ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​អ្វីខ្លះ​សម្លាប់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​?
15, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​។ អ្វីដែល​សំខាន់​នោះ គឺ​ស្ថានភាព​ពោះវៀន​មិនល្អ​ប្រសើរ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ច្រើន​ផ្សេងទៀត​រួមមាន ថប់​អារម្មណ៍ ជំងឺ​បាក់​ទឹកចិត្ត​(depression) ជំងឺ​ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឧស្សាហ៍​អស់កម្លាំង ជំងឺ​ខ្សោយ​ពោះវៀន ជាដើម​។ ហើយ​ការរក្សាបាន​នូវ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន គឺ​ចាំបាច់​ណាស់​ដើម្បី​សុខភាព​ពោះវៀន​ប្រសើរ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ជះឥទ្ធិពល​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ទទួលទាន​ច្រើន​ដើម្បី​រក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន ៖

១. ស្ករ​
​ក្រៅពី​ធ្វើ​ឲ្យ​ធាត់ ព្រមទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ហើយ​នោះ ស្ករ​ក៏​ជះឥទ្ធិពល​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ផងដែរ​ដោយ​វា​បង្កើន​ចំនួន​បាក់តេរី​មិនល្អ​។ ធ្លាប់​ដឹង​ទេ​ថា​ស្ករ​អាចធ្វើ​ឲ្យ​អ្នកញៀន​បាន​? ទទួលទាន​ច្រើន​ប៉ុណ្ណា​កាន់តែ​ឃ្លាន​ប៉ុន​នោះ​! ហើយ​ប្រសិនបើ​អ្នកញៀន​នឹង​ទទួលទាន​ស្ករ ឬ​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ហើយ​នោះ​សុខភាព​ពោះវៀន ក៏ដូចជា​រាងកាយ​ទាំងមូល​នឹង​ស្ថិតក្នុង​គ្រោះថ្នាក់​ជាមិនខាន​។​

២. ជាតិ​ផ្អែម​សិប្បនិម្មិត​
​ប្រសិនបើ​អ្នក​គិតថា​ស្ករ ឬ​ជាតិ​ផ្អែម​សិប្បនិម្មិត​ល្អ​ចំពោះ​សុខភាព​ក៏​ព្រោះ​វា​គ្មាន​ផ្ទុក​ជាតិ​កាឡូរី​និង​មិន​បណ្ដាល​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​នោះ ចូរ​គិត​ម្ដងទៀត​! អ្នកជំនាញ​ផ្នែក​សុខភាព​​ជាច្រើន​និយាយថា ជាតិ​ផ្អែម​សិប្បនិម្មិត​ផ្ដល់​ផល​អាក្រក់​ចំពោះ​សុខភាព​ខ្លាំង​ជាង​ស្ករ​ធម្មតា​ទៅទៀត​។ ជាតិ​ផ្អែម​សិប្បនិម្មិត​បង្កើន​ចំនួន​បាក់តេរី​មិនល្អ​ឲ្យ​មាន​ច្រើនជាង​ល្អ​ក្នុង​ពោះវៀន ហើយក៏​បង្ក​ការ​រលាក​ផងដែរ​។​

៣. ធញ្ញជាតិ​ចម្រាញ់​
​ធញ្ញជាតិ​ចម្រាញ់​គ្មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​ជួយ​បង្កើន​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ឡើយ​។ ក្រៅពីនេះ​វា​ក៏​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ផងដែរ​។ លើសពីនេះទៅទៀត​ការទទួល​​ទាន​ធញ្ញជាតិ​ចម្រាញ់​ច្រើន​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​។​

៤. អាហារ​កែច្នៃ​
​ក្រៅពី​ជះ​ផលប៉ះពាល់​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ហើយ​នោះ ការទទួល​ទាន​អាហារ​កែច្នៃ​ក៏​បង្កើន​​ហានិភ័យ​នៃ​ជំងឺ​សាហាវៗ​ជាច្រើន រួមបញ្ចូល​ទាំង​ជំងឺ​បេះដូង​និង​មហារីក​។​

៥. គ្រឿង​ស្រវឹង​
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី គឺ​ប្រសើរ ប៉ុន្តែ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​អាច​ជះឥទ្ធិពល​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន ក៏ដូចជា​សុខភាព​រាងកាយ​ទាំងមូល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​
​ចូរ​កម្រិត​ការទទួល​ទាន​របស់​អ្នក​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com