ជាតិ
ហុង​គ្រី សន្យា​បន្ត​គាំទ្រ​កម្ពុជា លើ​បញ្ហា​EBA
16, Oct 2019 , 9:42 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ជេណូស អាឌឺ (Janos ADER) នៅប្រទេសហុងគ្រី នៅថ្ងៃទី១៥ តុលា ២០១៩
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ជេណូស អាឌឺ (Janos ADER) នៅប្រទេសហុងគ្រី នៅថ្ងៃទី១៥ តុលា ២០១៩
​ភ្នំពេញ​៖ ហុង​គ្រី សន្យា​បន្ត​គាំទ្រ​កម្ពុជា លើ​ការដោះស្រាយ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) ។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី ជេ​ណូ​ស អា​ឌឺ (Janos ADER) ដែល​បាន​ប្រាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ តុលា ។​



​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ជួប​ពិភាក្សាគ្នា ដោយ​លើ​យក​ខ្លឹម​សារសំខាន់​នៃ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ទឹក មុននឹង​ឈានដល់​និយាយ​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ និយាយ​នៅ​ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​ប្រាប់​ប្រធានាធិបតី​ហុង​គ្រី​ថា កម្ពុជា​ចង់ឃើញ​សហភាព​អឺរ៉ុប អនុវត្ត​ការងារ​ដោយ​ភាពត្រឹមត្រូវ​ដល់​កម្ពុជា ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

«​ហើយ​អ្វីដែល​ដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ស្នើឱ្យ​ប្រធានាធិបតី​ហុង​គ្រី បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​តតាំង​ជាមួយ​សហភាព​អឺរ៉ុប លើ​បញ្ហា​អនុគ្រោះ​ពន្ធ​នេះ​។​

​ឆ្លើយតប​នឹង​សម្ដេច ហ៊ុន សែន លោក ជេ​ណូ​ស អា​ឌឺ (Janos ADER) ប្រធានាធិបតី​ហុង​គ្រី បាន​សង្កត់ធ្ងន់ថា ៖«​ទាក់ទង​ទៅនឹង​បញ្ហា EBA នេះ ហុង​គ្រី នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត​»​។​

​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ក៏​អញ្ជើញ​ប្រធានាធិបតី​ហុង​គ្រី មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ឱ្យឃើញ​ពី​ស្ថានការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា​។ «​នៅពេលនោះ ឯកឧត្តម​(​ប្រធានាធិបតី​ហុង​គ្រី​)​នឹង​បានឃើញ​ជាក់ស្ដែង​នូវ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា ដូចជា​បាន​ទៅ​ទស្សនា​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​គឺ​ប្រាសាទអង្គរវត្ត​»​។​នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

អត្ថបទទាក់ទង

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ គណកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការអនុវត្ត​នីតិវិធី​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ដែលមាន​រយៈពេល ១៨ ខែ ដើម្បី​តាមដាន ប្រមូល​ព័ត៌មាន និង​សរសេរ​របាយការណ៍ មុន​ឈានដល់​ការសម្រេចចិត្ត​ដក ឬ​មិន​ដក​។​

​មុន​ចាក​ចេញពី​ប្រទេស​កម្ពុជា លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​គោរព និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​«​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​, EBA»​។ លោក​លើកឡើងថា ប្រសិនបើ​កម្ពុជា​បាត់បង់ EBA អ្នករងគ្រោះ​ពិតប្រាកដ​គឺ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​៕


Tag:
 ហ៊ុន សែន​
  EBA
  ហុង​គ្រី
© រក្សាសិទ្ធិដោយ thmeythmey.com