កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ យក​ក្រុង​ប៉ា​តា​យ៉ា​ដាក់​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​យុវជន​ឆ្នាំ ២០២៦
15, Oct 2019 , 9:39 pm        
រូបភាព
​ក្រុង​ប៉ា​តា​យ៉ា ដែល​ស្ថិត​ក្នុងប្រទេស​ថៃ នឹង​ប្រជែង​ជាមួយ​ក្រុង Mumbai របស់​ឥណ្ឌា និង​ក្រុង​ម៉ា​ណាហ្គា រដ្ឋធានី​របស់​ប្រទេស​នី​កា​រ៉ា​ហ្គា សម្រាប់​ការដេញថ្លៃ​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​ឆ្នាំ ២០២៦ (Youth Olympic Games 2026)​។​



​អភិបាលក្រុង ប៉ា​តា​យ៉ា លោក Sonthaya Khunpluem លើកឡើងថា គោលដៅ​នៃ​ការដេញថ្លៃ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ទីក្រុង​ឆ្នេរ​នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ ដែលជា​ទីក្រុង​កីឡា​មួយ​ដ៏​ស្រស់ស្អាត​។​

​លោក​អះអាង​ទៀតថា ក្រសួងទេសចរណ៍​និង កីឡា រួមជាមួយ​អាជ្ញាធរ​កីឡា​ថៃ​បាន​យល់​ព្រមយក​ក្រុង​ទេសចរណ៍​មាត់សមុទ្រ​មួយ​នេះ ដើម្បី​រៀប​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន ដោយបាន​ដាក់​ឯកសារ​ដេញថ្លៃ​ទៅកាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) រួចហើយ​។​

«​យើង​កំពុង​ចាប់ផ្តើម​អភិវឌ្ឍន៍​ទីក្រុង​មួយ​នេះ​ដើម្បី​បំពេញ​តាម​តម្រូវការ​ពាក់ព័ន្ធ ខណៈ​យើង​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការដេញថ្លៃ​»​។ លោក Sonthaya និយាយ​បែបនេះ ហើយ​លោក​បន្ថែមថា ប៉ា​តា​យ៉ា​មាន​សក្តានុពល​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​បែបនេះ​ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន រួមទាំង​សេដ្ឋកិច្ច និង​ការពង្រីក​អាកាសយានដ្ឋាន​រួមទាំង​រថភ្លើង​ល្បឿន​លឿន​។​

​ពហុកីឡាដ្ឋាន​កីឡា​នៅ​ក្រុង​ប៉ា​តា​យ៉ា និង​ខេត្ត​ឆុន​បូរី រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡា​ជាតិ និង​ពហុ​កីឡដ្ឋាន​របស់​សាកលវិទ្យាល័យ​ជាតិ​កីឡា​ថៃ​ត្រូវបាន​បំពាក់​ដោយ​បរិក្ខារ​ស្តង់ដារ​សម្រាប់​រៀបចំ​កីឡា​អូឡាំពិក​យុវជន​ឆ្នាំ​២០១៦​នេះ​។​

​យ៉ាងណាក៏ដោយ ថៃ​ត្រូវ​ប្រជែង​ជាមួយ​ប្រទេស​ពីរ​ផ្សេងទៀត រួមមាន ឥណ្ឌា និង នី​កា​រ៉ា​ហ្គា ដែល​ប្រើប្រាស់​ទីក្រុង​របស់​ពួកគេ​ដាក់​ដេញថ្លៃ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​នេះ​ផងដែរ​។​
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន​ដែល​រៀបចំឡើង​៤​ឆ្នាំ​ម្តងនេះ នឹងធ្វើ​នៅ​ទឹកដី​អាហ្វ្រិក នា​ក្រុង​ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់​នៅ​ឆ្នាំ​២០២២ ខណៈដែល​ឆ្នាំ​២០១៨ បានធ្វើ​ឡើង​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទីន​៕

Tag:
 កីឡា​អូឡាំពិក​យុវជន​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com