ជាតិ
កម្ពុជា នឹងមាន​ដំណាំ​សរីរាង្គ​គ្រប់គ្រាន់ សម្រាប់​បំពេញតម្រូវការ​ពលរ​ដ្ឋ នៅ​ឆ្នាំ​២០៣០?
17, Oct 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖  នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹងមាន​ផលិតផល​កសិកម្មសរីរាង្គ​គ្រប់គ្រាន់ សម្រាប់​បំពេញ​តម្រូវ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ជាមួយនឹង​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក ហូ ពុទ្ធា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​(GDA)​។



​ដើម្បី​សម្រេច​គោលដៅ​កសិកម្ម​សេរី​រា​ង្គ អគ្គនាយកដ្ឋាន​កសិក​ម្ម បានធ្វើ​សេចក្តីព្រាង​ប្រកាស​កសិកម្មសរីរាង្គ​ជាតិ និង​រូប​សញ្ញា​ជាតិ សម្រាប់​អនុវត្ត​ការងារ​ផលិតកម្ម ការកែច្នៃ​បឋម និង​ដំណាំ​សរីរាង្គ​ផ្សេងៗ សម្រាប់​គាំទ្រ​នៃ​ការអនុវត្ត​ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស ក៏ដូចជា​ការធ្វើឱ្យមាន​សុខុម​នីយកម្ម ជាមួយ​បណ្តា​ប្រ​ទស​សមា​ជិត​អាស៊ាន និង​ពិភពលោក​ផងដែរ​។ 


លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម(GDA)

​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ស្តីពី​ការរៀបចំ​គោលការណ៍​ណែនាំ​បច្ចេកទេស​កសិកម្មសរីរាង្គ​ជាតិ កាលពី​ថ្ងៃទី​១៦​តុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក ហូ ពុទ្ធា បាន​សង្កត់ធ្ងន់ថា ការលើកកម្ពស់​និង​ការអនុវត្ត​កសិកម្មសរីរាង្គ​ជាតិ​នេះ គឺ​ចាំបាច់​ត្រូវ​រៀបចំ​ឱ្យមាន​ក្រុម​ផលិត ,​ក្រុម​ផ្តល់​ធាតុ​ចូល​កសិកម្ម ,​ក្រុម​ប្រមូល​ទិញ ,​ក្រុម​ចែកចាយ ,​ក្រុមទី​ផ្សារ និង​អតិថិជន​ទទួលទាន ដែល​ត្រូវដាក់​ក្នុង​ប្រព័ន្ធ​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្មសរីរាង្គ ។ ជាពិសេស​ផ្តោតលើ​ក្រុម​ឬ​សហគមន៍ កសិដ្ឋាន​កសិកម្ម ដែលមាន​លក្ខណៈ​អាជីព រួមទាំង​ការបណ្តុះបណ្តាល​ក្រុម​កសិករ ផលិត​កសិកម្មសរីរាង្គ​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។ លើសពីនេះ ក្រសួង​ក៏​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព និង​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ​ត្រឹមត្រូវ  ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ភាពជឿជាក់​ទៅលើ​ផលិតផល​សរីរាង្គ​នៅលើ​ទីផ្សារ​។​

​អគ្គនាយកដ្ឋាន​កសិក​ម្ម នឹង​អនុម័ត​ច្បាប់​និង​លិខិតបទដ្ឋាន ក្រោម​ការអភិវឌ្ឍ​កសិកម្ម ដែលមាន​ច្បាប់​ពូជ ជី និង​ថ្នាំ​កសិកម្ម សម្រាប់​ដាក់ឱ្យអនុវត្ត​ផែនការ​កសិកម្ម​សេរី​រា​ង្គ​ឱ្យបាន​ពេញលេញ​នៅ​ឆ្នាំ​២០២១ ។ បើតាម​អគ្គនាយកដ្ឋាន​កសិកម្ម កម្ពុជា នឹងមាន​អតិថិជន​៥០​ភាគរយ យល់ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ផលិតផល​សរីរាង្គ​ចំពោះ​សុខភាព សុខុមាលភាព​សង្គម និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព នៅក្នុង​ឆ្នាំ​២០២១ ។


លោក គៀន សុភា ប្រធាននាយកដ្ឋានសាវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម​៕

​លោក គៀន សុភា  ប្រធាន​នាយកដ្ឋាន​សា​វប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​និយាយថា ការអនុវត្ត​គោលការណ៍​បច្ចេកទេស​ក​សិ​កម្ម​សរីរាង្គ​ជាតិ ដែល​ត្រៀម​នឹង​ប្រកាស​ដាក់ឱ្យអនុវត្ត នាពេល​ឆាប់ៗ​នេះ វា​នឹង​ផ្តល់​ស្តង់ដារ​មូលដ្ឋាន​នៃ​ស្លាក​សញ្ញា​សរីរាង្គ​កម្ពុជា ដែល​ក្រប​កដោយ​ភាពជឿជាក់​សម្រាប់​អ្នកបញ្ជា​ទិញ​(​អតិថិជន​)​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ លើសពីនេះ អ្នកប្រើប្រាស់​នឹង​ទទួលបាន​ការការពារ​ផលិតផល​កសិកម្ម​ល្អ ហើយ​គេច​ផុតពី​ការ​ក្លែងបន្លំ​និង​បោកប្រាស់​របស់​ទីផ្សារ ។

