FIFA
កីឡាជាតិ
ជាតិ
គ្រូជម្រើសជាតិកម្ពុជា ៖ការលេងជាមួយក្រុមខ្លាំង នឹងធ្វើឱ្យកម្ពុជារីកចម្រើនទៅមុខ
× ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមអ៊ីរ៉ាក់ ក្នុងលទ្ធផល ៤ទល់០ នៃវគ្គជម្រុះ FIFA World Cup 2022 កាលពីថ្ងៃទី១៥ តុលា ។ ដ្បិតវាជាលទ្ធផលមួយ ដែលអាចធ្វើឱ្យអ្នកគាំទ្រកម្ពុជាខកចិត្ត ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់កម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
«វាពិតជារឿងដែលល្អ ដែលអាចឱ្យយើងវាស់ស្ទង់សមត្ថភាពជាមួយក្រុមខ្លាំងបែបនេះ។ ហើយក្រុមខ្លាំងទាំងនេះ វាធ្វើឱ្យក្រុមយើងរីកចម្រើនទៅមុខទៀត»។ លោក Felix Dalmas ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយការប្រកួតរវាងកម្ពុជា និងអ៊ីរ៉ាក់។
សម្រាប់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ លទ្ធផលចាញ់អ៊ីរ៉ាក់៤ទល់០ វាបានបង្ហាញពីកម្រិតលេង និងភាពរីកចម្រើននៅក្នុងវិស័យបាល់ទាត់កម្ពុជា។ ភាពរីកចម្រើន ដែលលោក Felix មើលឃើញនោះ គឺកម្ពុជា បានលេងតាមទម្រង់ ដែលលោក និងលោក ហុងដា អ្នកចាត់ការទូទៅបានកំណត់កន្លងមក។ នោះគឺការលេងដោយមិនខ្លាចចាញ់ និងមានឆន្ទៈ ដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ។
«ខ្ញុំមានមោទកភាពណាស់ សម្រាប់កីឡាករទាំងអស់ ដែលបានលះបង់សម្រាប់ការប្រកួតថ្ងៃនេះ។ វាបង្ហាញពីការរីកចម្រើនរបស់យើងទៅមុខទៀត។ ហើយក្នុងដំណើរឆ្ពោះទៅមុខទៀត យើងនឹងវិភាគការប្រកួត ហើយយើងនឹងរកវិធីធ្វើយ៉ាងម៉េចឱ្យក្រុមរបស់យើងរីកចម្រើនជាងនេះទៀត…។ កីឡាកររបស់យើងបានធ្វើអ្វីតាមទស្សនវិស័យ និងផែនការរបស់យើងសម្រាប់ការប្រកួត៩០នាទីនេះ»។ នេះជាការអះអាងរបស់គ្រូបង្វឹកកម្ពុជា។
ដ្បិតកម្ពុជា មានការរីកចម្រើនក្តី ប៉ុន្តែចំណុចខ្វះខាតនៅតែមាន ដូចជាការបញ្ជូនបាល់ និងកាយសម្បទាជាដើម។ ប៉ុន្តែបញ្ហាលោក Felix នឹងប្រឹងដោះស្រាយ ដើម្បីឱ្យវាមានភាពប្រសើឡើងជាងនេះ សម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង និងបារ៉ែន នាពេលខាងមុខ។
ក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅក្នុងពូលC នេះ កម្ពុជា មាន១ពិន្ទុ ស្មើជាមួយហុងកុង។ ក្នុងការប្រកួត៤លើករបស់ខ្លួន កម្ពុជា បានរងបរាជ័យ៣លើក ដោយចាញ់អ៊ីរ៉ាក់៤ទល់០,ចាញ់អ៊ីរ៉ង់១៤ទល់០ និងបារ៉ែន១ទល់០ និងលទ្ធផល១ស្មើជាមួយហុងកុង៕
Tag:
FIFA World Cup 2022
កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com