥ ខែតុលា វេលា​ម៉ោង ៣:៣០​នាទី​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​]​។ តាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ក្រុម​ទាំងពីរ​នឹង​តតាំង​គ្នា​ដោយ​គ្មាន​អ្នកគាំទ្រ​កូរ៉េខាងត្បូង​ឡើយ នា​កីឡដ្ឋាន Kim Il-Sung ក្រុង​ព្យុងយ៉ាង​។​



​នេះ​នឹង​ក្លាយជា​ជំនួប​ដំបូង​ផងដែរ​រវាង​ក្រុម​បងប្អូន​កូរ៉េ​ទាំងពីរ​នៅលើ​ទឹកដី​កូរ៉េខាងជើង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​ចុងក្រោយ​។ កូរ៉េ​ទាំងពីរ​សុទ្ធតែ​បង្ហាញខ្លួន​បានល្អ​ដោយ​រកបាន​៦​ពិន្ទុ ក្រោយ​ប្រកួត​ឈ្នះ​ទាំង​២​លើក​រៀងខ្លួន ក្នុងនោះ​កូរ៉េខាងជើង​ឈ្នះ​លី​បង់ ២-០ នៅ​ជំនួប​បើកឆាក និង​ឈ្នះ​ស្រីលង្កា ១-០ នៅ​ជំនួប​ទី​២​។

​ចំណែក​កូរ៉េខាងត្បូង ឈ្នះ​តួ​ក​ម៉េ​នី​ស្ថាន ២-០ និង​ស៊ី​ស្រីលង្កា​ដល់​ទៅ ៨-០​។ កូរ៉េខាងត្បូង ឈរ​កំពូល​តារាង​ពូ​ល H ព្រោះ​មាន​គ្រាប់​ស៊ុត​ច្រើនជាង​កូរ៉េខាងជើង​ដែល​ស្ថិតនៅ​លេខ​រៀង​ទី​២​។

​កូរ៉េខាងជើង និង​ខាងត្បូង​ជួបគ្នា​លើកចុងក្រោយ​ក្នុង​វគ្គ​ជម្រុះ FIFA World Cup នៅ​អាហ្វ្រិក​ខាងត្បូង​ឆ្នាំ ២០១០ ប៉ុន្តែ​ធ្វើឡើង​ក្នុង​ទឹកដី​កណ្តាល​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​ទាំងពីរ​ជួបគ្នា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ក្រុង​ព្យុងយ៉ាង​នៅ​ឆ្នាំ​១៩៩០​។​

​ដោយឡែក​ការប្រកួត​ក្នុង​ពូ​ល H មួយទៀត ស្រីលង្កា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​ទទួល​លី​បង់​នៅ​កូឡុំបូ នៅថ្ងៃនេះ​ដែរ វេលា​ម៉ោង ៩:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ ស្រីលង្កា​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ រីឯ​លី​បង់​នៅ​ចំណាត់ថ្នាក់​ទី​៤ មាន​៣​ពិន្ទុ​៕

Tag:
 World Cup
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com