អន្តរជាតិ
រុស្ស៊ី ចែចង់​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​កំពុង​ស្អិតល្មួត​ជាមួយ​អ៊ីរ៉ង់
15, Oct 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៤ ខែតុលា បានធ្វើ​ទស្សនកិច្ច​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​លើក​ទី​២ ក្នុង​គោលបំណង​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រេង និង​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​។  ភាព​តានតឹង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីរ៉ង់ ក៏​ជា​របៀបវារៈ​សំខាន់​ដែរ ដោយ​លោក ពូ​ទីន ចង់​ដើរតួ​ជា​អ្នកសម្របសម្រួល​ដើម្បី​បញ្ចប់​បញ្ហា​។



​ក្បួន​គណៈប្រតិភូ​ហែហម អម​ជាមួយ​រថយន្ត​សេរី​ទំនើប បាន​នាំ​ដំណើរ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅ​ជួប​ជាមួយ​ស្តេច សាល​ម៉ាន នា​ព្រះរាជវាំង​ទីក្រុង​រី​យ៉ា​ដ​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រមុខ​ដឹកនាំ​កំពូល​រុស្ស៊ី​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់តាំងពី​ឆ្នាំ ២០០៧​មក​។ អម​ជាមួយ​សំឡេង​ត្រែ​ប្រគំ​ដោយ​ក្រុម​យោធា លោក ពូ​ទីន ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​មន្ត្រីជាន់ខ្ពស់​អា​រ៉ា​ប៊ី​សា​អូឌីត មុន​មាន​ជំនួប​ផ្លូវការ​ជាមួយ​ស្តេច សាល​ម៉ាន ។

​ការ​រឹតបន្តឹង​ចំណងមិត្តភាព សេដ្ឋកិច្ច ពិភាក្សា​បញ្ហា​តំបន់ និង​ប្រឆាំងនឹង​ភេរវកម្ម គឺជា​កម្មវត្ថុ​ចំបង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ពូ​ទីន​លើក​នេះ​។ ជាក់ស្តែង​ថ្មីៗ​កន្លងមកនេះ រុស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សហការគ្នា រក្សា​សង្វាក់​ផ្គត់ផ្គង់​ឲ្យ​នៅ​ទាប ដើម្បី​កំណត់​តម្លៃ​ប្រេង​ឲ្យ​នៅ​ខ្ពស់​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូ​ទីន លើក​នេះ រុស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ចំនួន ២០​កិច្ចព្រមព្រៀង ដែល​ទាក់ទង​ទៅនឹង​បញ្ញា​សិប្ប​និ​ម្ម​ត វិស័យ​ថាមពល ការដឹកជញ្ជូន និង​សារ​ធាតុគីមី​បានមកពី​ប្រេង​ជាដើម​។ បន្ថែម​ពីលើ​នេះ ភាគី​ទាំងពីរ បាន​ពិភាក្សា​ពី​បញ្ហា​សង្គ្រាម​នៅក្នុង​ស៊ី​រី​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ឆ្លង​ព្រំដែន​ពី​សំណាក់​តួ​ក​គី និង​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​យេ​ម៉ែន ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បានចាប់ផ្តើម​វាយប្រហារ​ប្រឆាំងនឹង​ក្រុម​ហ៊ូ​ធី​តាំងពី​ឆ្នាំ ២០១៥​មក​ម្លេះ​។

​អស់ពី​បញ្ហា​សេដ្ឋកិច្ច និង​ជម្លោះ​ក្នុង​តំបន់ ដល់​វេលា​ត្រូវ​ជជែក​រឿង​បញ្ហា​ភេ​វក​ម្ម​វី​ញ​ម្តង​។ ជាការ​ពិត បញ្ហា​ភេ​វ​កម្ម​នៅតែ​សំខាន់ និង​មិនអាច​បំភ្លេចបាន​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Aljazeera ស្តេច​សាល​មាន​ក្នុង​ព្រះជន្ម ៨៣​ព្រះវស្សា​រូបនេះ  មាន​ព្រះរាជបន្ទូល​ថា អា​រ៉ា​ប៊ី​សា​អូឌីត នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​និយម​។ ក្នុងន័យនេះ ទីក្រុង​រី​យ៉ា​ដ​ទំនងជា​ចង់​លើកឡើងថា រ​ស្ស៊ី​ក៏មាន​តួនាទី​សំខាន់​មួយ​ដែរ​ទាក់ទិន​នឹង​សន្តិសុខ​នៅក្នុង​តំបន់ បន្ទាប់ពី​អាមេរិក​។

​កន្លងមក​រុស្ស៊ី ធ្លាប់​ស្នើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ម្តង​ហើយ បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​ពី​សំណាក់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​កាលពី​ថ្ងៃទី ១៤ ខែកញ្ញា​។ ភាពចម្រូងចម្រាស់​នេះ ទីក្រុង​វ៉ាស៊ីនតោន ក៏ដូចជា​ទីក្រុង​រី​យ៉ា​ដ បាន​ចោទ​ទីក្រុង​តេ​ហេ​រ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការបង្ក​បញ្ហា​នេះ ប៉ុន្តែ​ត្រូវបាន​អ៊ីរ៉ង​បដិសេដ​៕


Tag:
 រុស្ស៊ី​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com