កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ យកក្រុងប៉ាតាយ៉ាដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនឆ្នាំ ២០២៦
× ក្រុងប៉ាតាយ៉ា ដែលស្ថិតក្នុងប្រទេសថៃ នឹងប្រជែងជាមួយក្រុង Mumbai របស់ឥណ្ឌា និងក្រុងម៉ាណាហ្គា រដ្ឋធានីរបស់ប្រទេសនីការ៉ាហ្គា សម្រាប់ការដេញថ្លៃទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជនឆ្នាំ ២០២៦ (Youth Olympic Games 2026)។
អភិបាលក្រុង ប៉ាតាយ៉ា លោក Sonthaya Khunpluem លើកឡើងថា គោលដៅនៃការដេញថ្លៃនេះគឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ទីក្រុងឆ្នេរនៅភាគខាងកើតប្រទេសថៃ ដែលជាទីក្រុងកីឡាមួយដ៏ស្រស់ស្អាត។
លោកអះអាងទៀតថា ក្រសួងទេសចរណ៍និង កីឡា រួមជាមួយអាជ្ញាធរកីឡាថៃបានយល់ព្រមយកក្រុងទេសចរណ៍មាត់សមុទ្រមួយនេះ ដើម្បីរៀបព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន ដោយបានដាក់ឯកសារដេញថ្លៃទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រួចហើយ។
«យើងកំពុងចាប់ផ្តើមអភិវឌ្ឍន៍ទីក្រុងមួយនេះដើម្បីបំពេញតាមតម្រូវការពាក់ព័ន្ធ ខណៈយើងកំពុងរង់ចាំលទ្ធផលនៃការដេញថ្លៃ»។ លោក Sonthaya និយាយបែបនេះ ហើយលោកបន្ថែមថា ប៉ាតាយ៉ាមានសក្តានុពលក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិបែបនេះដោយសារតែហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងសេដ្ឋកិច្ច និងការពង្រីកអាកាសយានដ្ឋានរួមទាំងរថភ្លើងល្បឿនលឿន។
ពហុកីឡាដ្ឋានកីឡានៅក្រុងប៉ាតាយ៉ា និងខេត្តឆុនបូរី រួមបញ្ចូលទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិ និងពហុកីឡដ្ឋានរបស់សាកលវិទ្យាល័យជាតិកីឡាថៃត្រូវបានបំពាក់ដោយបរិក្ខារស្តង់ដារសម្រាប់រៀបចំកីឡាអូឡាំពិកយុវជនឆ្នាំ២០១៦នេះ។
យ៉ាងណាក៏ដោយ ថៃត្រូវប្រជែងជាមួយប្រទេសពីរផ្សេងទៀត រួមមាន ឥណ្ឌា និង នីការ៉ាហ្គា ដែលប្រើប្រាស់ទីក្រុងរបស់ពួកគេដាក់ដេញថ្លៃប្រជែងធ្វើម្ចាស់ផ្ទះកីឡានេះផងដែរ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនដែលរៀបចំឡើង៤ឆ្នាំម្តងនេះ នឹងធ្វើនៅទឹកដីអាហ្វ្រិក នាក្រុងដាកា ប្រទេសសេណេហ្គាល់នៅឆ្នាំ២០២២ ខណៈដែលឆ្នាំ២០១៨ បានធ្វើឡើងនៅក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន៕
Tag:
កីឡាអូឡាំពិកយុវជន
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com