ជាតិ
សហគមន៍​អាស៊ី​អាមេរិកាំង​សហការគ្នា​ប្រឆាំងនឹង​ការចាប់ខ្លួន​ជនជាតិខ្មែរ​បញ្ជូនទៅ​កម្ពុជា​
17, Oct 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ អ្នកនាង ជុំ ម៉ុនថា (Montha Chum) អ្នក​រៀបចំ​ធ្វើ​យុទ្ធនាការ​របស់​ក្រុម​សកម្មជន Release MN8 ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទស្សនៈ​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​ជនភៀស​ខ្លួន‍។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ អ្នកនាង ជុំ ម៉ុនថា (Montha Chum) អ្នក​រៀបចំ​ធ្វើ​យុទ្ធនាការ​របស់​ក្រុម​សកម្មជន Release MN8 ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទស្សនៈ​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​ជនភៀស​ខ្លួន‍។ (ទែន សុខស្រីនិត/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ កាល​ពាក់កណ្តាល​ឆ្នាំ​២០១៧ អ្នកស្រី ជុំ ម៉ុ​ន​ថា (Montha Chum) ដែលជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​មួយរូប រស់នៅ​រដ្ឋ​មី​នី​សូ​តា បាន​ឈរ​និយាយ​ទៅកាន់​សមាជិក​នៃ​សហគមន៍​អាស៊ី​អាមេរិកាំង​នៅមុខ​សេត​វិមាន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​លើកដំបូង ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ប្អូនប្រុស​របស់​អ្នកស្រី ដែល​ត្រូវបាន​មន្ត្រី​គយ​និង​អន្តោប្រវេសន៍ (U.S. Immigration and Customs Enforcement) ឬ​ហៅ​កាត់​ថា ICE ឃុំខ្លួន​ដើម្បី​បញ្ជូនទៅ​ប្រទេស​កម្ពុជា ដោយសារតែ​ប្រវត្តិ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​។

 
​ការតវ៉ា​របស់​អ្នកស្រី រួម​ជាមួយនឹង​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​មី​នី​សូ​តា​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​នោះ បានទទួល​ជោគជ័យ ដោយ​ប្អូនប្រុស​របស់​អ្នកស្រី​គឺ​លោក ផាន ចំរើន (Chamroeun Phan) ត្រូវបាន​ចៅក្រម​នៃ​តុលាការ​អន្តោប្រវេសន៍ សម្រេច​លុបចោល​ដីកាចាប់ខ្លួន​លោក​បញ្ជូនទៅ​ប្រទេស​កម្ពុជា ហើយ​អនុញ្ញាត​ឲ្យ​លោក​ទទួលបាន​សិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់​នៅ​អាមេរិក ដោយ​ផ្អែកលើ​សម្អាងថា លោក ផាន ចំរើន បាន​កែខ្លួន ហើយ​ការចាប់​បញ្ជូន​ខ្លួន​រូបលោក​ទៅ​ប្រទេស​កម្ពុជា អាច​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ក្រុមគ្រួសារ​លោក​នៅ​សហរដ្ឋអាមេរិក​។​
 
​លោក ផាន ចំរើន ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​មួយចំនួន រួមមាន​ទាំង​បទ​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ កាលពី​ឆ្នាំ​២០០៩​។ លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ ក៏ប៉ុន្តែ​លោក​ត្រូវបាន​ដោះលែង​មុនពេល​កំណត់​ដោយសារតែ​អាកប្ប​ក​រិ​យា​ល្អ ដោយបាន​ជាប់ឃុំ​រយៈពេល​៤០​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​ទាំង​អ្នកស្រី ជុំ ម៉ុ​ន​ថា និង​លោក ផាន ចំរើន ដែល​សព្វថ្ងៃ​រស់នៅ​ទីក្រុង Saint Paul រដ្ឋ​មី​នី​សូ​តា បានកើត​នៅ​ជំរំ​ជនភៀសខ្លួន​ខាវ​អ៊ី​ដាង ប្រទេស​ថៃ នៅពេលដែល​ឪពុកម្តាយ​របស់​អ្នក​ទាំងពីរ​បាន​ភៀសខ្លួន​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម នៅ​ចុង​ពាក់កណ្តាល​ទសវត្សរ៍​១៩៧០​។​


