អន្តរជាតិ
ប្រមុខ​ការទូត​ម៉ាឡេស៊ី​៖ នាវា​ជើង​ទឹក​របស់​យើង តូច​ជាងនា​វា​ល្បាត​ចិន​ឆ្ងាយ​ណាស់
17, Oct 2019 , 9:19 pm        
រូបភាព
​ប្រមុខ​ការទូត​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៧ ខែតុលា បាន​លើកឡើងថា ទីក្រុង​គូ​ឡា​ឡាំ​ពួ ត្រូវការ​បង្កើន​សមត្ថ​ភាព​នាវា​យោធា​ជើង​ទឹក​បន្ថែមទៀត ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធ នៅ​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ បើទោះបីជា​ម៉ាឡេស៊ី មិន​គាំទ្រ​សកម្មភាព​យោធា​ណាមួយ​នៅក្នុង​តំបន់​ដែនទឹក​ជម្លោះ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវតែ​ត្រៀមខ្លួន​ជាមុន ដើម្បី​ការពារ​ដែនទឹក​របស់​ខ្លួន​។



​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​បន្ត​កើតមាន បន្ទាប់ពី​នាវា​អាមេរិក បាន​បើក​ក្បែរ​ប្រជុំ​កោះ ដែល​បានទាមទារ​ដោយ​ភាគី​ចិន​នា​ខែ​មុន​។ ជាការ​ឆ្លើយតប ភាគី​អាមេរិក បាន​អះអាងថា នាវា​យោធា​របស់ខ្លួន មិនបាន​បើក​កាត់​ដែនទឹក ដែល​ត្រូវបាន​ទីក្រុង​ប៉េកាំង​អះអាងថា​ជា​របស់ខ្លួន​ឡើយ​។

​ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​ជម្លោះ​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី  Saifuddin Abdullah បាន​គូសបញ្ជាក់ថា​៖ «​នាវា​ជើង​ទឹក​របស់​យើង ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​កងទ័ពជើងទឹករ​បស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី គឺ​តូច​ជាង​នាវា​យាមល្បាត​ដែនទឹក​របស់​ចិន​ឆ្ងាយ​ណាស់​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ប្រមុខ​ការទូត​រូបនេះ ចង់​ឲ្យ​ម៉ាឡេស៊ី​ធ្វើ​ទំនើបកម្ម​លើ​នាវា​ជើង​ទឹក​របស់ខ្លួន យ៉ាងហោចណាស់​ឲ្យ​បាន​ត្រឹម​នាវា​យាមល្បាត​ដែនទឹក​ចិន​ក៏បាន​ដែរ ព្រោះ​នៅមាន​ជម្លោះ​កើតឡើង ម៉ាឡេស៊ី​អាច​ការពារ​ដែនទឹករ​បស់​ខ្លួន​បានទេ​។ ប្រសិនបើ​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅតែ​បណ្តោយ​ឲ្យ​នាវា​យោធា​នៅតែ​តូច​បែបនេះ​ទៀត ដែនទឹក​របស់​ម៉ាឡេស៊ី​នឹងត្រូវ​លេប​ត្របាក់​ដោយ​ប្រទេស​មហាអំណាច ហើយនឹង​មិនអាច​ចាប់បង្ខំ​ឲ្យ​ប្រទេស​ទាំងនោះ​ចេញពី​ដែនទឹក​ជម្លោះ​បានទេ​។ ពេលនោះ ម៉ាឡេស៊ី អាចដាក់​បានត្រឹមតែ​លិខិតតវ៉ា​តែប៉ុណ្ណោះ​។

​ការលើកឡើង​បែបនេះ គឺ​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​បាន​មើលឃើញ​ពី​នាវា​យាមល្បាត​ចិន បាន​វត្តមាន​ជិត​២៤​ម៉ោង នៅ​ជុំវិញ​កោះ South Luconia ភាគ​ខាងកើត​នៃ​រដ្ឋ Sarawak​។ ជាការ​យល់ឃើញ លោក Saifuddin អះអាងថា ម៉ាឡេស៊ី មិន​ចង់​ឲ្យ​មាន​ជម្លោះ​កើតឡើង​ទេ តែបើ​មានការ​ធ្វើ​ទំនើបកម្ម​លើ​នាវា​យោធា​ជើង​ទឹក​គឺ​កាន់តែ​ល្អ​។ វា​គឺ​ល្អ ព្រោះ​ទីក្រុង​គួ​ឡា​ឡាំ​ពួ​អាច​គ្រប់គ្រង ដែនទឹក​ជម្លោះ​ជាមួយ​ប្រទេស​មហាអំណាច​។​

​សូមបញ្ជាក់ថា ជម្លោះ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ ដែល​ត្រូវ​បានទាមទារ​ដោយ​ប្រទេស​ចំនួន ៥​ដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រុយ​ណេ​។ តាម​ការទាមទារ​រប​ស់​ចិន គឺ​ផ្អែក​ទៅតាម ផែនទី​បន្ទាត់​ក្រចកសេះ ដែល​គូស​ដោយ​ទីក្រុង​ប៉េកាំង​។ ការ​គូរ​នេះ គឺ​ត្រួតស៊ីគ្នា ទៅនឹង​ដែនទឹក​ផ្សេងទៀត ដែល​ត្រូវបាន​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ព្រុយ​ណេ​អះអាងថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​៕


Tag:
 ម៉ាឡេស៊ី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com