ជាតិ
លោក ឃាង ភារ​ម្យ​៖ ខេត្ត​ព្រះសីហនុ នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ក្រោយ​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់​
17, Oct 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ផ្លូវថ្នល់ ប្រព័ន្ធ​លូ បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ខេត្ត​ព្រះសីហនុ កំពុង​បង្ក​ការរំខាន​អារម្មណ៍​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត រួមទាំង​ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​។ អាជ្ញាធរខេត្ត​ព្រះសីហនុ កំពុង​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​



​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​អះអាងថា អាជ្ញាធរ​បាន​យកចិត្ត​ដាក់​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន​នៅក្នុង​ខេត្ត ដើម្បី​កុំឱ្យ​ប៉ះពាល់​ភ្ញៀវទេសចរ​។ និយាយ​ដោយឡែក​ពី​រឿង​បញ្ហា​ផ្លូវ​វិញ លោក ឃាង ភារ​ម្យ បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ត្រៀម​ចំណាយ​ថវិកា​ជិត​២០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច​៣៤​ខ្សែ ប្រវែង​ជាង​៨៤​គីឡូម៉ែត្រ​នេះ​។ ប៉ុន្តែ​ទឹកប្រាក់​ចំណាយ​សរុប​លើ​ការជួសជុល​ផ្លូវ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​។

​ក្រៅពី​បញ្ហា​ផ្លូវថ្នល់​នេះ អាជ្ញាធរខេត្ត ក៏​នឹង​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​។ ជាពិសេស​អាង​ចម្រោះ​ទឹកស្អាត រួមទាំង​ការរៀបចំ និង​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​អនាម័យ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ផងដែរ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដូចតទៅ​៖





​សម្រាប់​លោក ឃាង ភារ​ម្យ ខេត្ត​ព្រះសីហនុ នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ក្រោយ​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់​រួចរាល់​។​«​ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំ​សូម​ឡើង​ថា ផ្លូវ​ទាំង​៣៤​ខ្សែ យើង​ប្រើពេល​(​ជួសជុល​)៨​ខែ​ជាង នឹង​ជួសជុល​ចប់​ហើយ​។ គួបផ្សំ និង​ប្រព័ន្ធ​លូ ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ សួនច្បារ​ផ្សេងៗ យើង​គិតថា ខេត្ត​ព្រះសីហនុ ជាពិសេស​ក្រុងព្រះសីហនុ នឹងមាន​ការផ្លាស់ប្ដូរ​មុខមាត់​ថ្មី​តែម្ដង ។ ហើយនឹង​សង្ឃឹមថា ទាក់ទាញ​វិនិយោគទុន​បន្ថែម ក៏ដូចជា​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ច្រើន នៅក្នុង​ពេលអនាគត​ដ៏​ថ្មី​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​អះអាងថា ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​យ៉ាងគំហុក នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​៕

Tag:
 ឃាង ភារ​ម្យ​
  ហេ​ដ្ឋ​រចនាសម្ព័ន្ធ​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com