ជាតិ
សម្ដេច ទៀ បាញ់ នឹងចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោក នៅចិន រូបពីក្រសួងការពារជាតិ
× សម្ដេច ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧នៅប្រទេសចិន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ប្រកួតកីឡាយោធានេះ នៅធ្វើឡើងនៅទីក្រុងអ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ដែលនឹងរៀបចំក្រោមប្រធានបទ ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីនាយកដ្ឋានកិច្ចការអាស៊ាននៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសរបស់ក្រសួងការពារជាតិ។
ជាមួយគ្នានេះដែរ សម្ដេច ទៀ បាញ់ នឹងចូលរួមវេទិកា សៀង សាន ប៉េកាំង លើកទី៩ (9th Beijing Xiangshan Forum) នៅថ្ងៃទី២០ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ក្នុងវេទិកានេះ សម្ដេច ទៀ បាញ់ នឹងចូលរួមពិភាក្សាលើប្រធានាបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខតំបន់។ ទន្ទឹមនឹងនេះ សម្ដេចរដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គទី៣ ក្រោមប្រធានបទ ផលប្រយោជន៍នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងជួបពិភាក្សាជាមួយលោក Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រី្តការពារជាតិនៃប្រទេសចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី៕
Tag:
ទៀ បាញ់
កីឡាយោធា
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com