«​ទីផ្សារ​បន្លែ​សរីរាង្គ​»​ចាំតែ​ស្វាគមន៍​កសិករ​ស្រុក​ស្អាង សៀង លី​គាង ក្នុងតម្លៃ​ទ្វេដង​ពី​បន្លែ​គីមី​
ជាតិ
សុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​ទីផ្សារ​បន្លែ​សរីរាង្គ​»​ចាំតែ​ស្វាគមន៍​កសិករ​ស្រុក​ស្អាង សៀង លី​គាង ក្នុងតម្លៃ​ទ្វេដង​ពី​បន្លែ​គីមី​
16, Oct 2019 , 9:23 am        
រូបភាព
​កណ្តាល​៖ រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដែល​អ្នកស្រី សៀង លី​គាង ងាក​មក​ដាំ​បន្លែ​សរីរាង្គ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ផ្សារ​ទំនើបៗ នៅ​រាជធានី​ភ្នំពេញ​។ ម្ចាស់​ចម្ការ​ដើម​ខាត់ណា រូបនេះ បានបញ្ជាក់​ដូច្នេះ​៖«​ដាំ​បន្លែ​សរីរាង្គ​មិន​ពិបាក​លក់​ទេ ឲ្យ​តែ​យើង​ថែទាំ​បានល្អ គឺ​ទីផ្សារ​ចាំតែ​ស្វាគមន៍​យើង​»​។ កសិករ​វ័យ​៤៩​ឆ្នាំ សៀង លី​គាង អះអាងថា ការដាំ​បន្លែ​សរីរាង្គ គឺ​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​ដាំ​បន្លែ​គីមី ហើយ​ថែមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដាំ​និង​អ្នក​បរិភោគ​ទៀតផង​។

 
 
​សូម​ទស្សនា​វីដេអូ​សម្ភាស​ខ្លី​រវាង​កញ្ញា សាម ស្រី​ណុ​ច អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី សៀង លី​គាង អ្នក​ដាំ​បន្លែ​សរីរាង្គ​នៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ដូចតទៅ​៖
 
 
​បើតាម​កសិករ​ស្រុក​ស្អាង រូបនេះ បន្លែ​ដើម​ខាត់ណា​សរីរាង្គ ដែល​អ្នកស្រី​កំពុង​ដាំ គឺ​មិន​ពិបាក​ដាំ​និង​ថែទាំ​, មិន​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​គីមី និង​មិន​ចំណាយ​ថ្លៃ​ជួល​កម្លាំង​ពលកម្ម​នោះទេ​។ ក្រៅពី​ដើម​ខាត់ណា អ្នកស្រី លី​គាង ក៏បាន​ដាំ​ស្ពៃ​តឿ​និង​ស្អៃ​ចង្កឹះ បន្ទាប់បន្សំ​ផងដែរ​។ អ្នកស្រី សៀង លី​គាង បាន​ឲ្យ​ដឹង​បន្ថែមថា តម្លៃ​ដើម​ខាត់ណា​ដែល​អ្នកស្រី​ធ្លាប់ប្រើ​ថ្នាំ​គីមី​ក្នុង​មួយ​គីឡូក្រាម​អាច​លក់បាន​ចន្លោះ​ពី​៤០០០​ទៅ​៥០០០​រៀល​។ ប៉ុន្តែ ដើម​ខាត់ណា​សរីរាង្គ​ដែល​អ្នកស្រី កំពុង​ដាំ​អាច​លក់បាន​៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
 
​បច្ចុប្បន្ន ស្រុក​ស្អាង មាន​កសិករ​៣០​គ្រួសារ ដាំ​បន្លែ​សរីរាង្គ និង​ប្រមាណ​៦០០​គ្រួសារ ដាំ​បន្លែ​សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ ដែលជា​អ្នកបញ្ជា​ទិញ​បន្លែ​ទាំងនេះ យកទៅលក់​បន្ត​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អ្នកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ ដែល​ធ្លាប់បាន​ប្រាប់ ThmeyThmey25 ។ អ្នកស្រី មានប្រសាសន៍ថា ក្រុម​អ្នក​ផលិត​បន្លែ​ទាំងនេះ​អាច​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ជិត​៣០០​គីឡូ​ក្រោម​ក្នុង​មួយថ្ងៃ​។​


(​អ្នកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ)
 
​ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​រូបនេះ ប្រាប់ ThmeyThmey25 បន្ថែម​ដូច្នេះ​ថា​៖«​តម្លៃ​បន្លែ​ទាំងនោះ​នៅលើ​ទីផ្សារ ដែល​ក្រុម​កសិករ​ទទួលបាន គឺ​ស្ថិតក្នុង​កិច្ចសន្យា​មួយ​ច្បាស់​រវាង​អ្នក​ផលិត​ជាមួយ​ទីផ្សារ​ដែល​គេ​ដឹង ស្គាល់ និង​ទុកចិត្តបាន​។  ដោយឡែក បន្លែ​គីមី​នៅលើ​ទីផ្សារ​គឺ​គ្មាន​លំនឹង​នោះទេ ថ្ងៃនេះ​លក់បាន​ថ្លៃ ស្អែក​ឡើង​គឺ​តម្លៃ ប្រាកដជា​ធ្លាក់ ដែល​ធ្វើឱ្យ​អ្នក​ផលិត​បន្លែ​តាម​មិនទាន់​ទីផ្សារ​បែបនេះ​។ បើ​បន្លែ​សរីរាង្គ​ដែល​កសិករ​បាន​ចុះ​កុងត្រា​ជាមួយ​ទីផ្សារ​តម្លៃ​៤០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ទោះ​បន្លែ​គេ​ដទៃ​ធ្លាក់​ថ្លៃ​នៅត្រឹម​៥០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ក៏​បន្លែ​សរីរាង្គ​នៅ​រក្សាបាន​តម្លៃ​៤០០០​រៀល​ដដែល​»៕

Tag:
 បន្លែ​
  សរីរាង្គ​
  គីមី​
  ស្អាង​
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com