អន្តរជាតិ
អង្គ​ការសហប្រជាជាតិ បញ្ចប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ហៃ​ទី​
16, Oct 2019 , 7:19 pm        
រូបភាព
កម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅហៃទី។ រូបភាព AFP
កម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅហៃទី។ រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃទី​១៥ ខែតុលា ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការសហប្រជាជាតិ​បានសម្រេច​បញ្ចប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ជិត​១៥​ឆ្នាំ​នៅ​ហៃ​ទី​។ ជាមួយ​ការបញ្ចប់​ប្រតិបត្តិការ​នេះ អង្គ​ការសហប្រជាជាតិ ក៏បាន​បង្ហាញ​ពី​ភាព​សោកស្តាយ​ដែល​មិន​អាចជួយ​ដោះស្រាយ វិបត្តិ​សេដ្ឋកិច្ច នយោបាយ និង​វិបត្តិ​សង្គម​ប្រទេស​នេះ​បាន​។​



​អង្គ​ការសហប្រជាជាតិ បានចាប់ផ្តើម​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅកាន់​ហៃ​ទី​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០០៤ ក្រោយ​ការទម្លាក់​ប្រធានាធិបតី Jean-Bertrand Aristide ដោយ​ក្រុម​យោធា និង​ពី​សម្ពាធ​ប្រជាជន​ផង​។ នៅក្នុង​ឆ្នាំ​២០១៧ អង្គការ​នេះ ចាប់ផ្តើម​បញ្ជូន​ប៉ូលិស​ខ្លួន​ទៅ​រក្សា​សន្តិភាព​នៅ​ទីនោះ​ជំនួស​អោយ​ពួកយោធា​ដែល​បានធ្វើ​រដ្ឋប្រហារ​វិញ​។

​យ៉ាងណាមិញ ហៃ​ទី នៅតែ​បន្ត​ជា​ប្រទេស​ដែល​ក្រ​បំផុត​នៅ​ទ្វីបអាមេរិក​កណ្ដាល រួមជាមួយ​អស្ថិរភាព​នយោបាយ​ផង​។ នៅ​ប៉ុន្មាន​ឆ្នាំនេះ ប្រទេសមួយ​នេះ​កាន់តែ​ធ្លាក់​ជ្រៅ​ទៅៗ​ក្នុង​បញ្ហានយោបាយ ចំពេល​ដែលមាន​ការបា​តុ​កម្ម​តវ៉ា​ប្រឆាំងនឹង​ប្រធានាធិបតី​សព្វថ្ងៃ  Jovenel Moise ពី​រឿង​ពុករលួយ រួច​ជាមួយនឹង​ការតវ៉ា​ពី​ប្រជាជន​ស្នើអោយ​ប្រធានាធិបតី​រូបនេះ​ចុះ​ចេញពី​តំណែង​ផង​។​

​ទោះជា​យ៉ាងនេះ​ក្តី លោក Moise​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា លោក​មិន​ចុះចេញ​ទេ​។ លោក​មាន​លើកឡើងថា​៖ « វា​គឺជា​រឿង​ដែល​គ្មាន​ទំនួល​ខុសត្រូវ​សំរាប់​ខ្ញុំ​ក្នុង​ការសរសេរ​លិខិត​លាឈប់​ហើយ​ទុកអោយ​ប្រទេសមួយ​នេះ​ចោល​ក្នុង​សភាព​បែបនេះ​»​។ ចាប់តាំងពី​ឡើងកាន់​អំណាច​ឆ្នាំ​២០១៧​មក លោក Moise បាន​ជួបប្រទះ​នឹង​ការប្រឆាំង​របស់​បក្សប្រឆាំង​ដែល​បាន​បដិសេធ​ជ័យជំនះ​របស់លោក​ក្នុងការ​បោះឆ្នោត​កន្លងទៅ​។

​នៅ​ថ្ងែ​ទី​១៥ ខែតុលា អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​ពិភពលោក​មួយ​នេះ លោកស្រី  Kelly Craft បាន​និយាយថា ដំណោះស្រាយ​នៅ​ហៃ​ទី បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​។ លោកស្រី​ប​ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​ផ្នែក​ដែល​ពាក់ព័ន្ធ ជជែក​គ្នា​តាមផ្លូវ​សន្តិភាព​ដើម្បី​សម្រួល​បញ្ហា​តាម​ដែល​អាច​ធ្វើបាន​។​

​ទន្ទឹមនឹង​នេះដែរ លោកស្រី Craft ក៏​ឆ្លៀត​រំឭក​ពី​ការផ្ដល់​ជំនួយ​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែលជា​ដៃគូ​ផ្តល់ជំនួយ​ឲ្យ​ហៃ​ទី​ទាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ជាមួយ​សរុប​ជា​ទឹកប្រាក់​ចំនួន​៥,២​ពាន់​លាន​ដុល្លារ​។​

​ប្រមុខ​អង្គការសហប្រជាជាតិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បានបង្ហាញ​ជំហរ​ទុទិដ្ឋិនិយម​ចំពោះ​ស្ថានការណ៍​ប្រទេស​ក្រីក្រ​មួយ​។ លោក​សរសេរ​ក្នុង​របាយការណ៍​មួយ​ថា បញ្ហា​ជាច្រើន បានអូសបន្លាយ​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៨​មក ហើយ​បានបង្ហាញ​ពី​សញ្ញា​តិចតួច​ណាស់​ក្នុងការ​ដោះស្រាយ​។ យើង​ជំរុញ​អោយ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ទុក​ភាពខុសគ្នា​មួយ​ឡែក​សិន ហើយ​ងាក​មក​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com