ជាតិ
២៥ខេត្ត/រាជធានី
លោក លីវ សុផល ពន្យល់​ពី​បច្ចេកទេស​បណ្តុះ និង​ដាំ​កូន​កោង​កាង​ឲ្យ​បាន​ផល​ល្អ​១០០​ភាគរយ​
17, Oct 2019 , 2:26 pm        
រូបភាព
ដោយ:
កំពត៖ ព្រៃកោងកាង​ដែល​គ្របដណ្តប់​ផ្ទៃដី​ជិត​២​ពាន់​ហិកតា នៅ​ខេត្តកំពត បាន​ក្លាយជា​រនាំង​ការពារ​ខ្យល់ព្យុះ និង​ជា​ជម្រក​របស់​សត្វ​បក្សី មច្ឆជាតិ ក្តាម បង្គា រស់នៅ​ផងដែរ​។ ជាពិសេស ព្រៃកោងកាង​បាន​ហុច​ផល​ដល់​អ្នកនេសាទ ដែល​រស់​នៅតាម​តំបន់​នោះ ដើម្បី​បំពេញ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ លោក លីវ សុផល គណៈកម្មការ​សហគម​ន៍​ត្រពាំង​សង្កែ នៅ​ស្រុក​ឈូក ខេត្តកំពត បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន ThmeyThmey25 ថា ពីរ​បច្ចេកទេស​បណ្តុះ​និង​ដាំ​កូន​កោង​កោង ឲ្យ​ទទួលបាន​ផល​ល្អ ១០០​ភាគរយ ដូចខាងក្រោម​នេះ​៖

 
​លោក លីវ សុផល បាន​រៀបរាប់​ពី​វិធី​ដាំ​កូន​កោង​កាង​មាន​ពីរ​របៀប​។ របៀប​ទី​១ នៅពេលដែល​ផ្លែ​វា​ទុំ វា​នឹង​ជ្រុះ​ទៅក្នុង​ទឹក ហើយ​វា​នឹង​ដុះ​ជា​បន្តបន្ទាប់ៗ​។ ចំណែក​របៀប​ទី​២ កាលណា​ដើម​កោង​កាង​មាន​ភាពរឹងមាំ​ហើយ វា​នឹងមាន​ផ្លែ​ដុះ​ចេញមក ពលរដ្ឋ​និយម​បេះ​ផ្លែ​វា​យកមក​បណ្តុះ​តែម្តង​។ លោក​អះអាងថា ការ​បេះ​ផ្លែ​វា​យកមក​បណ្តុះ វា​ផ្តល់​ផល​បាន​លឿន និង​លូតលាស់​បានល្អ​ជាង ការ​បណ្តា​យ​ឲ្យ​វា​ជ្រុះ​ផ្លែ ដុះ​ដោយ​ឯកឯង​។​
 
 
«​បើ​យើង​យក​ផ្កា​វា​ដែល​ជ្រុះ​ពី​ដើម​មក​បណ្តុះ វា​មិនសូវមាន​គុណភាព​ទេ ព្រោះ​វា​ស្អុយ ហើយ​បណ្តូល​របស់​វា អាច​នឹង​ស្វិត ព្រោះ​វា​ត្រូវ​ថ្ងៃ​យូរពេក អីចឹង​បណ្តុះ​អត់​សូវ​បាន​ជោគជ័យ​ទេ គឺ​បានតែ​៥០​ភាគរយ​ប៉ុណ្ណោះ​។ តែបើ​យើង​បេះ​ផ្កា​វាពី​ដើម​មក អាច​បណ្តុះ​បាន​ជោគជ័យ​១០០​ភាគរយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក លីវ សុផល គណៈកម្មការ​សហគម​ន៍​ត្រពាំង​សង្កែ ដែលមាន​បទពិសោធ​ដុះ​និង​ដាំ​កូន​កោង​ការរាប់​ឆ្នាំ​មកហើយ​។​
 
