អន្តរជាតិ
អាមេរិកនិងចិន ជួបគ្នាម្ដងទៀត មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយក្នុងខែវិច្ឆិកា
× រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin នៅថ្ងៃទី១៤ ខែតុលា ថា កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក ចិន នឹងកើតមានម្តងទៀតនៅសប្តាហ៍ក្រោយ ខណៈពេលភាគីទាំងពីរ មានបំណងបញ្ចប់កិច្ចព្រមព្រៀងដំណាក់ទីមួយ នៅវេទិកាមេដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែវិច្ឆិកាខាងមុខ។
បន្ទាប់ពីជំនួបថ្នាក់ខ្ពស់អាមេរិក និងចិន ទទួលបានផ្លែផ្កានាពេលកន្លងមក ឥឡូវដល់វេនកិច្ចចរចាថ្នាក់អនុរដ្ឋមន្ត្រីម្តង។ ជំនួបខាងលើ គ្រោងនឹងជជែកពិភាក្សាតាមទូរសព្ទក្នុងសប្តាហ៍នេះ ហើយនឹងមានការជួបចរចាគ្នាដោយផ្ទាល់នៅជំហានបន្ទាប់។ ចំណែកជំនួបចរចាថ្នាក់ជាន់ខ្ពស់រវាងរដ្ឋមន្ត្រីរតនាគារ Steven Mnuchin និងអ្នកតំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer ជាមួយឧបនាយករដ្ឋមន្ត្រីចិន លីវ ហឺ (Liu He) វិញម្តង គឺគ្រោងនឹងជជែកគ្នាតាមទូរសព្ទនៅសប្តាហ៍ក្រោយ។ នេះបើតាមកិច្ចសម្ពាសន៍របស់លោក Mnuchin ជាមួយសារព័ត៌មាន CNBC។
គោលបំណងនៃជំនួបទាំងពីរខាងលើ គឺធ្វើឡើង ដើម្បីរៀបចំពិធីសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជិនភីង ចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ នៅឯកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នាប្រទេសស៊ីលី ក្នុងខែវិច្ឆិកាខាងមុខនេះ។
កិច្ចព្រមព្រៀងរវាងចិន និងអាមេរិក បានសម្រេចឡើងតាមការរំពឹងទុករបស់ភាគីទាំងពីរ។ ជាក់ស្តែងប្រធានាធិបតីអាមេរិក ត្រាំ បានលើកឡើងបន្ទាប់ពីជំនួបជាន់ខ្ពស់នាថ្ងៃទី១១ ខែតុលាថា កិច្ចព្រមព្រៀងដំណាក់កាលទីមួយ គឺទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ ការអះអាងបែបនេះ គឺបន្ទាប់ពីភាគីចិនយល់ព្រមទិញផលិតផលកសិកម្មអាមេរិកច្រើនជាងមុន ហើយអាមេរិកយល់ព្រមផ្អាកការដំឡើងពន្ធលើទំនិញចិន ៥ភាគរយបន្ថែមទៀតនៅថ្ងៃទី១៥ ខែតុលា។
ចំណែកទីភ្នាក់ងារព័ត៌មានចិន Xinhua ក៏បានបញ្ជាក់ដូចទៅនឹងការលើកឡើងរបស់ត្រាំដែរថា ជំនួបចរចាកន្លងមកគឺជា «នីតិវិធីដ៏សំខាន់» ក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល១៥ខែកន្លងមកនេះ។
សូមបញ្ជាក់ថា ជំនួបចរចារវាងអាមេរិក និងចិនក្នុងជុំទី១៣ បានទទួលផ្លែផ្កាគួរឲ្យកត់សម្គាល់ បន្ទាប់ពីភាគីទាំងពីរបានឯកភាពជាមួយគ្នាជាច្រើនចំណុច។ ក្នុងនោះភាគីចិនយល់ព្រមទិញ ផលិតផលកសិកម្មអាមេរិកពី ៤០ពាន់លានដុល្លារ ដល់៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com