រូបឯកសារ៖ “Release MN8” ឬ​បក​ប្រែ​ជា​ភាសាខ្មែរ​ថា «‍ដោះលែង បុរស​៨នាក់​នៅ Minnesota» គឺជា​សកម្មជន​មួយ​ក្រុម​នៅ​រដ្ឋ​ Minnesota ដែល​បាន​រួបរួម​គ្នា​កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​បុរស​ខ្មែរ៨​នាក់ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន ដើម្បី​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​កាលពី​អតីតកាល ហើយ​បាន​ជាប់​ទោស​រួច​រាល់​ហើយ។ បុរស​ប្រាំនាក់ ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។ (ទែន សុខស្រីនិត/VOA)
 
​យ៉ាងណាមិញ ពីរ​ឆ្នាំ​ក្រោយពី​ការតវ៉ា​របស់​អ្នកស្រី​បាន​ជោគជ័យ គេ​នៅតែ​ឃើញ អ្នកស្រី ជុំ ម៉ុ​ន​ថា ចូលរួម​តវ៉ា​ជាមួយ​សមាជិក​នៃ​សហគមន៍​អាស៊ី​អាមេរិកាំង​ផ្សេងៗ​ទៀត រួមមាន​វៀតណាម និង​ឡាវ នៅមុខ​ការិយាល័យ​អាជ្ញាធរ​គយ​និង​អន្តោប្រវេសន៍ នៅ​ទីក្រុង Sacramento រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

 
 
​នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA អ្នកស្រី​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការបន្ត​តវ៉ា​រក​យុត្តិធម៌​ដល់​ជនជាតិខ្មែរ​ផ្សេងៗ​ទៀតថា​៖
 
«​​[​ការតវ៉ា​រក​យុត្តិធម៌​នេះ​] បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ក្លាយជា​សំឡេង​តំណាង​ឲ្យ​បងប្អូន​ជនជាតិខ្មែរ​ជាច្រើន​ដែល​មិនអាច​បញ្ចេញ​សំឡេង​តំណាង​ឲ្យ​សមាជិកគ្រួសារ​របស់​ពួកគេ​បាន​។ ដូច្នេះ ការតវ៉ា​នេះ​គឺជា​មធ្យោបាយ​មួយ​របស់ខ្ញុំ​ក្នុងការ​ធ្វើការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​បាន​នៅ​ជួបជុំគ្នា​។ ដោយសារតែ​នៅក្រោម​រដ្ឋបាល​នេះ ជនជាតិខ្មែរ​ជាច្រើន​នាក់​ត្រូវបាន​ចាប់បញ្ជូន​ខ្លួន គឺ​កើន​ដល់​ទៅ​២២៩​ភាគរយ តាំងពី​រដ្ឋបាល​ថ្មី​នេះ​ចូលកាន់​តំណែង​»​។​
 
​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​បាន​ធ្វើឡើង​កាលពីដើម​ខែតុលា​នេះ ដោយមាន​ការចូលរួម​ពី​ពលរដ្ឋ​ជាង​៥០០​នាក់ មកពី​សហគមន៍​អាស៊ី​អាមេរិកាំង នៅ​ទីក្រុង Boston រដ្ឋ​ម៉ាស្សាឈូសេត ទីក្រុង Sacramento និង​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​នៅ​រដ្ឋ Rhode Island និង​រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បែប​អមនុស្សធម៌​របស់​អាជ្ញា​ធរ​គយ​និង​អន្តោប្រវេសន៍ មកលើ​សហគមន៍​ជនជាតិខ្មែរ ដែលជា​ក្រុម​អតីតជន​ភៀសខ្លួន ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​ពី​អតីតកាល បើទោះបីជា​ពួកគេ​បាន​ជាប់ទោស​រួចហើយ​ក្តី​។​
 
