ជាតិ
ព្រះមហាក្សត្រ
៧ឆ្នាំផុតទៅ តែសម្តេចព្រះវររាជបិតាបន្តនិត្យនៅក្នុងបេះដូងរាស្ត្រខ្មែររៀងរហូត!
× ១៥ តុលា ឆ្នាំ២០១២ ជាថ្ងៃដ៏សោកសង្រែងរបស់រាស្ត្រខ្មែរ ក្រោយដំណឹងនៃការសោយព្រះទិវង្គត ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះជន្ម៨៩ព្រះវស្សា។ តាមរយៈស្នាព្រះហស្ត ព្រះរាជបណ្តាំ និងព្រះទ័យយកចិត្តទុករបស់ព្រះអង្គ ធ្វើឲ្យប្រជារាស្ត្រនៅតែចងចាំ និងនឹកដល់ព្រះវររាជបិតាជានិច្ច។
នាឱកាសខួប៧ឆ្នាំ នៃការគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ សារព័ត៌មាន ThmeyThmey សូមដកស្រង់ការបញ្ចេញមតិយោបល់មួយចំនួនរបស់ប្រជារាស្ត្រខ្មែរដែលមានការនឹករលឹកយ៉ាងខ្លាំងដល់សម្តេចព្រះវររាជបិតា។
«ខ្ញុំស្តាប់ហើយ...នឹកស្រណោះសម្តេចតាណាស់...ទឹកភ្នែកស្រក់មិនដឹងខ្លួន»។ នេះជាសំណេរដែលចេញពីបេះដូងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Winner ក្រោយបានមើលឃើញឃ្លីបចម្រៀង «លាហើយកម្ពុជា» ដែលជាព្រះសូរ្យសៀងរបស់សម្តេចព្រះវររាជបិតាផ្ទាល់។
ខណៈដែលរាជធានីភ្នំពេញនឹងរៀបចំពិធីបុណ្យអុំទូកនាពេលខាងមុខ លោក សុផា នឹកអង្គសម្តេចឪយ៉ាងខ្លាំង។ លោកបានសរសេរថា៖ «ជិតដល់បុណ្យអ៊ុំទូកហើយ ខ្ញុំនឹកសម្ដេចតាណាស់»។ តាមរយៈសំណេរខ្លីមួយនេះ យើងអាចដឹងបានថា លោក សុផា ជាអ្នកដែលតែងតែតាមដានពិធីបុណ្យអុំទូក ទាំងការចូលរួមដោយផ្ទាល់ និងតាមទូរទស្សន៍ ជាពិសេសនៅដែលព្រះមហាក្សត្រ បង្ហាញព្រះភ័ក្ត្រនៅមុខទន្លេចតុមុខ ផ្តល់កម្លាំងដល់កីឡាករ និងប្រជារាស្ត្រទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។
ព្រះរាជបូនីយកិច្ចទាមទារឯករាជ្យពីបារាំង និងព្រះរាជបណ្តាំស្តីពីការបង្រួបបង្រួមជាតិ គឺគុណតម្លៃដែលមិនអាចបំភ្លេចបានសម្រាប់ប្រជារាស្ត្រខ្មែរ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចាន់រឿន បានសរសេរយ៉ាងខ្លីថា ចំពោះស្នាព្រះហស្ត និងព្រះរាជបណ្តាំរបស់ព្រះបរមរតនកោដ្ឋ កូនចៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាននោះឡើយ។
អារម្មណ៍មិនខុសគ្នានោះឡើយ ស្រីមុំ ទទួលស្គាល់ថា ព្រះមហាវីរក្សត្រសោយព្រះទិវង្គតអស់៧ឆ្នាំទៅហើយ ប៉ុន្តែការនឹករលឹកមិនអាចរសាយផុតនោះឡើយ។ រីឯលោក សុធារ៉ា បានបង្ហាញពីមោទកភាពរបស់ខ្លួន ដែលបានកើតមកជាជនជាតិខ្មែរ និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាវីរក្សត្រ។
«ខ្ញុំព្រះករុណាពិតជា នឹកដល់ស្នាមញញឹមរបស់ព្រះវររាជបិតាខ្លាំងណាស់។ ទោះបីជាខ្ញុំមិនដែលជួបព្រះភ័ក្ត្រទ្រង់ដោយផ្ទាល់ក៏ដោយ ប៉ុន្តែស្នាមញញឹមទ្រង់ដែលខ្ញុំបានឃើញតាមកញ្ចក់ទូរទស្សន៍នានា ខ្ញុំពិតជាស្រណោះខ្លាំង និងមហាសោកស្តាយនៅពេលព្រះអង្គបានឃ្លាតឆ្ងាយពីយើង»។ នេះជាសំណេររបស់លោក បញ្ញា អមជាមួយរូបភាពនៃការរំលឹកព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះមហាវីរក្សត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com