អ្នកប្រដាល់អាមេរិក Patrick Day បានទទួលមរណភាព នៅថ្ងៃទី១៦ ខែតុលា នៅត្រឹមវ័យ២៧ឆ្នាំ ពោលគឺ៤ថ្ងៃបន្ទាប់ពីរងរបួសក្បាលរហូតប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ អំឡុងពេលប្រកួតជាមួយកីឡាករ Charles Conwell។ Patrick ជាអ្នកប្រដាល់ទី៣ហើយ ដែលស្លាប់តាមរយៈការឡើងរេញនៅឆ្នាំ២០១៩នេះ។
Patrick បានដួលសន្លប់បាត់ស្មារតីនៅលើរេញ ក្រោយ Conwell វាយឲ្យសន្លប់នៅក្នុងទឹកទី១០ នាការប្រកួតប្រភេទទម្ងន់មធ្យម នៅសង្វៀន Wintrust Arena ក្នុងក្រុង Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែតុលា។
Conwell ដែលជាកីឡាករអូឡាំពិកឆ្នាំ២០១៦ របស់អាមេរិក វ័យ២១ឆ្នាំ បានវាយឲ្យ Patrick រាប់ដល់ទៅ៣លើក ពោលគឺក្នុងទឹក៤ និង៨ មុនសន្លប់ធំនៅទឹកទី១០។
អ្នកផ្គូផ្គងកីឡាប្រដាល់លោក Lou DiBella ជាអ្នកបញ្ជាក់ពីការស្លាប់របស់ Patrick នៅឯមន្ទីរពេទ្យ Northwestern Memorial ដោយអះអាងថារូបគេប៉ះពាល់ក្បាលធ្ងន់ធ្ងរ។ ក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធ និងសមាជិកក្រុមប្រដាល់របស់ Patrick បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងក្រោយមរណភាពនេះ។