​តាមច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៦​របស់​សហរដ្ឋអាមេរិក (Illigal Immigration and Immigrant Responsibility Act of 1996) ជនអន្តោប្រវេសន៍​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ នឹងត្រូវ​បាត់បង់​សិទ្ធិ​រស់នៅ​ស្របច្បាប់​នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​ប្រឈម​នឹង​ការ​និរទេស​ទៅ​ប្រទេស​ដើមកំណើត​របស់ខ្លួន​វិញ​។ ហើយ​កិច្ចព្រមព្រៀង​មាតុភូមិនិវត្តន៍​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា ចុះ​កាលពី​ឆ្នាំ​២០០២ បាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុ​ជាមាន​កាតព្វកិច្ច​ក្នុងការ​ទទួលយក​ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​អន្តោប្រវេសន៍ ទៅ​ប្រទេស​កម្ពុជា​តាម​ការស្នើសុំរ​បស់​រដ្ឋាភិបាល​អាមេរិក ដោយ​គ្មាន​ករណី​លើកលែង​។​
 
​អតីតជន​ភៀសខ្លួន​៖ ភាពក្រីក្រ អវិជ្ជា ការប្រព្រឹត្ត​បទល្មើស​
​ក៏ប៉ុន្តែ ភាពចម្រូងចម្រាស​បាន​កើតមានឡើង នៅពេលដែល​មន្ត្រី​គយ​និង​អន្តោប្រវេសន៍​បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ ដោយ​ស្វែងរក​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​ពី​អតីតកាល បើទោះបីជា​ពួកគេ​បាន​ជាប់ទោស​រួចហើយ និង​បាន​កែប្រែ​ខ្លួន​រស់នៅ​ក្នុងសង្គម​ដោយ​មិន​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត​ក្តី​។ ហើយ​ជនរងគ្រោះ​នៃ​ការស្វែងរក​ចាប់ខ្លួន​របស់​មន្ត្រី​គយ​និង​អន្តោប្រវេសន៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួមទាំង​អតីតជន​ភៀសខ្លួន​ខ្មែរ វៀតណាម និង​ឡាវ​ជាដើម​។​
 
​សកម្មជន​គាំពារ​សិទ្ធិ​ពលរដ្ឋ​អាស៊ី​អាមេរិកាំង ដូចជា​អ្នកស្រី ជុំ ម៉ុ​ន​ថា បាន​ចាត់ទុកថា ការធ្វើ​បែបនេះ គឺជា​ការរំលោភ​សិទ្ធិរ​បស់​សមាជិក​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍​ដែលជា​ក្រុម​ជនជាតិភាគតិច​នៅ​សហរដ្ឋអាមេរិក ជាពិសេស​ក្រុម​អតីតជន​ភៀសខ្លួន​មកពី​កម្ពុជា ឡាវ និង​វៀតណាម ដែល​បាន​ភៀសខ្លួន​មក​រស់នៅ​សហរដ្ឋអាមេរិក ដោយសារតែ​សង្គ្រាម​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​ពាក់ព័ន្ធ​។​
 
​អ្នកស្រី ជុំ ម៉ុ​ន​ថា បាន​ថ្លែងថា​៖
 
«​‍​សហគមន៍​ខ្មែរ​យើង​មិន​បានទទួល​ការអប់រំ​អី​ទេ​។ [​អាមេរិក​] យក​ពួកយើង​មក​រស់នៅ​ក្នុងប្រទេស ក្នុងនាម​ជា​ជនភៀសខ្លួន ហើយ​ដាក់​ពួកយើង​ឲ្យ​រស់នៅក្នុង​តំបន់​ពោរពេញ​ដោយ​ភាពក្រីក្រ ហើយ​ពួកយើង​ត្រូវបាន​គេ​ចម្អក ដោយសារ​ពួកយើង​ខុសពី​គេ​»​។​
 
