អន្តរជាតិ
សហភាព​អឺរ៉ុប គ្រោង​បើក​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ថៃ​ឡើងវិញ​
17, Oct 2019 , 10:13 am        
រូបភាព
រូបភាព (Bangkok Post)
រូបភាព (Bangkok Post)
​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ថ្មីៗ​នេះ បាន​លើកឡើងថា សហភាព​អឺរ៉ុប គ្រោង​បើក​កិច្ចចរចា​ជាមួយ​ប្រទេស​ថៃ​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​។ សហភាព​អឺរ៉ុប បាន​ផ្អាក​ការចរចា​ពាណិជ្ជកម្ម​មួយរយៈ​ហើយ ពោលគឺ​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០១៤​មក​ម្លេះ​។



​បន្ទាប់ពី​មានការ​រដ្ឋប្រហារ​រដ្ឋា​ភិ​បាល​ស៊ីវិល​ក្នុង​ឆ្នាំ ២០១៤ អឺរ៉ុប បាន​លើកឡើងថា ទំនាក់ទំនង​រវាង​សហភាព​អ៊ឺរ៉ុប និង​ថៃ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ចំណែក​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ត្រូវ​ផ្អាក​មួយរយៈ​។

​តាម​ការចុះផ្សាយ​របស់​ព័ត៌មាន Bangkok Post សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​ភ្ជាប់​សេចក្តីសម្រេចចិត្ត​ខ្លួន​ទៅនឹង​ការបោះឆ្នោត​កាលពី​ខែមីនា ឆ្នាំ​២០១៩ បាន​លើកឡើងថា ប្រទេស​ថៃ​បានបញ្ចប់​ការដឹកនាំ​ដោយ​របប​យោធា​ក្នុង​រយៈពេល ៥​ឆ្នាំ​ជា​ផ្លូវការ​។ ក្នុងន័យនេះ វា​គឺជា​ពេល​ដ៏​សាក​សម​បំផុត ដែល​សហភាព​អឺរ៉ុប ត្រូវ​ចាប់ផ្តើម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ ឲ្យ​កាន់តែ​ទូលំទូលាយ​ជាមុន​។

​ជាការ​ពិត ការបើក​កិច្ចចរចា​ឡើងវិញ​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រៀបចំ​ចុះ​ហត្ថ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ ជាក់ស្តែង សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប គឺ​ផ្តោត​សំខាន់​ទៅលើ​ជំហាន​នៃ​ការចរចា​ឡើង​វី​ញ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។

​ផ្អែក​ទៅតាម​គណៈកម្មការ​អឺរ៉ុប ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​ថៃ​មាន​ទំហំ​រហូតដល់ ៤២​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៨​។ សូមបញ្ជាក់ថា ថៃ គឺជា​ទីផ្សារ​នាំចេញ​ធំ​ទី​៣ របស់​សហភាព​អឺរ៉ុប ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ២២,៩ ពាន់​លាន​ដុល្លារ នៃ​ទំនិញ និង​សេវាកម្ម ហើយ​ភាគច្រើន​ជា គ្រឿង​ម៉ាស៊ីន និង​សំភារៈ​សម្រាប់​ដឹកជញ្ជូន​៕

Tag:
 អឺរ៉ុប​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com