ជាតិ
២៥ខេត្ត/រាជធានី
«​អូរ​ថ្ម​ដាប់​»​ទីតាំង​ដែល​បុព្វបុរស​ខ្មែរ​យក​ថ្ម​សង់​អង្គរ នៅតែមាន​គុណភាព​ល្អ​សម្រាប់​ជួសជុល​ប្រាសាទ​
15, Apr 2020 , 5:39 pm        
រូបភាព
​សៀមរាប​៖ តំបន់​អូរ​ថ្ម​ដាប់ ជាទី​តាំង​មួយ​ដែល​បុព្វបុរស​ខ្មែរ​បាន​ដាប់​យក​ថ្ម​ទៅ​សាងសង់​ប្រាសាទ​នានា នៅក្នុង​តំបន់​អង្គរ នា​សម័យ​នោះ​។ បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​យក​ថ្ម​នៅ​តំបន់​នោះ មក​ជួសជុល​ប្រាសាទ​។ តំបន់​អូរ​ថ្ម​ដាប់ ដែល​នៅ​ជិត​ជើងភ្នំ​គូលែន​និង​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​ប្រាសាទបឹងមាលា​នៃ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប សម្បូរ​ដោយ​ថ្ម​ដែល​មានគុណ​ភាពល្អ​សម្រាប់​សង់​ប្រាសាទ ត្រូវបាន​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំណត់​ជាទី​តាំង​សម្រាប់​យក​ថ្ម​ទៅ​ជុស​ជុល​ប្រាសាទអង្គរវត្ត​និង​ប្រាសាទ​មួយចំនួន​ដែល​ខូចខាត​ចាប់តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។​



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ជាមួយ​លោក ផុន តារា អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដូចតទៅ​៖



​ថ្ម​នៅ​តំបន់​អូរ​ថ្ម​ដាប់ ដែល​ស្ថិត​ក្នុងភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ជិត​នឹង​ជើងភ្នំ​គូលែន សម្បូរ​ទៅដោយ​ថ្ម ដែលមាន​គុណភាព​ល្អ​សម្រាប់​យកទៅ​សង់​ប្រាសាទអង្គរវត្ត​និង​ប្រាសាទ​ផ្សេងៗ​ទៀត ហើយ​ជាទី​តាំង​ភូមិសាស្ត្រ​ដែល​ងាយស្រួល​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដោយ​បណ្តែត​តាម​បឹង​ទន្លេសាប​។ នេះ​បើតាម​ការពន្យល់​របស់​លោក ផុន តារា អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​បាន​ចុះ​ទៅដល់​តំបន់​អូរ​ថ្ម​ដាប់ កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​នេះ​។​
 
​បើតាម​លោក ផុន តារា បច្ចេកទេស​យក​ថ្ម​នាពេល​បច្ចុប្បន្ន មាន​ភាពខុសប្លែក​ពី​ជំនាន់​មុន ពោលគឺ​ជំនាន់​ថ្មី​នេះ មាន​ភាពងាយស្រួល​និង​ឆាប់រហ័ស ដោយ​គេ​ប្រើ​ម៉ាស៊ីន​កាត់​ថ្ម និង​ស្ទូច​ដាក់​លើ​រថយន្ត​ដឹក​ទៅដល់​ទីតាំង​ដែល​ត្រូវ​ជួសជុល​ប្រាសាទ​តែម្តង​។​
 
​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុមការងារ Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ផុន តារា អះអាងថា​៖«​ប្រភេទ​ថ្ម​នាពេល​បច្ចុប្បន្ន​និង​ជំនាន់​មុន គឺ​មានគុណ​ភាពល្អ​ដូចគ្នា ព្រោះ​អាយុកាល​របស់​ថ្ម​កើតឡើង​ដំណាលគ្នា ហើយ​វា​ខុសគ្នា​តែ​ពេល​យកទៅ​ជួសជុល​ប្រាសាទ​ប៉ុណ្ណោះ​»​។​
 
​បុរាណ​វិទូ​នៃ​អាជ្ញារ​ជាតិ​អប្សរា រូបនេះ លើកឡើងថា កត្តា​មនុស្ស​និង​កត្តា​ធម្មជាតិ បានធ្វើ​ឲ្យ​ប្រាសាទ​ខូចខាត ហើយ​ការជួសជុល​ប្រាសាទ ក្រៅពី​ត្រូវការ​ថ្ម គេ​ក៏​ត្រូវការ​អ្នកជំនាញ និង​ថវិកា​ជាច្រើន ដើម្បី​ជួសជុល​កន្លែង​បាក់បែក​ឡើងវិញ​។ លោក ផុន តារា ពន្យល់​ពី​របៀប​យកទៅ​ជួសជុល​ប្រាសាទ​យ៉ាង​ដូច្នេះ​៖«​ជាទូទៅ​ច្បាប់​ជួសជុល​ប្រាសាទ គេ​ត្រូវ​ត្រួតពិនិត្យ បន្ទាប់មក​ចាប់ផ្ដើម​ជួសជុល​ដោយ​សិក្សា​ពី​រយៈពេល និង​ត្រូវ​ប្រើ​ថ្ម​ចាស់​ជាមុន ហើយ​គេ​មើល​ទីតាំង​ចាស់ បើ​បាត់​បំណែក​ថ្ម​ណាមួយ នោះ​ទើប​គេ​ជំនួស​ថ្ម​ថ្មី​»​។​
 
​សូមបញ្ជាក់ថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​
 
​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com