អន្តរជាតិ
ម៉ាឡេស៊ី គ្រោង​ទិញ​ទំនិញ​ឥណ្ឌា​បន្ថែម ដើម្បី​រម្ងាប់​កំហឹង​ក្រុង​ញូវដែលី​រឿង​កា​ស្មៀ​រ​
16, Oct 2019 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីមហាធៀ មហាម៉ាត់ និងនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រ ម៉ូឌី, រូបភាព (bussiness insider)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីមហាធៀ មហាម៉ាត់ និងនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រ ម៉ូឌី, រូបភាព (bussiness insider)
​ម៉ាឡេស៊ី កំពុង​ពិចារណា​លើ​ការ​នាំចូល​បន្ថែមទៀត​លើ​ផលិតផល​ស្ករស និង​សាច់​ក្របី​ពី​ឥណ្ឌា​។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុង​គួ​ឡា​ឡាំ​ពួ បន្ទាប់ពី​មាន​របាយការណ៍មួយចំនួន​បាន​លើកឡើងថា ឥណ្ឌា​អាច​នឹង​រិត​ត្បិត​លើ​ការ​នាំចូល​ផលិតផល​ប្រេងដូង​របស់​ម៉ាឡេស៊ី​ព្រោះ​មិន​ពេញ​ចិត្តនឹង​ដែល​រឿង​ម៉ាឡេស៊ី រិះគន់​ខ្លួន​ពាក់ព័ន្ធ​នឹង​តំបន់​កា​ស្មៀ​រ​។​



​នៅ​ខែកញ្ញា ឆ្នាំ​២០១៩ នា​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​លើកឡើងថា ឥណ្ឌា​បាន​ឈ្លានពាន និង​គ្រប់គ្រង​តំបន់​កា​ស្មៀ​រ​។ ជាកា​ឆ្លើយតប ឥណ្ឌា កំពុង​ពិចារណា​រឹតត្បិត​លើ​ការនាំ​ចូល​ផលិតផល​មកពី​ម៉ា​ស៊ី​ឡេ​ដូចជា ប្រេងដូង​ជាដើម​។

#BoycottMalaysia ឬ​ពហិការ​ទំនិញ​ម៉ាឡេស៊ី ត្រូវបាន​ជនជាតិ​ឥណ្ឌា​សរសេរ​លើ​បណ្តាញ Twitter ព្រោងព្រាត​។ ចំណែក​ជំនួញ​ឥណ្ឌា​មួយចំនួន បាន​អះអាងថា រោងចក្រ​ឥណ្ឌា​ជាច្រើន បាន​ឈប់​បញ្ជា​ទិញ​ប្រេងដូង​ពី​ម៉ាឡេស៊ី​នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០១៩ ដោយសារតែ ខ្លាច​ពន្ធ​លើ​ប្រេងដូង​ឡើង​ខ្ពស់ និង​វិធីសាស្ត្រ​ផ្សេងទៀត ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ដើម្បី​លួង​ចិត្ត​រដ្ឋាភិបាល​ឥណ្ឌា ទីក្រុង​គូ​ឡា​ឡាំ​ពួ នឹង​បើក​កិច្ចចរចា​ពាណិជ្ជកម្ម​មួយ ដើម្បី​កំណត់​បញ្ហា​ព្រួយបារម្ភ​របស់​ទីក្រុង​ញូវដែលី លើ​អតុល្យភាព​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​ក្រសួង​ឧស្សាហកម្ម​កែច្នៃ​វត្ថុធាតុដើម​ម៉ាឡេស៊ី ការសម្រេច​នាំចូល​ផលិតផល​ឥណ្ឌា​បន្ថែម ធ្វើឡើង​បន្ទាប់ពី ម៉ាឡេស៊ី​មើលឃើញ​តួនាទី​ដ៏​សំខាន់​របស់​ឥណ្ឌា​។ ការណ៍​នេះ ម៉ាឡេស៊ី ពិចារណា​នាំចូល​បន្ថែម​សាច់​ក្របី និង​ស្ករស​ឆៅ​នៅ​ឆ្នាំក្រោយ​។

​វិធានការ​របស់​ទីក្រុង​គូ​ឡា​ឡាំ​ពួ​បែបនេះ ក៏ដោយ​សារ​ឥណ្ឌា គឺជា​ទិសដៅ​ធំ​ទី​៣​របស់​ម៉ាឡេស៊ី​លើ​ការនាំចេញ​ផលិតផល​ប្រេងដូង និង​ដើម​ដូងប្រេង និង​អាច​រកចំណូលបាន​ប្រមាណ​ជា ១,៦៣​ពាន់​លាន​ដុល្លារ​។ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​កែច្នៃ​វត្ថុធាតុដើម Teresa Kok បាន​លើកឡើងថា ម៉ាឡេស៊ី មានការ​ព្រួយបារម្ភ​ពី​សារព័ត៌មាន​ជាច្រើន​ដែល​បាន​ចុះផ្សាយ​អំពី​ភាពល្អក់​កករ​នៃ​ទំនាក់ទំនង​ម៉ាឡេស៊ី និង​ឥណ្ឌា ខណៈពេល​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ​ជាង ៦​ទសវត្សរ៍​កន្លងមក​ហើយ​។

​សូមបញ្ជាក់ថា ម៉ាឡេស៊ី គឺជា​ប្រទេស​ផលិត និង​នាំចេញ​ប្រេងដូង​ធំជាងគេ​បង្អស់​លំដាប់​ទី​ពីរ​នៅលើ​ពិភពលោក បន្ទាប់ពី​ឥណ្ឌូណេស៊ី​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ ២០១៨ ប្រេងដូង បាន​ជួយ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​ម៉ាឡេស៊ី ២,៨ ភាគរយ និង​ស្មើរ​នឹង​៤,៥​ភាគរយ នៃ​ការនាំចេញ​សរុប​។ លើសពីនេះ ម៉ាឡេស៊ី បាន​នាំចេញ​ទំនិញ​ទៅ​ឥណ្ឌា ១០,៨​ពាន់​លាន​ដុល្លារ ខណៈដែល​ម៉ាឡេស៊ី​ទិញ​ទំនិញ​ពី​ឥណ្ឌា​មកវិញ​ត្រឹមតែ ៦,៤​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។​

Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com