អន្តរជាតិ
មេដឹកនាំ​ក្រុមបាតុករ​ហុងកុង​ម្នាក់ រង​ការវាយប្រហារ​តាមផ្លូវ​
17, Oct 2019 , 11:29 am        
រូបភាព
ឈាមនៅកន្លែងកើតហេតុដែលលោក Jimmy Sham រងការវាយប្រហារ។ រូបភាព AFP
ឈាមនៅកន្លែងកើតហេតុដែលលោក Jimmy Sham រងការវាយប្រហារ។ រូបភាព AFP
ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃទី​១៦​ខែតុលា មេដឹកនាំ​ក្រុមបាតុករ​នៅ​ហុងកុង​លោក Jimmy Sham ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ក្រោយពេល​រូបលោក​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​វាយ​នឹង​ញញួរ​នៅតាម​ផ្លូវ​។​



​ក្រុមបាតុករ​ដែល​ហៅថា Civil Human Rights Front ( CHRF) បាន​និយាយថា មេដឹកនាំ​របស់​ពួកគេ​ឈ្មោះ Jimmy Sham ត្រូវបាន​វាយ​ដោយ​មនុស្ស​៤​ទៅ​៥​នាក់​ដែល​ក្នុង​ដៃ​ពួកគេ​មាន​ញញួរ នៅ​សង្កាត់ Mong Kok​។ សកម្មភាព​ហិង្សា​នេះ​ត្រូវបាន​ក្រុមបាតុករ​នេះ​ហៅថា ជា​សកម្មភាព​ភេរវកម្ម​នយោបាយ​។​

​ក្រុម CHRF​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Sham ត្រូវបាន​គេ​វាយ​បែកក្បាល​និ ង​បាន​បញ្ជូនទៅ​មន្ទីរ​ពរ​ទ្យ Kwong Wah ។ ក្រុម​ដដែល​នេះ បន្ថែមថា លោក​បានដឹងខ្លួន​ឡើងវិញ​នៅពេល​ទទួលបាន​ការព្យាបាល​រួច​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​រូបភាព​ដែល​បាន​បង្ហោះ​អន​ឡាញ​បានបង្ហាញ​ពី​លោក Sham ដេក​ក្នុង​ថ្លុកឈាម​។ CHRF លើកឡើងថា​៖ «​វា​គឺជា​រឿង​ដែល​ពិបាក​ដែល​មិនអោយ​យើង​គិតថា​ឧប្បត្តិ​ហេតុនេះ​ជា អំពើ​ភេរវកម្ម​នយោបាយ ដែលមាន​គោលបំណង​ចង់​បំភ័យ រារាំង​ការតវ៉ា​និង​ការ​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការតវ៉ា​»​។​

​ក្នុង​ហេតុការណ៍​នេះដែរ ក្រុម​អ្នក​បាតុករ​ដែល​នៅ​ជិតៗ​នោះ​មានបំណង​ចង់​ចូលទៅ​ជួយ​លោក Sham ដែរ តែ​ក្រុម​ជនល្មើស​បាន​យក​កាំបិត​មក​គំរាម​ពួកគេ​។​លោក Sham គឺជា​អ្នកនាំពាក្យ និង​ជា​មេដឹកនាំ​សំខាន់​មួយរូប​ក្នុង​ក្រុម CHRF ។ ក្រុម CHRF នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមបាតុករ​ដែល​ធ្វើបាតុកម្ម​អហិង្សា និង​បានរៀបចំ​ការតវ៉ា​តាមផ្លូវ​ដោយ​សន្តិភាព​កន្លងមក​។​

​គួរបញ្ជាក់​ផងដែរ​ថា បាតុកម្ម​នៅ​ហុងកុង​នៅតែ​ក្ដៅគគុក​ដដែល​។ បញ្ហា​នៅ​ទីនោះ​ហាក់​គ្មាន​ភាព​ថមថយ ខណៈ​ក្រុមបាតុករ​កាន់តែ​តវ៉ា​ខ្លាំង​ឡើង​។ នៅ​ប៉ុន្មាន​ខែ​នេះ​សកម្មជន​បាតុករ​មួយចំនួន​បាន​រង​ការវាយប្រហារ​ដោយ​ក្រុមគាំទ្រ​ចិ ន​និង​រដ្ឋាភិបាល​។ ខណៈដែល​អំពើហិង្សា​បាន​កើនឡើង ក្រុមបាតុករ​បានចាប់ផ្តើម​តទល់​វិញ និង​បាន​វាយប្រហារ​លើ​ក្រុម​ដែលមាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន និង​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com