ខុន ស៊ី​ចាន់ ទទួលស្គាល់​ចំណុចខ្សោយ​ខ្លួន មុន​ឡើង​សង្វៀន ONE ជាថ្មី​នៅ​ហ្វីលីពីន​
ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ ទទួលស្គាល់​ចំណុចខ្សោយ​ខ្លួន មុន​ឡើង​សង្វៀន ONE ជាថ្មី​នៅ​ហ្វីលីពីន​
16, Oct 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​១ ខុន ស៊ី​ចាន់ ដែលជា​កីឡាករ​ប្រដាល់​មកពី​ក្លិប​អប់រំ​កាយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានទទួល​ស្គាល់​ចំ​ណុ​ត​ខ្សោយ​ខាង​ក្បាច់​ចាប់ វ៉ៃ​ជំហរ​ដេក និង ឃ្លេ នាពេល​កន្លងមក​ពេល​ប្រកួត​នៅ​សង្វៀន ONE Championship​។ យ៉ាងណា ស៊ី​ចាន់​ព្យាយាម​ហ្វឹកហាត់​រាល​ចំណុច​ខ្វះខាត​ឲ្យ​ប្រសើរ​ឡើងវិញ​។



​ស៊ី​ចាន់ ដែល​កំពុង​ហ្វឹកហាត់​រាល់ថ្ងៃ​ជាមួយ​គ្រូបង្វឹក Fernando Salvador កម្រិត​ខ្សែក្រវាត់​ខ្មៅ​៣​ផ្នែក​ជី​ជិត​ស៊ូ ត្រូវ​ប៉ះ​អ្នកលេង​គុន​ចម្រុះ​ជនជាតិ​ឥណ្ឌា Roshan Mainam នៅ​សង្វៀន ONE: MASTERS OF FATE នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ ៨ ខែ វិច្ឆិកា ខាងមុខ​។
https://www.onefc.com/videos/khon-sichan-vs-riski-umar/

​ខុន ស៊ី​ចាន់ ដែល​ចាប់ផ្ដើម​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ ២០១៣​មក​នោះបាន​ថ្លែងថា​៖«​ខ្ញុំ​ត្រូវបំពេញ​ចន្លោះប្រហោង​ក្បាច់​វ៉ៃ​ដេក ព្រោះ​កាល​ខ្ញុំ​ចាញ់ Rudy Agustian នា​ខែ កុម្ភៈ គឺ រើ​អត់​រួច​តែម្ដង និង​ដោះ​មិន​ចេញ​។ ខ្ញុំ​បុក​ហ្វឹកហាត់​ក្បាច់​ការពារ​ជំហរ​ដេក​ផង និង ជំហរ​ប្រយុទ្ធ​ផង​។ ហើយ​ខ្ញុំ​អាច​វាយបក​បញ្ចប់​គូប្រកួត​ក្នុង​ជំហរ​ដេក​បើ​មានឱកាស​។ ខ្ញុំ​គិតថា​ការ​វ៉ៃ​ពីលើ​របស់ខ្ញុំ​ល្អ​ជាង​មុន ហើយ​ការការពារ​ក៏​គ្រាន់បើ​មិន​ងាយ​ចូល​ឃ្លេ​ទៀត​ទេ​»​។



​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​ឆ្នាំ​២០១៣​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​រូបនេះ​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship បាន​ចំនួន ៣ ដង​មិន​គិត​អំពី​ការប្រកួត​គុន​ចម្រុះ​នៅក្នុង​ស្រុក​។ ការប្រកួត​ដំបូង ស៊ី​ចាន់ ចាញ់​មិត្ត​រួម​ជាតិ ស៊ឹម ប៊ុន​ស្រ៊ន់ ត្រឹម​ទឹក​ទី​១ ពេល​ស្ថាប័ន ONE រៀបចំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១៥, ឈ្នះ​ពិន្ទុ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar កាល​ខែ មីនា ឆ្នាំ ២០១៨ និង ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ត្រឹម​ទឹក​ទី​១ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩​។

​ក្រៅពី​ការហ្វឹកហាត់​ត្រៀម​ខាង​ក្បាច់គុន​ចម្រុះ​ដូចជា​ចូលចាប់ ដោះ​ឃ្លេ និង ឃ្លេ​បញ្ចប់​គូប្រកួត កីឡាករ​ជើងចាស់​វ័យ ៣១ ឆ្នាំ​ដដែល​នេះ ក៏​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​រៀងរាល់​ព្រឹក​នៅ​ក្លិប ក្លិប​ពុទ្ធ​សេរី​វង្ស​ឯ​ចំការ​ដូង​មុន​ចាប់ផ្ដើម​ហាត់គុន​ចម្រុះ​នាពេល​រសៀល​។ កីឡាករ​មកពី​ស្រុក​អន្លង់វែង​គូសបញ្ជាក់ថា ៖«​ព្រឹកៗ​ខ្ញុំ​រត់​ជាប្រចាំ និង ហាត់គុន​ខ្មែរ​ជាមួយ​មិត្តៗ ហើយ ឡាំ​គ្នា​ហូរហែ​នៅ​ក្លិប ក្លិប​ពុទ្ធ​សេរី​វង្ស ដើម្បី​ប្រកួត​ឲ្យ​ល្អ​ពេល​ប៉ះ​កីឡាករ​ឥណ្ឌា​ដែល​ល្បី​ថា​ពូកែ​ចំបាប់​»​។



​កីឡាករ​ដែល​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE ជឿជាក់ថា​៖«​ខ្ញុំ​នឹងធ្វើ​បានល្អ​មិន​ដូច​មុន​ទេ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​ល្អ ខ្ញុំ​បាន​ហ្វឹក​ហាត់គុន​ខ្មែរ​ផង​, ហាត់​នៅ​ក្លិប Prodal ដែលមាន​សម្ភារ​ហ្វឹកហាត់​ទំនើប និង ហាត់​នៅ The Place Gym ឯ AEON ផង​»​។

​គួរ​ដឹងថា ខុន ស៊ី​ចាន់ ជា​កូនសិស្ស​របស់លោក Alan Mccune នៃ​ក្លិប Phnom Penh MMA ។ ដោយសារ​លោក Alan ទើប​ជាសះស្បើយ​ពី​ជំងឺ​ទឹក​ចូល​សួត ប៉ុន្តែ មិនទាន់​បង្ហាត់​បាន  ខុន ស៊ី​ចាន់ បានមក​ហ្វឹកហាត់​ត្រៀម​ក្រោម​ការ​បង្វឹក​របស់លោក  Fernando Salvador គ្រូបង្វឹក​សញ្ជាតិ​អាមេរិក​ជំនាញ​ជី​ជិត​ស៊ូ និង គុន​ចម្រុះ​ជំនួស​វិញ​។
https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com