​មុននឹង​បានកូន​កោង​កាង​មួយ​ដើម គេ​យក​ផ្លែ​វា​មក​ដាំ​នៅ​នឹង​ដី​ភក់​ដែល​ច្រក​ក្នុង​ថង់​បណ្តុះ​កូនឈើ ដោយ​រង់ចាំ​រយៈពេល​២​សប្តាហ៍ ទើប​ចេញ​ស្លឹក​។ លោក​បញ្ជាក់ថា កូន​កោង​កាង​ដែល​លូតលាស់​បានល្អ គឺ​ត្រូវ​ដាំ​នៅ​ដី​ភក់​៧០​ភាគរយ ហើយ​លាយ​ដីខ្សាច់​៣០​ភាគរយ​។ សម្រាប់​ទីតាំង​ដែល​អាច​បណ្តុះ​កូន​កោង​កាង​បានល្អ​បំផុត គឺ​នៅ​កន្លែង​ដែលមាន​ទឹកសមុទ្រ​ជោរ​និង​នាច​។ ហើយ​បើកាលណា​គេ​ដាំ​វា នៅ​តំបន់​ដែល​សម្បូរ​ជីវជាតិ ដែលជា​តំបន់​ព្រៃកោងកាង​រេចរឹល វា​អាច​នឹង​លូតលាស់​បាន​លឿន​ជាង​ដី​ថ្មី ដែល​មិនមាន​ព្រៃកោងកាង​សោះ​។  
អត្ថបទទាក់ទង


លោក លីវ សុផល បាន​បញ្ជាក់ថា នៅក្នុង​សហគមន៍​ត្រពាំង​សង្កែ មាន​ដើម​កោង​កាង​តែ​៣២​ប្រភេទ​ប៉ុណ្ណោះ ខណៈ​នៅ​តំបន់​ផ្សេង និង​ប្រទេស​ផ្សេង គេ​មាន​រហូតដល់​ទៅ​ជាង​៤០​ប្រភេទ​។ បើតាម​លោក លីវ សុផល ក្នុងចំណោម​ដើម​កោង​កាង​ទាំង​៣២​ប្រភេទ​នេះ ដើម​កោង​កាង​ដែលមាន​ស្លឹក​តូច គឺជា​ប្រភេទ​ដើម​កោង​កាង​ដែល​លូតលាស់​បានល្អ​ជាងគេ។
 
​ដើម​កោង​កាង​ដែលមាន​អាយុកាល​៥​ឆ្នាំ​ឡើងទៅ ជា​ប្រភេទ​ដើម​ដែលមាន​ឫស​វែងៗ បែកខ្នែង​ស្អេកស្កះ និង​មាន​ដើម​រឹងមាំ អាចជួយ​ទប់​ខ្យល់ព្យុះ និង​រលក​ទឹកសមុទ្រ និង​ជា​ជម្រក​ដល់​សត្វ​បក្សី ក្តាម បង្គា ត្រី ងាវ រស់នៅ និង​សម្រាប់​ឲ្យ​អ្នកនេសាទ​អាច​រកចំណូលបាន​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក លីវ សុផល​។​
 
​គណៈកម្មាការ​សហគម​ន៍​ត្រពាំង​សង្កែ រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ជាទូទៅ​សហគមន៍​ត្រពាំង​សង្កែ​មាន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ព្រៃកោងកាង​ប្រមាណ​២​ពាន់​ទៅ​៣​ពាន់​នាក់ ហើយ​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ដែល​ចូលរួម​ដាំ​កូន​កោង​កាង​ចំនួន​៥០០​ដើម​ក្នុង​មួយខែ​៕
 

Tag:
 កោង​កាង​
 ​សមុទ្រ​
 ​ទេសចរណ៍​
 ​សហគមន៍​ត្រពាំង​សង្កែ​
 ​ពលរដ្
© រក្សាសិទ្ធិដោយ thmeythmey.com