​អ្នកស្រី Katrina Dizon Mariategue អ្នកគ្រប់គ្រង​គម្រោង​គោលនយោបាយ​អន្តោប្រវេសន៍​នៃ​អង្គការ SEARAC ដែល​ធ្វើការ​គាំពារ​មតិ​និង​សិទ្ធិ​របស់​សហគមន៍​ខ្មែរ ឡាវ និង​វៀតណាម ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បញ្ជាក់ថា ភាពក្រីក្រ ការខ្វះ​ឱកាស​ទទួលបាន​ការអប់រំ និង​ការមិនទទួលបាន​ជំនួយ​ឲ្យ​បាន​គ្រប់គ្រាន់​ពី​រដ្ឋាភិបាល​អាមេរិក បាន​បង្ក​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សហគមន៍​ជនភៀសខ្លួន​ខ្មែរ ដែល​អ្នកខ្លះ​បាន​ធ្លាក់ខ្លួន​ចូល​ក្រុម​ជនពាល និង​ប្រព្រឹត្ត​បទល្មើស ដែល​តាមច្បាប់​អន្តោប្រវេសន៍​អាមេរិក បណ្តាល​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការចាប់​បញ្ជូន​ខ្លួន​ទៅ​កម្ពុជា​។​
 
​អ្នកស្រី Katrina បាន​ថ្លែងថា​៖
 
«​‍​ពួកគេ​មិនចេះ​និយាយ​ភាសា​អង់គ្លេស​ទេ ហើយ​ព្យាយាម​កសាង​ជីវិត​ថ្មី​។ ដោយ​ខ្វះ​ឱកាស​ទទួលបាន​ការអប់រំ​ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត ក្រុម​ជនភៀសខ្លួន​ទាំងនេះ​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន ដែល​បណ្តាល​ឲ្យ​ពួកគេ​ខ្លះ​ធ្លាក់​ក្នុងស្ថានភាព​ដែល​ប្រឈម​នឹង​ការ​និរទេស​ខ្លួន​។ ជា​ញឹកញាប់ យុវជន​នៃ​សហគមន៍​ជនភៀសខ្លួន​បាន​ធ្លាក់ខ្លួន​ក្លាយជា​ក្រុម​ជនពាល ហើយ​ជា​លទ្ធផល ពួកគេ​បានជា​ប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​យើង​យល់ថា ឧក្រិដ្ឋកម្ម​នោះ​កើតឡើង​ដោយសារ​ភាពក្រីក្រ​»​។​
 
​សកម្មជន​គាំពារ​សិទ្ធិ​សហគមន៍​អាស៊ី​អាមេរិកាំង​រូបនេះ បាន​បន្ថែមថា សហគមន៍​ដទៃទៀត​គួរតែ​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិ​តស៊ូ​របស់​សហគមន៍​ខ្មែរ​នៅ​ដើម​ទសវត្សរ៍​១៩៨០ ដើម្បី​អប់រំ​ខ្លួន​អំពី​ឫសគល់​នៃ​បញ្ហា​ប្រឈម​នានា ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិខ្មែរ​មួយចំនួនធំ​ធ្លាក់ខ្លួន​ប្រព្រឹត្ត​បទល្មើស​កាលពី​ក្មេង​។ ប៉ុន្តែ​អ្នកស្រី​ក៏បាន​កត់សម្គាល់​ផងដែរ​ថា អ្នក​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​ពីមុន​ភាគច្រើន​បាន​កែខ្លួន បន្ទាប់ពី​ទទួលទោស​រួចហើយ ហើយ​រស់នៅ​ក្នុងសង្គម​ដោយ​សាមញ្ញ​។​
 
​ចាប់តាំងពី​ដើមឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ ជនជាតិខ្មែរ​ចំនួន ៨០​នាក់ ត្រូវបាន​និរទេស​ទៅ​ប្រទេស​កម្ពុជា​។ ហើយ​គិតពី​ថ្ងៃទី​២១ ខែកញ្ញា​មកទល់ពេលនេះ ជនជាតិខ្មែរ​ចំនួន ១,៧៦៤​នាក់ បានទទួល​ដីកា​ចាប់បញ្ជូន​ខ្លួន​ទៅ​កម្ពុជា​។ ក្នុងចំណោម​អ្នក​ទាំងនោះ ជនជាតិខ្មែរ​ចំនួន ១,២៧៦​នាក់ មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ក្នុងនោះ ២៤​នាក់ កំពុងតែ​ត្រូវបាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​របស់​អាជ្ញា​ធរ​គយ​និង​អន្តោ​ប្រវេ​ស៍​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Paige D. Hughes អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​គយ​និង​អន្តោប្រវេសន៍ នៅក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​មកកាន់ VOA​។​
 
