ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​៖ ទ័ព​មិនអាច​អត់ឱន​ឲ្យ​ក្រុម​លោក សម រង្ស៊ី ឡើយ​
15, Oct 2019 , 9:19 pm        
រូបភាព
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រកាសថា កងយោធពល​ខេមរភូមិន្ទ មិនអាច​អត់ឱន​ឲ្យ​បានឡើយ ចំពោះ​លោក សម រង្ស៊ី និង បក្សពួក ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។
​តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២0១៩ អ្នក​នាំពា​ក្រសួងការពារជាតិ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្នុង​បរិបទ​នេះ កងយោធពល​ខេមរភូមិន្ទ ត្រូវមាន​កាតព្វកិច្ច​ពេញលេញ ដើម្បី​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់​ទម្រង់​ទាំងអស់​»​។



​ការចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​របស់​អ្នកនាំពាក្យ​នាពេលនេះ គឺធ្វើឡើង​ក្រោយ​សម្តេច ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដាក់​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ចាត់វិធានការ​លើ​លោក សម រង្ស៊ី និង បក្សពួក ពេល​ពួកគេ មកដល់​កម្ពុជា ហើយក៏​ត្រូវ​បង្ក្រាប​ចលនា​របស់លោក នៅក្នុង​ស្រុក​ផងដែរ​។ 

​ក្នុង​ពិធី​រម្លឹក​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​កងពលតូច​លេខ​៧0 ដែល​ប្រារព្ធ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២0១៩ រដ្ឋមន្ត្រី​ការពារជាតិ បង្គាប់​ឲ្យ​បណ្តា​អង្គភាព​យោធា សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​តាម​មូលដ្ឋាន ដើម្បី​ចាប់​វិធានការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។

​ខណៈ​គម្រោង​វិលត្រឡប់​របស់លោក សម រង្ស៊ី កាន់តែ​ខិតជិត​មកដល់ ស្ទើរតែ​រាល់ថ្ងៃ ដែល​សកម្មជន​និង​មន្ត្រី​របស់លោក​ក្នុងស្រុក បាន​រង​ការចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ (​ការចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​)​។ ចំណែក​ខ្លួន​លោក​ផ្ទាល់ និង​បក្សពួក​៨​នាក់​ទៀត រង​ពីបទ​ឧបឃាត (​ការរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​)​។
​គេ កំពុង​រង់ចាំ​មើលថា​តើ​លោក សម រង្ស៊ី ហ៊ាន​មក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៩ ពិត​មែនឬ​មិន​ហ៊ាន​៕


Tag:
 ក្រសួងការពារជាតិ​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com