អន្តរជាតិ
ជិះ​សេះស​លើ​ភ្នំ​ខ្ពស់​ជាងគេ​នៅ​ឧបទ្វីប​កូរ៉េ លោក គីម ពន្លះ​អាមេរិក​រឿង​ដាក់ទណ្ឌកម្ម​
16, Oct 2019 , 11:46 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជិះសេះសឡើងភ្នំ Paekdu ដែលជាភ្នំខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជិះសេះសឡើងភ្នំ Paekdu ដែលជាភ្នំខ្ពស់ជាងគេនៅឧបទ្វីបកូរ៉េ។ រូបភាព KCNA
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើ​ដំណើរ​ដោយ​ជិះ​សេះស​ឡើង​ភ្នំ Paekdu ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​ឧបទ្វីប និង​ជា​ភ្នំ​ពិសិដ្ឋ​មួយ​ក្នុងចំណោម​ប្រជាជន​កូរ៉េ​។ វត្តមាន​លោក គីម នៅ​ទីតាំង​សំខាន់​បែបនេះ ត្រូវគេ​ជឿថា មានការ​ប្រកាស​ព័ត៌មាន​ថ្មីៗ​ពី​កូរ៉េខាងជើង​មិន​ខាន ព្រោះ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​តែង​ឡើង​ភ្នំ Paekdu មុនពេល​ប្រកាស​គោលនយោបាយ​សំខាន់ៗ ឬក៏​ព្រឹត្តិការណ៍​ធំៗ​ប៉ុណ្ណោះ​។ លោក គីម ក៏​ឆ្លៀត​រិះគន់​អាមេរិក​រឿង​ទណ្ឌកម្ម​ផងដែរ​។ 



​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១៦ ខែតុលា បាន​ចុះផ្សាយ​សកម្មភាព​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅលើ​ភ្នំ Paekdu ដែលមាន​កំពូលភ្នំ​ខ្ពស់​ជាងគេ​នៅ​ឧបទ្វីប​កូរ៉េ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក គីម បាន​ជិះ​សេះស​មួយ​ក្បាល​ដែល​ពោរពេញ​ដោយ​ថាមពល​លើ​ភ្នំ​ដែល​ប្រជាជន​កូរ៉េ​ទាំងពីរ​ចាត់ទុកជា​ទីតាំង​ពិសិដ្ឋ​។ ភ្នំ​នេះ ក៏​ជាទី​កំណើត​នៃ​ការតស៊ូ​ប្រឆាំង​ការគ្រប់គ្រង​របស់​ជប៉ុន និង​ទី​កំណើត​របស់លោក គីម ជុងអ៊ីល ផងដែរ​។​

​ជាធម្មតា លោក គីម តែង​ឡើង​ភ្នំ​ដ៏​ខ្ពស់​នេះ​នៅ​មុនពេល​មានការ​សម្រេចចិត្ត ឬ​ព្រឹត្តិការណ៍​សំខាន់​ណាមួយ​។ នៅ​ឆ្នាំ​២០១៧ លោក គីម បាន​ឡើង​ភ្នំ Paekdu មុន​បន្ទន់ឥរិយាបថ​ទន់ភ្លន់​ដាក់​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០១៨ ។ កាលពី​ឆ្នាំ​២០១៣ មេ​ដឹ​នាំ​វ័យក្មេង​រូបនេះ ក៏​ទៅ​ភ្នំ​នេះដែរ មុនពេល​ប្រហារជីវិត​ពូ​ថ្លៃ ចាង សុង​ថេ​ក នៅពេល​បន្ទាប់​។ សម្រាប់​វត្តមាន​លើក​នេះ គេ​រំពឹងថា ទំនងជា​មានការ​ប្រកាស​គោលនយោបាយ​ថ្មី ឬក៏​បញ្ហា​ទាក់ទង​ការចរចា​ជាមួយ​អាមេរិក​ក៏​ថា​បាន​។​

​ការចរចា​សព្វថ្ងៃ​បន្ត​ជាប់គាំង​អំឡុងពេល​ជំនួប​នៅ​ស៊ុយអែត ដោយ​កូរ៉េខាងជើង​ចោទ​អាមេរិក​ថា មិនមាន​គោលនយោបាយ​ថ្មី​ដើម្បី​ចរចា ហើយ​ប្រកាន់​ជំហរ​អមិត្ត​ដដែល​។ ជំនួប​នៅ​ស៊ុយអែត​កាលពី​ដើមខែ​នេះ ជា​ជំនួប​លើកទីមួយ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក្រោយ​ជំនួប​បរាជ័យ​នៅ​វៀតណាម និង​ជំំ​នួ​ប​បន្ទាន់​មួយ​រវាង​លោក គីម និង​លោក ត្រាំ នៅ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​កាលពី​ខែ​ចុងខែ​មិថុនា​កន្លងទៅ​។

​អំឡុងពេល​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​សាងសង់​នៅ​ជើងភ្នំ Paekdu ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង ក៏បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ដែល​បន្ត​ដាក់ទណ្ឌកម្ម និង​សម្ពាធ​លើ​កូរ៉េខាងជើង​។ បើតាម KCNA លោក គីម អះអាងថា បញ្ហា​ដែល​កូរ៉េខាងជើង​ប្រឈមមុខ​សព្វថ្ងៃ កើតចេញពី​ទណ្ឌកម្ម​មិន​ឈប់ឈរ និង​ការដាក់​សម្ពាធ​របស់​អមិត្ត​។​

​ជាមួយនឹង​ទណ្ឌកម្ម​រាប់សិប​ជាន់​បែបនេះ មេដឹកនាំ​កូរ៉េខាងជើង បានស្នើ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ទាំងមូល​រួបរួមគ្នា​ដោយ​ផ្អែកលើ​គោលការណ៍​ពឹងពាក់​លើ​ខ្លួនឯង ដើម្បី​ជាការ​ឆ្លើយតប​នឹង​បច្ចាមិត្ត​។ សម្រាប់​លោក គីម ការឈឺចាប់​របស់​ប្រជាជន​កូរ៉េ​ដែល​ផ្ដល់​ដោយ​អាមេរិក លែង​ក្លាយជា​ការឈឺចាប់​ទៀតហើយ តែ​ប្រែ​ទៅជា​កំហឹង​វិញ​ម្ដង​៕

Tag:
 ​កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com