អន្តរជាតិ
ជប៉ុន បញ្ចេញ​ជំនួយ​រាប់លាន​ដុល្លារ​ទៅ​ឲ្យ​តំបន់​ដែល​ត្រូវ​បំផ្លាញ​ដោយ​ព្យុះ Hagibis
17, Oct 2019 , 2:51 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង​

​នៅ​ថ្ងៃទី​១៦ តុលា រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​៦,៥​លាន​ដុល្លារ​ដើម្បី​ជួយ​តំបន់​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ព្យុះ​ទី​ហ្វុ​ង Hagibis ។ តុល្យការ​ចុងក្រោយ ព្យុះ​កំណាច​នេះ បានសម្លាប់​មនុស្ស​ជាង​៧០​នាក់​ទូទាំងប្រទេស​ជប៉ុន​។​


 
Hagibis បាន​បក់បោក​ឡើងលើ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ ដោយមាន​ខ្យល់​បោកបក់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​មិន​ធ្លាប់​ជួប​ពីមុនមក​។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មានការ​បាក់​ដី និង​បាក់​ច្រាំងទន្លេ​ជាច្រើន​ផងដែរ​។ 
 
​នៅក្នុង​ថ្ងៃទី​១៦ ខែតុលា រដ្ឋាភិបាល​ជប៉ុន​បានប្រកាសថា មនុស្ស​ស្លាប់មាន​រហូតដល់ ៧៤​នាក់ ខណៈ​មាន​មនុស្ស​រាប់សិប​នាក់​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​ផ្តល់ជំនួយ​ជា​ទឹកប្រាក់ ៧១០​លាន​យ៉េន ស្មើនឹង ជាង​៦​លាន​ដុល្លារ ដែល​ត្រូវ​កាត់​យកមក​ពី​ថវិកាបម្រុង​ក្នុងករណី​បន្ទាន់​ប្រាំ​រយ​ពាន់​លាន​យ៉េន​។ 
 
​រដ្ឋាភិបាល​នឹង​ឈរ​រួបរួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ជនរងគ្រោះ ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រឡប់​ទៅ​មានជីវិត​ធម្មតា​វិញ​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើបាន​។ នេះ​ជាការ​បញ្ជាក់​របស់លោក អា​បេ ។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន លោក Yoshihide Suga លើកឡើងថា សព្វថ្ងៃនេះ​ក្រុម​ជួយសង្គ្រោះ​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​នៅក្នុង​ការរុករក និង​ជួយសង្គ្រោះ​។ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ឥត​ស្រាក កម្រិត​ទឹកទន្លេ​ចេះតែ​បន្ត​កើនឡើង ហើយ​មាន​កន្លែង​ជាច្រើន​ពេញ​ទៅដោយ​ល្បាប់​ភក់​។​
 
​រថភ្លើង​ក្នុង​តំបន់​បាន​បើក​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ ប៉ុន្តែ​រថភ្លើង​ល្បឿន​លឿន Shinkansen មួយចំនួន​នៅ​តំបន់ Nagano និង Niigata បាន​ផ្អាក​ដំណើរការ​នៅឡើយ ដោយសារ​ទទួល​ការខូចខាត​ខ្លាំង​នៅ​ដោយសារ​ការវាយប្រហារ​ដោយ​ព្យុះ Hagibis នៅ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន​។​
 
​ជាងនេះទៅទៀត នៅមាន​គ្រួសារ​ជាង​១​ម៉ឺន​គ្រួសារ​ទៀត​ដែល​នៅតែ​ទទួលរង​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី ខណៈ ១១​ម៉ឺន​គ្រួសារ​គ្មាន​ទឹក​ប្រើប្រាស់​។ តំបន់​ភាគ​ខាងជើង​ឆៀង​ខាងកើត​របស់​ជប៉ុន ត្រូវបាន​រងគ្រោះ​ខ្លាំង ដែលមាន​អ្នកស្លាប់​២៦​នាក់​នៅក្នុង​ខេត្ត ហ្វូ​គូ​ស៊ី​ម៉ា ដែលជា​អត្រា​ខ្ពស់​ជាងគេ​ក្នុងចំណោម​ខេត្ត​ខណ្ឌ​នានា​ដែល​ប៉ះពាល់​ទាំង​៣៦​របស់​ជប៉ុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com