​បើ​គិត​ចាប់តាំងពី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មាតុភូមិនិវត្តន៍​ឆ្នាំ​២០០២​មក ជនជាតិខ្មែរ​សរុប​ចំនួន ៧៣៣​នាក់ ត្រូវបាន​ចាប់​បញ្ជូនទៅ​កម្ពុជា​។​
 
​ការតស៊ូ​មតិ​ជា​សហគមន៍​
​ទោះជា​យ៉ាងណាក្តី អ្នកស្រី ជុំ ម៉ុ​ន​ថា បាន​ប្រាប់ VOA ថា ការប្រមូលផ្តុំ​គ្នា​របស់​សហគមន៍​អាស៊ី​អាមេរិកាំង មាន​សារៈសំខាន់​ក្នុងការ​ស្វែងរក​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការចាប់​ឃុំខ្លួន និង​បញ្ជូន​ខ្លួន​ពលរដ្ឋ​អាស៊ី​នៅ​សហរដ្ឋអាមេរិក ដោយ​គ្មាន​មនុស្សធម៌​។​
 
​ការប្រមូល​ផ្តុំគ្នា និង​ការតវ៉ា​ជា​ក្រុម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​សហគមន៍​អាស៊ី​អាមេរិកាំង​កំពុងតែ​ពង្រីក ដើម្បី​ធានាថា ការចាប់ខ្លួន​សមាជិក​នៃ​សហគមន៍​នេះ​ដោយ​មន្ត្រី​គយ​និង​អន្តោប្រវេសន៍ ត្រូវបាន​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាម​នីតិរដ្ឋ និង​ផ្អែកលើ​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។​
 
​អ្នកស្រី ជុំ ម៉ុ​ន​ថា បាន​ថ្លែងថា​៖
 
«​‍​បើ​និយាយ​ពីស​កម្ម​ភាពជា​ថ្នាក់ជាតិ​វិញ យើង​បានចេញ​តវ៉ា​ពេញ​ប្រទេស​អំពី​ការស្វែងរក​ចាប់ខ្លួន​មនុស្ស​នៅក្នុង​សហគមន៍​ខ្មែរ ហើយ​កាលពី​សប្តាហ៍​មុន យើង​បានដឹងថា ជនជាតិខ្មែរ​យើង​មួយចំនួន​ត្រូវបាន​សម្ភាស​ដោយ​មន្ត្រី​កុងស៊ុល​ខ្មែរ​។ ដូច្នេះ​យើង​មិនទាន់​ដឹងថា ជនជាតិខ្មែរ​ចំនួន​ប៉ុន្មាន​នាក់​ឲ្យ​ប្រាកដ​ទេ ដែល​នឹង​ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​។ ប៉ុន្តែ យើង​កំពុងធ្វើការ​រួមគ្នា​ជា​ថ្នាក់ជាតិ ដើម្បី​ព្យាយាម​ជួយ​ឲ្យ​គ្រួសារ​ខ្មែរ​បាន​នៅ​ជុំគ្នា​»​។​
 
​អ្នកស្រី Katrina Dizon Mariategue នៃ​អង្គការ SEARAC ក៏បាន​បញ្ជាក់​ផងដែរ​ថា នាពេល​បច្ចុប្បន្ននេះ សហគមន៍​អាស៊ី​អាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋអាមេរិក កំពុងតែ​ប្រមូលផ្តុំ​មតិ​គ្នា ដើម្បី​ទាមទារ​ឲ្យ​មានការ​អន្តរាគមន៍​ពី​ថ្នាក់​រដ្ឋ ជាពិសេស​ពី​អភិបាលរដ្ឋ ក្នុងការ​ផ្តល់​ការលើកលែងទោស​ដល់​អ្ន​ក​ដែលមាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​។​
 
