កីឡាជាតិ
ជាតិ
យុវជន​មួយក្រុម​នឹង​យក​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ទៅ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន​
17, Oct 2019 , 8:39 pm        
រូបភាព
ដោយ:
​យុវជន​មួយក្រុម នឹង​ចេញទៅ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា ដល់​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី និង​អាស៊ាន​។ ការផ្សព្វផ្សាយ​នេះ ធ្វើឡើង​ក្នុងអំឡុងពេល​ពួកគេ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន ដែលមាន​យុវជន​ជាង​៣០០​នាក់​ចូលរួម​។ យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ប្រាប់​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​បានដឹង​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ពួកគេ​ជាដើម​។​



​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ផ្តាំ​ឲ្យ​ក្រុម​នាវា​យុវជន​កម្ពុជា​ជួយ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា​ដល់​យុវជន​មកពី​ប្រទេស​ផ្សេងៗ ក្នុងអំឡុងពេល​ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន​។ ការជំរុញ​បែបនេះ​ធ្វើឡើង​ពេល លោក ជួប​សំណេះសំណាល​ជាមួយ​យុវជន​ទាំងនេះ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នាទី​ស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។



«​ខ្ញុំ​ចង់​ឲ្យ​យុវជន​យើង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជ្រួតជ្រាប​ពី​វិស័យ​កីឡា​នៅ​កម្ពុជា ពិសេស ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដល់​យុវជន​មកពី​បណ្តា​ប្រទេស​ក្នុង​អាស៊ាន និង​ប្រទេស​ជប៉ុន ក្នុងឱកាស​ចូលរួម​បង្ហាញ និង​ផ្សព្វផ្សាយ​វិស័យ​វប្បធម៌​ទេសចរណ៍ និង​កីឡា​នាពេល​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បញ្ជាក់ថា ការផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ទាក់ទាញ​យុវជន​មកពី​បណ្តា​ប្រទេស​ទាំងនោះ​ឲ្យ​មក​ទស្សនា​ការប្រកួត និង​ធ្វើជា​យុវជន​ស្ម័គ្រចិត្ត​ជួយ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាដើម​។ លោក​បន្ថែមថា​៖«​កម្ពុជា​ជា​ប្រទេស​ស្ថាបនិក​ក្នុងចំណោម​៦​ប្រទេស តែ​កម្ពុជា​មិន​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​នេះ​ទេ​។ ដូច្នេះ​ការផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​បង្ហាញ​គេ​ឲ្យ​ដឹងថា យើង​រួចរាល់​ក្នុងការ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ជា​លើកដំបូង ដើម្បី​បង្ហាញ​ភាព​ស្មើមុខស្មើមាត់​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​ជាដើម​»​។​

​បើតាម​លោក វ៉ា​ត់ ចំរើន ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​អាចមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាក​រិ​នី​ជាង​១​ម៉ឺន​នាក់​ចូលរួម និង​រំពឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ចន្លោះ​ពី​១០​ទៅ​២០​ម៉ឺន​នាក់​ចូលរួម​ទស្សនា​ការប្រកួត​មួយ​នេះ​។ សម្រាប់​អគ្គលេខាធិការ NOCC រូបនេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេម មិន​ត្រឹមតែ​ជាការ​ប្រកួត​កីឡា​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស លាង​សម្អាត​រាល់​ភាព​អសកម្ម​ក្នុងសង្គម​ទៀតផង​។​



​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន បាន​យក​ព្រឹត្តិការណ៍​នេះ​ធ្វើជា​ឧបករណ៍ ដើម្បី​ផ្លាស់ប្តូរ និង​កែប្រែ​ទម្លាប់​រស់នៅ​មិនល្អ​របស់​ប្រជាពលរដ្ឋ​ពួកគេ​។ ជាក់ស្តែង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ បាន​កែប្រែ​ទម្លាប់​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា មិន​ឲ្យ​មានការ​ហូប​ម្លូ​ស្លា និង​ខាកស្តោះ​ទឹកមាត់​នៅ​សាធារណៈ និង​កែប្រែ​ឲ្យ​ប្រជាជន​ឡាវ ឲ្យ​តុបតែង​ភ្លើង​នៅតាម​ផ្ទះ​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន ដែល​រំពឹងថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ជួយ​ឲ្យ​កម្ពុជា​ក្របដណ្តប់​ដោយ​បរិស្ថាន​បៃតង គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​គ្មាន​ការប្រើប្រាស់​គ្រឿងញៀន​ជាដើម​។  

​សម្រាប់​កម្មវិធី​នាវា​យុវជន​អាស៊ាន​-​ជប៉ុន កម្ពុជា​នឹង​បញ្ជូន​យុវជន​ចំនួន​២៩​រូប​ឲ្យ​ចូលរួម ដោយ​ពួកគេ​មកពី​សមាគម​នាវា​យុវ​ជន​អាស៊ីអាគ្នេយ៍​កម្ពុជា​។ កម្មវិធី​នេះ​រៀបចំ​ដោយ​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៤ តុលា ដល់​ថ្ងៃទី​១៣ ធ្នូ ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​យុវជន​ជប៉ុន​និង​យុវជន​អាស៊ាន​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល ក៏ដូចជា​ផ្សព្វផ្សាយ​ពី​វប្បធម៌​របស់​ប្រទេស​នីមួយ​ជាដើម​។



​ជាក់ស្តែង​ក្រុម​នាវា​យុវជន​កម្ពុជា​បាន​នាំយក​របាំ និង​ក្បាច់គុន ដែលជា​កេរតំណែល​វប្បធម៌​បុព្វបុរស​ខ្មែរ​ទៅ​សម្តែង និង​បង្ហាញ​ដល់​យុវជន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។ របាំ​និង​កីឡា​ទាំងនោះ​រួមមាន​របាំ​គោះអង្រែ របាំ​ក្ងោក​ពោធិ៍សាត់ ឆាំ​យ៉ាំ របាំ​នារី​ជា​ជួរ និង​ក្បាច់គុន​យុទ្ធ​ក្រម​ខម​។ ក្រៅពីនេះ ក៏មាន​កម្មវិធី​ពិភាក្សា​ជា​ក្រុម​លើ​ប្រធានបទ​ចំនួន​៩ និង​ការជជែក​គ្នា​លើ​ប្រធានបទ​ការធ្វើការងារ​ជា​ក្រុម​ផងដែរ​។

​នេះ​ជា​លើក​ទី​២០​ហើយ ដែល​កម្ពុជា​បាន​ចូលរួម​ក្នុង​កម្ម​វិធិ ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៤​មួយ​នេះ​។  កម្មវិធី​នេះ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ខណៈ​ឆ្នាំនេះ​មាន​យុវជន​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អាស៊ាន​ជាង​៣០០​នាក់​ចូលរួម ដោយ​ពួកគេ​នឹងធ្វើ​ដំណើរ​តាម​កប៉ាល់​ពី​ប្រទេស​ជប៉ុន​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៤​រួមមាន​វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​៕


Tag:
 SEA Games 2023
  នាវា​យុវជន​អាស៊ាន​-​ជប៉ុន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com