អន្តរជាតិ
ថៃ ត្រៀម​រួចរាល់​ក្នុង​ការបើក​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៥
17, Oct 2019 , 12:19 pm        
រូបភាព
​ប្រសិន​គ្មាន​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​ទេ ទីក្រុង​បាងកក​នឹង​បើកទ្វារ​ចាំ​ទទួល​ប្រមុខ​ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ ដែលជា​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​សន្ទនា​មកពី​បណ្តាល​ប្រទេស​ទាំង​១៨ ចាប់ពី​ថ្ងៃទី ៣១ ខែតុលា​ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា​ខាងមុខ​។ កិច្ចប្រជុំ​លើក​នេះ ត្រូវបាន​គេ​មើលឃើញថា នឹងមាន​ការចូលរួម​ពី​សំណាក់​មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន​។



​បន្ទាប់ពី​វេន​សិង្ហ​បុរី​នៅ​ឆ្នាំ ២០១៨ ឥឡូវ​ដល់​វេន​ថៃ ត្រូវ​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៥ នៅក្នុង​ឆ្នាំ ២០១៩​ម្តង​។ ប្រជាជាតិ​អាស៊ី​អា​គ្នេ​ណ៍​ទាំង ១០​ប្រទេស និង​ដៃគូ​សន្ទនា​ផ្សេងៗ ត្រូវ​មកជួប​គ្នា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ជាច្រើន ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។

​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៥ នឹងមាន​វត្តមាន​មេដឹកនាំ​មកពី​ប្រទេស​ធំៗ​ជាច្រើន​។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai បាន​គូសបញ្ជាក់ថា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង នឹងចូលរួម​កិច្ចប្រជុំ​នេះ​។

​ប្រមុខ​ការទូត​ថៃ​រូបនេះ បាន​អះអាងថា ជំនួប​លើក​នេះ ប្រហែល​ជាមាន​វត្តមាន​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​មកទល់នឹង​ពេលនេះ ថៃ​មិនទាន់​បានទទួល​ការបញ្ជាក់​ណាមួយ​ពី​អាមេរិក​ឡើយ ខណៈ​លិខិតអញ្ជើញ​បាន​ផ្ញើ​ទៅរួច​ហើយ​។​

​បើ​តាមមើល​ជាក់ស្តែង វត្តមាន​របស់​ត្រាំ ទំនងជា​អត់​មានមុខ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ច្រើនជាង ព្រោះ​កាលពី​កិច្ចប្រជុំ​លើក​ទី​៣៣ នៅ​សិង្ហ​បុរី ក៏​ប្រធានាធិបតី​អាមេរិក​រូបនេះ មិនបាន​ចូលរួម​ដែរ ហើយ​បច្ចុប្បន្ន​លោក ត្រាំ ក៏​កំពុង​ដោះស្រាយ​បញ្ហា​រដ្ឋសភា​ដកតំណែង​របស់ខ្លួន​ទៀត​។

​ទាក់ទិន​ទៅនឹង​ជំនួប​លើក​ទី​៣៥​នេះ មេដឹកនាំ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់ ដែល​មកពី​ប្រទេស​ទាំង ១៨ នឹងត្រូវ​ជួបគ្នា នៅ​មជ្ឈមណ្ឌល IMPACT Exhibition and Convention នា​ទិស​ពាយព្យ​នៃ​ទីក្រុង​បាងកក​។ ចំណែក​ខាង​សន្តិសុខ​វិញ ថៃ​ត្រៀម​ដាក់​កម្លាំង​ប៉ូលីស​រហូតដល់ ១​ម៉ឺន​នាក់ ដើម្បី​ធ្វើ​ឲ្យ​កិច្ចប្រជុំ មាន​សុវត្ថិភាព និង​រលូន​ទៅមុខ​។

​បន្ទាប់​ជំនួប​ផ្លូវ​ការលើក​ទី​៣៥ ភាគី​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី នឹងមាន​ជំនួប​ក្រៅផ្លូវការ​មួយទៀត ដែល​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់ត្រីកោណ ឬ Indonesia-Malaysia-Thailand Growth Triangle (IMT-GT)៕


Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com