​ប្រធាន​នាយកដ្ឋាន​ផលិត​ដំណាំ​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា ការអនុវត្ត​គោលការណ៍​បច្ចេកទេស​ក​សិ​កម្ម​សរីរាង្គ​ជាតិ គឺជា​ការអភិវឌ្ឍ​កសិកម្មសរីរាង្គ​នៅ​កម្ពុជា​ឱ្យមាន​ចីរភាព​នៃ​ប្រព័ន្ធ​ក្សេត្រសាស្ត្រ​បរិស្ថាន ចីរភាព​សង្គម និង​ចីរភាព​សេដ្ឋកិច្ចជាតិ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដំណាំ​សរីរាង្គ​ស្តង់ដារ​PGS ប្រមាណ​២០​ហិកតា ដែលមាន​ប្រជាកសិករ ជា​អ្នកអនុវត្ត​ផ្ទាល់​ចំនួន​១៤៨​គ្រួសារ​។


លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ​កសិកម្ម​ស​រិ​រី​រា​ង្គ​ថ្មី​មួយទៀត ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​កសិកម្ម​សេរី​រា​ង្គ​នេះ​។ លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បាន​និយាយ​ដូច្នេះ​ថា​៖ «​ពាក់ព័ន្ធ​ទៅនឹង​កសិកម្មសរីរាង្គ​នេះ ខ្ញុំ​ជឿជាក់ថា វា​ប្រាកដជា​ត្រូវការ​ពូជ​សរីរាង្គ​ចាំបាច់​ផងដែរ​...​ហើយ​ការបង្កើត​នាយកដ្ឋាន​ពូជ​កសិកម្ម​នេះ គឺ​ដើម្បី​ធានា​និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ពូជ​ដំណាំ​នានា​ក្នុង​វិស័យ​កសិកម្ម​យើង​។ ហើយ​នាយកដ្ឋាន​ថ្មី​មួយ​នេះ នឹង​អនុម័ត​ឆាប់ៗ​នេះ​»​។​

​ផ្ទុយ​ពី​ការយល់ឃើញ​របស់​រដ្ឋា​ភិ​បាល លោក ហួន កុសល ប្រធាន​សម្របសម្រួល​ក​ម្ម​វិធី​កសិកម្ម​ប្រចាំខេត្ត​បាត់ដំបង​នៃ​អង្គការ​Caritas បាន​និយាយថា កម្ពុជា​គឺ​មិនអាច​ផ្គត់ផ្គង់​ដំណាំ​សរីរាង្គ​គ្រប់គ្រាន់ សម្រាប់​ឆ្លើយ​នឹង​តម្រូវ​របស់​ពលរដ្ឋ​ឡើយ នៅ​ឆ្នាំ​២០៣០ ។​បើតាម​លោក ហួន កុសល គោលនយោបាយ​ដំណាំ​កសិកម្មសរីរាង្គ​របស់​រដ្ឋាភិបាល​នេះ គ្រាន់តែ​ជំរុញឱ្យមាន​ចលនា​នៃ​ការផលិត ហើយ​ប្រជាពលរដ្ឋ​នឹង​ស្គាល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​កសិកម្មសរីរាង្គ ប៉ុណ្ណោះ​។​

 ប្រធាន​សម្របសម្រួល​ក​ម្ម​វិធី​កសិកម្ម​ប្រចាំខេត្ត​បាត់ដំបង​នៃ​អង្គការ​Caritas​រូបនេះ បកស្រាយ​ប្រាប់​សារព័ត៌មាន​ThmeyThmey ដូច្នេះ​ថា​៖« ដំណាំ​សរីរាង្គ​កម្ពុជា​នៅពេលនោះ​[​ឆ្នាំ​២០៣០] នឹងមាន​តម្លៃ​ដែល​ប្រជាពលរដ្ឋ​ស្គាល់​ទាំងអស់គ្នា​...​ស្គាល់​នូវ​អ្វី​ជា​សរីរាង្គ​ដែលមាន​អត្ថប្រយោជន៍​ល្អ​សម្រាប់​អ្នកប្រើប្រាស់ ហើយ​អ្នក​ផលិត​ដំណាំ​កសិកម្ម នឹង​ងាក​មក​ផលិត​កសិកម្មសរីរាង្គ​កាន់តែច្រើន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ ប៉ុន្តែ​ឱ្យមាន​ការផ្គត់ផ្គង់​ដំណាំ​សរីរាង្គ​គ្រប់គ្រាន់​តាម​តម្រូវការ​ពលរដ្ឋ គឺ​មិន​អាចធ្វើ​បានឡើយ​។ សូម្បីតែ​សព្វថ្ងៃនេះ ដែល​យើង​ធ្វើ​កសិកម្ម​បែប​គីមី នៅតែ​មិនអាច​ឆ្លើយតប​នឹង​អ្នកប្រើប្រាស់​ផង​....​ដោយ​ទាមទារ​ចាំបាច់​នៃ​នាំចូល​បន្ថែម​ពី​ប្រទេសជិតខាង ដើម្បី​បំពេញ​នូវ​តម្រូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​ប្រចាំថ្ងៃ​»​។


