FIFA
កីឡាជាតិ
ជាតិ
គ្រូអ៊ីរ៉ាក់៖ កម្ពុជាតូចតែលេងល្អ ទើបយើងប្រើយុទ្ធសាស្ត្របាល់ខ្ពស់ និងកាត់ចូលប្រអប់១១ម៉ែត្រ លោក Srečko Katanec គ្រូបង្វឹកអ៊ីរ៉ាក់នាអំឡុងការប្រកួតកម្ពុជា-អ៊ីរ៉ាក់។ រូបថត FFC និងប៉ាន់ បូនី
× អ៊ីរ៉ាក់គួរមានគ្រាប់បាល់បញ្ចូលទីច្រើនជាង៤គ្រាប់។ នេះបើតាមការវាយតម្លៃរបស់លោក Srečko Katanec គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ បន្ទាប់ពីក្រុមរបស់លោកទទួលបានជ័យជម្នះ ៤-០ លើម្ចាស់ផ្ទះកម្ពុជា ក្នុងការប្រកួតពូល C នៃវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup 2022 កាលពីល្ងាចថ្ងៃអង្គារ ទី១៥ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អ៊ីរ៉ាក់ដែលជាម្ចាស់ជើងឯកអាស៊ីឆ្នាំ២០០៧ បានរកបានគ្រាប់បញ្ចូលទីដំបូងនៅនាទី២២ ហើយបន្ថែមគ្រាប់ទីពីរនៅនាទី៤១ ដែលសុទ្ធតែជាការតែតបញ្ចូលជាបន្តបន្ទាប់ពីសំណាក់ខ្សែបម្រើ Ibrahim Bayesh និងខ្សែប្រយុទ្ធ Mohanad Ali។
បន្ទាប់ពីរកបាន២គ្រាប់នៅតង់ទីមួយ អ៊ីរ៉ាក់រកបាន២គ្រាប់ទៀតនៅ៤៥នាទីបន្ទាប់ ដែលជាការស៊ុតពីចម្ងាយរបស់ខ្សែបម្រើកណ្តាល Amjad Attwan និងការតែតរបស់ខ្សែការពារ Ahmad Ibrahim ខណៈការប្រកួតដំណើរការក្នុងរង្វង់រយៈពេល១ម៉ោង។
«ខ្ញុំគិតថា កាយសម្បទារបស់ក្រុមកម្ពុជាតូចពិតមែន ប៉ុន្តែពួកគេលេងបានយ៉ាងល្អនៅក្នុងការប្រកួតនេះ»។ នេះជាការអះអាងរបស់គ្រូបង្វឹកអ៊ីរ៉ាក់លោក Srečko Katanec នាសន្នីសិទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត ដោយបញ្ជាក់បន្ថែមពីយុទ្ធសាស្ត្រលេងបាល់ខ្ពស់ និងការកាត់បាល់ចូលក្នុងប្រអប់១១ម៉ែត្រ។
គ្រូបង្វឹកស្លូវេនី ដើមកំណើតយូហ្គោស្លាវី រូបនេះ ពិតជាចង់បានគ្រាប់បាល់បញ្ចូលទីច្រើនជាងនេះ បន្ទាប់ពីលោកបានមើលឃើញកម្ពុជារងបរាជ័យ ១៤-០ នៅទឹកដីអ៊ីរ៉ង់ ដែលជាគូប្រជែងនាំមុខរបស់ខ្លួននៅក្នុងពូល C។ ប៉ុន្តែវាមិនមានភាពងាយស្រួលនោះឡើយ ប្រសិនបើលោកមិនប្រើយុទ្ធសាស្ត្រតាមសភាពការណ៍ទេនោះ។
លោក Katanec អតីតខ្សែការពារជម្រើសជាតិយូហ្គោស្លាវី បន្ទាប់មកស្លូវេនី ហើយក៏ជាអតីតគ្រូបង្វឹកជម្រើសជាតិស្លូវេនី ម៉ាសេដ្វាន និងអាមីរ៉ាតអារ៉ាប់រួម ផងដែរនោះ កំពុងនាំអ៊ីរ៉ាក់ឈរលេខ១បណ្តោះអាសន្ននៅក្នុងពូល C ដោយមាន៧ពិន្ទុពីការប្រកួត៣លើក ស្មើបារ៉ែន តែលើសចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី។
អ៊ីរ៉ង់ខកឱកាសឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយចាញ់ម្ចាស់ផ្ទះបារ៉ែន ១-០ ដោយរក្សានៅ៦ពិន្ទុពីការប្រកួត៣លើក។ ហុងកុងមិនមានសកម្មភាពប្រកួតឡើងកាលពីល្ងាចថ្ងៃអង្គារ ដោយមាន១ពិន្ទុ ពីជំនួប៣លើក ស្មើកម្ពុជា ដែលបានប្រកួតរហូតដល់ទៅ៤លើកនៅក្នុងពូល៕
© រក្សាសិទ្ធិដោយ thmeythmey.com