​ការផ្តល់​ការលើកលែងទោស​នេះ មានន័យថា ពួកគេ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​ក្រុម​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ដែលជា​លទ្ធផល​នឹង​ជួយ​ឲ្យ​ពួកគេ​អាច​រួច​ផុតពី​ការចាប់​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ ក្នុងករណី​ដែល​សំណុំរឿង​ថ្មី​របស់​ពួកគេ​ទទួលបាន​ជោគជ័យ តាម​នីតិវិធី​នៃ​តុលាការ​អន្តោប្រវេសន៍​។​
 
​អ្នកស្រី Katrina លើកឡើងថា​៖ «​‍​នៅ​ថ្នាក់​រដ្ឋ ដោយមាន​ការលើកលែង​ទោស​ពី​អភិបាលរដ្ឋ វា​នឹង​ជួយ​សម្រួល​ដល់​ការរៀបចំ​សំណុំរឿង​ដើម្បី​ទាមទារ​ឲ្យ​មានការ​លុបចោល​ការចាប់​បញ្ជូន​ខ្លួន​ពួកគេ​បាន​»​។​
 
​ក៏ប៉ុន្តែ ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គេ​ឃើញ​មានការ​បង្កើន​ការ​រឹតបន្តឹង​និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បែប​ទ្រង់ទ្រាយ​ធំ និង​យ៉ាង​រហ័ស ដែល​បង្ក​ជាការ​លំបាក​ដល់​សហគម​ន៍​ក្នុងការ​ស្វែងរក​ការអន្តរាគមន៍​ណាមួយ​ឲ្យ​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​មានការ​ចាប់បញ្ជូន​ខ្លួន​បែប​អមនុស្សធម៌​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ រដ្ឋា​បាល​លោក ត្រាំ បានដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​ក​ម្ពុ​ជា​ដែល​ធ្វើការ​នៅ​ក្រសួងការបរទេស ដោយសារតែ​កម្ពុជា​មិនបាន​អនុវត្តតាម​កិច្ចព្រមព្រៀង​មាតុភូមិនិវត្តន៍​ឆ្នាំ​២០០២​រវាង​អាមេរិក​និង​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​អ្នកស្រី Katrina បាន​ថ្លែងថា​៖
 
«​‍​ដោយសារតែ​មូលហេតុ​នេះ យើង​កំពុងតែ​ឃើញថា អាជ្ញាធរ​គយ​និង​អន្តោប្រវេសន៍​អនុវត្ត​ច្បាប់​យ៉ាង​សាហាវ ហើយ​ដាក់​សម្ពាធ​បន្ថែម​លើ​កម្ពុជា​»​។​
 
​ក្រុម​សកម្មជន​គាំពារ​សិទ្ធិ​សហគមន៍​អាស៊ី​អាមេរិកាំង​កំពុង​ព្រួយបារម្ភ​ថា ជនជាតិខ្មែរ​ជាច្រើន​នាក់ នឹង​ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​ទៅ​កម្ពុជា​។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​សហគមន៍​ដូចជា អ្នកស្រី ជុំ ម៉ុ​ន​ថា ក្តីសង្ឃឹម​ក្នុង​ការជួយ​គ្រួសារ​ខ្មែរ​ឲ្យ​បាន​នៅ​ជួបជុំគ្នា ត្រូវតែមាន​ជា​បន្តទៀត ទោះបីជា​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​លំបាក​យ៉ាងណាក៏ដោយ​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖
 
«​‍​ប៉ុន្តែ​យើង​មិនត្រូវ​បោះបង់​ការតស៊ូ​ចោល​ទេ ហើយ​ត្រូវមាន​ក្តីសង្ឃឹម ហើយ​ត្រូវ​សកម្ម​ក្នុងការ​ទាក់ទង​ទៅ​សហគមន៍​ទាំងមូល មុននឹង​ការស្វែងរក​ចាប់ខ្លួន​មនុស្ស [​ដោយ​មន្ត្រី​គយ​និង​អន្តោប្រវេសន៍​] កើតឡើង ដើម្បី​ឲ្យ​យើង​អាចជួយ​ពួកគេ​បាន​មុននឹង វិបត្តិ​កើតឡើង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com