ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សង្ឃឹមថា ប្រទេស​នៅ​អឺរ៉ុប នឹង​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​
15, Oct 2019 , 7:19 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង​នាយករដ្ឋមន្រ្តីឆែក
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង​នាយករដ្ឋមន្រ្តីឆែក
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា បណ្តា​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប នឹង​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ពី​ក្តី​រំពឹង​នេះ នៅក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​។



​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​លើកឡើងថា​៖«​ក្នុង​បរិបទ​កម្ពុជា​និង​សហភាព​អឺរ៉ុប ខ្ញុំ​សង្ឃឹមថា​ប្រទេស​ឆែក​ដែលជា​មិត្ត​ចាស់​និង​ជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា នឹង​បន្ត​គាំទ្រ​កម្ពុជា ដើម្បី​ធានាថា ដំណើរ​កម្ពុជា ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព​និង​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បន្ត​ទៅមុខទៀត​ដោយ​គ្មាន​ការរាំងស្ទះ​។ ប្រមុខ​រដ្ឋាភិបាល បន្តថា​៖«​ខ្ញុំ សូម​អរគុណ​ឆែក ដែល​បាន​អះអាង​ជាថ្មី​នូវ​ជំហរ​គាំទ្រ​កម្ពុជា​ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប​»​។

​គណៈប្រតិភូ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​៣ ក្នុង​តំបន់​អឺរ៉ុប គឺ ឆែក ហុង​គ្រី និង ប៊ុលហ្គារី​។ ដំណើរ​ទស្សនកិច្ច​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែតុលា​។

​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បានចាប់ផ្តើម​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ ស្តីពី​នីតិវិធី​នៃ​ការ​ឈានទៅ​ដក EBA ជា​បណ្តោះអាសន្ន​នៅ​កម្ពុជា ដោយ​មកដល់ពេលនេះ វា មាន​រយៈពេល​ប្រមាណ​៨​ខែ​ហើយ​។ សហភាព​អឺរ៉ុប ត្រូវការ​ពេលវេលា​សរុប​១៨​ខែ ដើម្បី​សម្រេច​ថា ដក EBA ពី​កម្ពុជា ឬក៏​មិន​ដក​៕


Tag:
 ហ៊ុន សែន​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com