លោក ផាត សុវណ្ណ មន្ត្រីជំនាញកសិកម្មនៃអង្គការGRET

​ប៉ុន្តែ​បើ​រដ្ឋាភិបាល​ពិត​ជាមាន​គោលការណ៍​និង​ស្តង់​ងាយស្រួល​សម្រាប់​កសិករ​ដាំ​ដុះ​នោះ វា​នឹង​អាចជួយ​ដល់​កសិករ​មានលទ្ធភាព​បង្កើត និង​បង្កើន​ការផលិត​ដំណាំ​សរីរាង្គ​កាន់តែច្រើន សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​អ្នកប្រើប្រាស់ ជាមួយនឹង​តម្លៃបន្ថែម​ល្អប្រសើរ​ក្នុង​កម្រិត​ណាមួយ​នៅក្នុង​ទីផ្សារ ជាក់​ជាមិនខាន​។ នេះ​ជាការ​លើកឡើង​របស់លោក ផាត សុវណ្ណ មន្ត្រី​ជំនាញ​កសិកម្ម​នៃ​អង្គការ​GRET​។​

​មន្ត្រី​ជំនាញ​កសិកម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​នោះ​(​ឆ្នាំ​២០៣០)​តម្រូវការ​ដំណាំ​សរីរាង្គ​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក គឺ​មិនទាន់មាន​ច្រើន​លើសលុប ដូច​ដំណាំ​ឬ​បន្លែ​ធម្មតា​នោះឡើយ​។ ខ្ញុំ​គិតថា​ដំណាំ​សរីរាង្គ​ដែល​ក្រសួង​ថា​នឹង​អាចបំពេញ​បាន​គ្រប់​តាម​តម្រូវការ​អ្នកប្រើប្រាស់ ឆ្នាំ​២០៣០​នោះ គឺ​សំដៅ​ទៅលើ​អ្នកមាន​ជីវភាព​ធូរធារ​ដែល​បានគិត​គូរ​ពី​សុខភាព​រស់នៅ​ប្រចាំថ្ងៃ​ច្រើន​។ សម្រាប់​ពលរដ្ឋ​ទូទៅ​នៅតែ​បន្ត​ប្រើប្រាស់​ដំណាំ​កសិកម្ម​ធម្មតា​ដដែល​»​។

​បច្ចុប្បន្ន​ដំំ​ណាំ​បន្លែ​ដែលជា​ផ្នែក​មួយ​នៃ​ផលិតផល​កសិកម្ម កម្ពុជា​អាច​ផលិត​បន្លែ​បានជា​មធ្យម​ពី​៥០០​ទៅ​៦០០​តោន​ក្នុង​មួយថ្ងៃ​។  ក្នុងចំណោម​បន្លែ​ទាំងនេះ គឺ​បន្លែ​សុវត្ថិភាព​ត្រឹម​៦០​តោន​ប៉ុណ្ណោះ រីឯ​បរិ​មាណនៃ​ការផលិត​បន្លែ​សរីរាង្គ​វិញ គឺ​មិនទាន់​តួលេខ​ណាមួយ​អាច​កំណត់​បាន​នៅឡើយ​។ នេះ​បើ​យោងតាម​របាយការណ៍ ដែល​សារព័ត៌មាន​ThmeyThmey ទទួលបាន​ពី​លោក គៀន សុភា ប្រធាន នាយកដ្ឋាន​សា​វប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ថ្ងៃទី​៣​តុលា ឆ្នាំ​២០១៩​។

​បើតាម​នាយកដ្ឋាន​សា​វប្បកម្ម និង​ដំណាំ​រួមផ្សំ​រូបនេះ តម្រូវការ​បន្លែ​ចម្រុះ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ប្រមាណ​១,០៦៦​តោន ដូច្នេះ​ចាំបាច់​នាំ​បន្លែ​ចូល​ពី​បរទេស ពិសេស​ពី​វៀតណាម ពី​២០០​ទៅ​៤០០​តោន បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់​ក្នុងស្រុក​៕

Tag:
 សរីរាង្គ​
  ដំណាំ​
© រក្សាសិទ្ធិដោយ thmeythmey.com