អន្តរជាតិ
ឥណ្ឌូណេស៊ី បំបែក​គម្រោង​បំផ្ទុះ​គ្រាប់បែក​មុន​ការស្បថ​ចូលកាន់​អំណាច​របស់លោក វី​ដូ​ដូ​
16, Oct 2019 , 4:37 pm        
រូបភាព
រូបភាព AP
រូបភាព AP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​មន្ត្រីប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម​ឥណ្ឌូណេស៊ី បាន​បំបែក​គម្រោង​វាយប្រហារ​ដោយ​គ្រាប់​ប​បែក​អត្តឃាត​នៅ​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​អំឡុងពេល​ការស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់លោក ចូ​កូ វី​ដូ​ដូ ។ លោក វី​ដូ​ដូ នឹង​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ​នៅ​ថ្ងៃទី​២០ ខែតុលា​ខាងមុខនេះ​។



​អ្នកនាំពាក្យ​មន្ត្រីប៉ូលិស​ឥណ្ឌូណេស៊ី លោក Dedi Prasetyo បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​១៥ ខែតុលា ថា យ៉ាងតិចណាស់​មនុស្ស​៤​នាក់ បាន​ត្រៀម​ក្នុងការ​វាយប្រហារ​មក​ដោយ​ប្រើ​គ្រាប់បែក​ដែល​ផ្ទុះ​ខ្លាំង​។ គ្រាប់បែក​ទាំងនេះ​ផ្ទុក​សារធាតុ​មួយចំនួន រូ​ម​ជាមួយ​ធាតុ​ផ្សំ​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​គឺ Abrin​។​

​បើតាម​អ្នកនាំពាក្យ​រូបនេះ សារធាតុ Abrin គឺជា​សារធាតុ​ម្យ៉ាង​របស់​គ្រាប់សណ្ដែក rosary ដែល​រដ្ឋាភិបាល​អាមេរិក​បាន​យកទៅ​ពិសោធ ហើយ​បានប្រកាស​ពី​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន​។ លោក Dedi បាន​បន្ត​ប្រាប់ថា គ្រាប់បែក​ប្រភេទ​នេះ គឺ​ខុសពី​គ្រាប់បែក​ផ្សេងៗ​ដែល​បាន​ប្រើ​ដោយ​ក្រុម​ភេរវជន ដោយ​ត្រឹមតែ​០,៧​មីក្រូ​ក្រាម​នៃ​សារធាតុ Abrin នេះ អាច​សំលាប់​មនុស្សរ​ហួ​តល់​ទៅ​១០០​នាក់​ឯណោះ​។​

​បើ​គិត​តាំងពី​ខែ​មុន​មក មន្ត្រីប៉ូលិស​ប្រឆាំង​ភេរវកម្ម​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ រហូតដល់​ទៅ​២៧​នាក់​ទៅហើយ​នៅ​ទូទាំងប្រទេស បូករួម​ទាំង​ជន​ពីរ​អ្នក​ដែល​បាន​ចាក់​លោក​រដ្ឋមន្ត្រី Wiranto កាលពី​សប្ដាហ៍​នេះ​។ ប៉ូលិស​អះអាងថា ពួកគេ​មាន​គោលបំណង​វាយប្រហារ​មកលើ​មន្ត្រីប៉ូលិស និង​មន្ត្រី​រដ្ឋាភិបាល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ក្រុម​ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​នេះ គឺ​មកពី​ក្រុម Jamaah Ansharut Daulah ដែល​ហៅ​កាត់​ថា JAD​។ JAD ត្រូវបាន​គេ​សន្ម​ត់​ថា ជា​បណ្តាញ​របស់​រដ្ឋ​ឥស្លាម​។ ក្រុម JAD ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ហាមឃាត់​នៅ​ឆ្នាំ​២០១៨ មួយឆ្នាំ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ប្រកាសថា​ក្រុម​នេះ​ជា​ក្រុម​ភេរវជន​មក​៕

© រក្សាសិទ្ធិដោយ thmeythmey.com