ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន នឹងយកសាកសពសត្វប្រើស ទៅធ្វើជារូបសំណាក
× ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងយកសាកសពសត្វប្រើស ទម្ងន់២០០គីឡូក្រាម ទៅធ្វើជារូបសំណាក ដើម្បីទុកឱ្យសាធារណជនទស្សនា។ សាកសពសត្វប្រើសនេះ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិបុស្សធំ ខេត្តព្រះវិហារ ប្រទះឃើញ កាលពីថ្ងៃទី១៦ តុលា។ សត្វប្រើសនោះ ត្រូវបានព្រានព្រៃបាញ់សម្លាប់ត្រង់ក ដោយគ្រាប់កាំភ្លើងកែច្នៃ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រោយពីពលរដ្ឋប្រារព្ធពិធីធ្វើបុណ្យតាមបែបសាសនា ឲ្យសត្វប្រើសនោះរួចមក មន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានដឹកយកសាកសពសត្វប្រើសនោះ មកខេត្តសៀមរាប ដើម្បីឲ្យអ្នកជំនាញរៀបចំធ្វើជារូបសំណាក សម្រាប់ទុកបម្រើផលប្រយោជន៍ ក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រអំពីជីវៈចម្រុះ និងប្រភេទសត្វប្រើស ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះថា៖«យើងប្រឡេះតែស្បែក និងយកឆ្នឹងរបស់វា(សត្វប្រើសងាប់)តែប៉ុណ្ណោះ ក្រៅពីហ្នឹងយើងយកទៅទុកនៅទីពិសោធន៍។ យើងធ្វើរូបសំណាកនេះ យើងមានអ្នកជំនាញធ្វើយ៉ាងម៉េច កុំឲ្យធុំក្លិន និងដាក់សារធាតុមួយចំនួន ដើម្បីកុំឲ្យវារលួយ។ បន្ទាប់មកគេដេរឡើងវិញ និងញាត់សំឡីនៅពីក្នុង ដើម្បីឲ្យចេញជារូបសំណាកសត្វប្រើសនេះ។ រូបសំណាកនេះ សម្រាប់ដាក់តាំងបង្ហាញឲ្យសាធារណជនទស្សនាក្នុងកម្មវិធីតាំងពិព័រណ៍នានា។
ដើម្បីទប់ស្កាត់នឹងការបាត់បង់សត្វព្រៃ អ្នកនាំពាក្យក្រសួងបរិស្ថាន ជំរុញឲ្យសមត្ថកិច្ចយកចិត្តទុកដាក់លើការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស និងអ្នកប្រើប្រាស់អាវុធកែច្នៃខុសច្បាប់។ «ប្រជាពលរដ្ឋដែលបានឃើញជនល្មើសបរបាញ់សត្វព្រៃ ឬលក់សាច់សត្វព្រៃ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីបរិស្ថាន ឬមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមលោក នេត ភក្ត្រា ដែលបានបន្ថែមថា ការបំផ្លិចបំផ្លាញសត្វព្រៃត្រូវប្រឈមមុខច្បាប់។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា បើពលរដ្ឋមួយចំនួន ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ នៅតែបន្តកាន់កាប់អាវុធកែច្នៃខុសច្បាប់ និងលួចចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វខុសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់ ប្រសិនបើសមត្ថកិច្ចបង្ក្រាបបាន។ «ចំនួននៃបទល្មើសមានការថយចុះដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមជនល្មើស ការទប់ស្កាត់បង្ក្រាបបទល្មើស និងការដកអន្ទាក់ពីក្នុងព្រៃ ការចុះផ្សព្វផ្សាយអប់រំ ណែនាំ ការចុះបិទខិត្តប័ណ្ណ រាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ»។ នេះជាការអះអាងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលអំពាវនាវដល់ពលរដ្ឋកុំបាញ់សម្លាប់សត្វព្រៃខុសច្បាប់ និងកុំបរិភោគសាច់សត្វព្រៃ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។
បើតាមលោក នេត ភក្ត្រា ក្នុងរយៈពេល២ខែចុងក្រោយនេះ មានសត្វប្រើសចំនួន៣ក្បាលហើយដែលត្រូវបានងាប់ដោយសារព្រានព្រៃបាញ់ និងរថយន្តបុកស្លាប់។ សូមបញ្ជាក់ថា តំបន់ធម្មជាតិ និងអភិរក្សជីវៈចម្រុះក្នុងទំហំប្រមាណ៧,៥លានហិកតា នៅកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងមានមន្ត្រីឧទ្យានុរក្សចំនួន១២២០នាក់ ដែលមានតួនាទីដើរល្បាត ការពារ និងអភិរក្សជីវៈចម្រុះ។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន សត្វព្រៃជាច្រើន មានចំនួនកើនឡើងក្នុងតំបន់ការពារធម្មជាតិ ដូចជាប្រភេទសត្វជ្រូកព្រៃ ប្រើស ខ្លាឃ្មុំ ស្វាក្រវ៉ាត់ មាន់ព្រៃ សំពោចភ្នំ ឈ្លូសនិងសត្វជាច្រើនប្រភេទទៀត ក្នុងនោះមានទាំងសត្វកម្រផង ដែលត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា៕
Tag:
សត្វប្រើស
ធនធានធម្មជាតិ
ជីវចម្រុះ
© រក្សាសិទ្ធិដោយ thmeythmey.com