ជាតិ
សង្គមជាតិ
មេដឹកនាំកម្ពុជា រំពឹងទទួលបានអាហារូបករណ៍បន្ថែមទៀត ពីប៊ុលហ្គារី
16, Oct 2019 , 11:20 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីប៊ុលហ្គារី
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីប៊ុលហ្គារី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សង្ឃឹមថា រដ្ឋាភិបាលប៊ុលហ្គារី នឹងផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់សិស្ស-និស្សិតកម្ពុជា នាពេលខាងមុខ។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងរឿងអាហារូបករណ៍នេះ ក្នុងជំនួបជាមួយលោក Boyko Borissov នាយករដ្ឋមន្រ្តីប៊ុលហ្គារី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។



ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរថា សម្តេច បានអរគុណរដ្ឋាភិបាលប៊ុលហ្គារី ដែលផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានគាំទ្រទំនាក់ទំនងរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ដែលអាចជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការវាងកម្ពុជានិងប៊ុលហ្គារី។

ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត និង បច្ចេកទេស ហើយបានណែនាំឲ្យក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ អនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកវិសាលភាពនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិតទាបនៅឡើយ។

លើសពីនេះ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីករំហូរនៃភ្ញៀវទេសចរណ៍ និងការជួយគ្នាសម្របសម្រួលបញ្ហាទាក់ទិននឹងការផ្លាស់ប្តូរភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពង្រីកទំនាក់ទំនងផ្នែកវប្បធម៌ផងដែរ។

សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសបីក្នុងតំបន់អឺរ៉ុប គឺ ឆែក ហុងគ្រី និង ប៊ុលហ្គារី។ ទស្សនកិច្ចនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩៕

Tag:
 កម្ពុជា
  ប៊ុលហ្គារី
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com