ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទស្សនកិច្ច​នៅ​ឆែក ហុង​គ្រី និង ប៊ុលហ្គារី មេដឹកនាំ​កម្ពុជា សុទ្ធតែ​បាន​លើក​ពី​បញ្ហា EBA
17, Oct 2019 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ដ្បិត​ប្រកាស​កន្លង​ថា​មិន​បារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក៏ពិតមែន តែ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា នៅតែ​សម្តែង​ការយកចិត្ត​ទុក​ចំពោះ EBA នេះ ដដែល​។ ទៅដល់​ប្រទេស​ទាំងបី គឺ​ឆែក ហុង​គ្រី និង ប៊ុលហ្គារី ដែល​ស្ថិតក្នុង​សហគមន៍​អឺរ៉ុប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​បញ្ហា EBA ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនេះ​។


 
​ក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ថ្លែងថា​៖«​ខ្ញុំ សូម​អរគុណ​ឆែក ដែល​បាន​អះអាង​ជាថ្មី​នូវ​ជំហរ​គាំទ្រ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​។ ខ្ញុំ សង្ឃឹមថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប នឹង​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​»​។ 
 
​ចំណែក ក្នុងជំនួប​ជាមួយ​លោក Janos Ader ប្រធានាធិបតី​ហុង​គ្រី ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បានសរសេរថា​៖«​សម្ដេច​តេ​ជោ បានលើកឡើង​អំពី EBA ដោយ​សម្ដេច បានស្នើ​ឲ្យ​ឯកឧត្តម​ប្រធានាធិបតី  បន្ត​គាំទ្រ​ដល់​កម្ពុជា ជាមួយនឹង​សហភាព​អឺរ៉ុប ហើយ​អ្វីដែល​ដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប មានដំណើរ​ការ​និង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​»​។ លោក Janos Ader តប​ថា​៖«​ទាក់ទង​ទៅនឹង​បញ្ហា EBA ហុង​គ្រី នឹង​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត​»​។​
 
​រីឯ​ក្នុងជំនួប​ជាមួយ Rumen Radev ប្រធានាធិបតី​ប៊ុលហ្គារី ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បង្ហោះ​ថា​៖«​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្ដេច​តេ​ជោ បានស្នើ​ឲ្យ​ប្រទេស​ប៊ុ​ហ្គា​រី ដែលជា​សមាជិក​មួយ​នៃ​សហភាព​អឺរ៉ុប ជួយផ្តល់​យុត្តិធម៌​សម្រាប់​កម្ពុជា​។ សម្តេច​តេ​ជោ បន្តថា បច្ចុប្បន្ន ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា មិនមាន​ដំណើរការ​ថ​យ​ក្រោយ​នោះទេ​។ ជាក់ស្តែង​ការបោះឆ្នោត​ឆ្នាំ​២០១៨ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​បំផុត​ដោយសារ​មាន​គណបក្ស​ចូលរួម​ច្រើន និង​មាន​អ្នក​ចេញទៅ​បោះឆ្នោត​រហូតដល់​ទៅជា​ង៨៣​ភាគរយ​»​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់​ថ្នាក់ដឹកនាំ​កម្ពុជា​នៅ​ឆែក ហុង​គ្រី និង ប៊ុលហ្គារី ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៣​មក នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ 
 
​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​នៃ​ការឈាន​ទៅ​ដក EBA ជា​បណ្តោះអាសន្ន​នៅ​កម្ពុជា ដោយ​មកដល់ពេលនេះ វា មាន​រយៈពេល​ប្រមាណ​៨​ខែ​ហើយ​។ សហភាព​អឺរ៉ុប ត្រូវការ​ពេលវេលា​សរុប​១៨​ខែ ដើម្បី​សម្រេច​ថា ដក EBA ពី​កម្ពុជា ឬក៏​មិន​ដក​។ 
 
​មិនមែន​តែ​សហភាព​អឺរ៉ុប​ទេ សូម្បីតែ​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​កម្ពុជា​ដែរ​។ ទាំង​សហ​ភាព​អឺរ៉ុប​និង​សហរដ្ឋ​មេ​រិ​ក សុទ្ធតែ​មិនសូវ​ពេញ​ចិត្តនឹង​ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហេតុ​ដូច្នេះហើយ ទើបបានជា​ពួកគេ យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនេះ មក​គំរាម​រដ្ឋាភិបាល​កម្ពុជា​៕ 

Tag:
 ហ៊ុន សែន​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com