អន្តរជាតិ
លោក ត្រាំ និង​ប្រធានសភា ផេ​ឡូ​ស៊ី ប៉ះ​សម្តី​គ្នា​ក្នុង​សំណុំរឿង​ស៊ី​រី​នៅ​សេត​វិមាន​
17, Oct 2019 , 8:19 pm        
រូបភាព
​សមាជិកសភា​ជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១៦ ខែតុលា បាន​ដើរ​ចេញពី​កិច្ចប្រជុំ​នៅ​សេត​វិមាន​ភ្លាមៗ ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ស៊ី​រី បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​វាយប្រហារ​ទៅលើ​លោកស្រី​រដ្ឋ​ប្រធាន ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelocy) ថា «​អ្នកនយោបាយ​កម្រិត​អន់​»​។



​ជម្លោះ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង ណាន់​ស៊ី ផេ​ឡូ​ស៊ី កើតមាន​តាំងពី​បើក​នីតិវិធី​ស៊ើបអង្កេត​រឿង​ដកតំណែង​ប្រធានាធិបតី​មក​ម្លេះ ហើយ​ភាព​តានតឹង​ចុងក្រោយ​នេះ គឺជា​សញ្ញា ដែល​អាច​មើលឃើញថា ទំនាក់ទំនង​រវាង​បុគ្គល​ទាំងពីរ​កាន់តែ​ដុនដាប​ជាង​មុន​ថែមទៀត​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Chuck Schumer មកពី​គណបក្ស​ប្រជាធិបតេយ្យ  ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ បាន​និយាយថា លោក ត្រាំ បាន​ប្រើពាក្យ​តិះដៀល​យ៉ាង​អាក្រក់​ទៅលើ​សមាជិក​រដ្ឋសភា​ប្រជាធិបតេយ្យ ខណៈពេល​លោកស្រី ផេ​ឡូ​ស៊ី អះអាងថា លោក ត្រាំ​ទទួលបាន​បទពិសោធន៍​យ៉ាង​អាក្រក់​។ បន្ថែម​ពីលើ​នេះ សមាជិក​ព្រឹទ្ធសភា​រូបនេះ បាន​គូសបញ្ជាក់ថា ត្រាំ  បាន​មើលងាយ​លោកស្រី​ប្រធានរដ្ឋសភា​ថា «​អ្នកនយោបាយ​ធឺ​ទី​បី​»​។

​មិន​ត្រឹមតែ​មិន​ប្រើពាក្យ​មិន​សមរម្យ​ចំពោះ​លោកស្រី ផេ​ឡូ​ស៊ី ទេ ប្រធានាធិបតី​អាមេរិក ក៏​ថែមទាំង​មិន​គោរព​ចំពោះ​សមាជិក​រដ្ឋសភា​ពីររូប​ទៀត មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ ជាក់ស្តែង សមាជិកសភា​ជើងចាស់ លោក Steny Hoyer  និយាយថា លោក​បាន​ចូលរួម​កិច្ចប្រជុំ​បែបនេះ​ជាច្រើន​មកហើយ ប៉ុន្តែ​មិនទាន់មាន​ប្រធានាធិបតី​រូប​ណា​ហ៊ាន​បញ្ចេញ​កាយវិការ​មិនគួរ​សម​បែបនេះ​ឡើយ​។

​ពិតណាស់ ការ​មាក់ងាយ​របស់​ត្រាំ​ដូចខាងលើ​នេះ គឺធ្វើឡើង​បន្ទាប់ពី លោកស្រី​ប្រធានរដ្ឋសភា លើកឡើងថា ការ​ដកទ័ព​អាមេរិក ចេញពី​ភាគ​ខាងជើង​ស៊ី​រី គឺ​ប្រៀបដូចជា​ផ្តល់​ភ្លើង​បៃតង​ឲ្យ​តួ​ក​គី​ឈ្លានពាន​ស៊ី​រី និង​វាយប្រហារ​ទៅលើ​សកម្មជន​ប្រយុទ្ធ​ឃើ​ដ​ដូច្នោះ​ដែរ​។ វា​គឺជា​បទពិសោធ​ដ៏​អាក្រក់​មួយ​របស់​ប្រធានាធិបតី​អាមេរិក​។

​សមាជិក​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ចោទ​គ្នា​ទៅវិញទៅមក​ពី​បញ្ហា​ការប្រើ​ពាក្យ​មិន​សមរម្យ និង​មិន​យល់​ពី​បញ្ហា​។ ជាក់ស្តែង អ្នកនាំពាក្យ​របស់លោក ត្រាំ បាន​ច្រានចោល​អ្វីដែល​គណបក្ស​ប្រជាធិបតេយ្យ​បានលើកឡើង ហើយ​បាន​អះអាងថា ត្រាំ គ្រាន់តែ​ប្រើ​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោកស្រី​ប្រធានរដ្ឋសភា​បែប​ជា​ដើរចេញ ទាំង​មិន​យល់​ពី​បញ្ហា​អ្វី​ទាំងអស់ តែ​វា​គ្មានអ្វី​ចម្លែក​ទេ​។

​សូមបញ្ជាក់ថា ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី​ប្រធានរដ្ឋសភា លើក​នេះ គឺ​ជំនួប​ទល់​មុខជា​លើកដំបូង​ហើយ​នៅក្នុង​សេត​វិមាន បន្ទាប់ពី​មាន​សេចក្តីប្រកាស​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នីតិ​វិធីដក​ប្រធានាធិបតី​អាមេរិក​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com