ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ សម្រេច​បំណង​ទៅ​ប្រកួត​ស៊ី​ហ្គេម​លើកដំបូង​ក្នុង​ជីវិត​
17, Oct 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ​មាន​ពិសោធន៍​៣​លើក​នៅ​សង្វៀន​អន្តរជាតិ ONE Championship មាស ម៉ើ បានសម្រេច​បំណងប្រាថ្នា​ធំ​បំផុត​ក្នុង​ជីវិត​ដើម្បី​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម នា​ចុង​ឆ្នាំនេះ​ក្នុង​វិញ្ញាសា​យូ​ដូ​។ បំណងប្រាថ្នា​របស់ មាស ម៉ើ កើត​ឡើងជា​យូរ​មកហើយ បន្ទាប់ពី​ឃើញ សែន រ៉ា​ឌី ឈ្នះ​មេដាយប្រាក់​និង ប៉ាល់ ឆរ​ស្ម៊ី ឈ្នះ​មេដាយមាស​កាល​ស៊ី​ហ្គេម​ឆ្នាំ ២០១១ ក្នុង​វិញ្ញាសា​វ៉ូ​វី​ណា​ម​។ ដ្បិត​ទៅ​ប្រកួត​ក្នុង​វិញ្ញាសា​ខុសគ្នា ប៉ុន្តែ​នេះ​ជាការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​តំបន់​អាស៊ាន​មួយ​នេះ​។​



https://www.onefc.com/videos/meas-meul-vs-edward-kelly-4/

​កីឡាករ​យូ​ដូ​ជម្រើសជាតិ​បាន​ថ្លែងថា​៖«​ខ្ញុំ​ឃើញ សែន រ៉ា​ឌី និង ប៉ាល់ ឆរ​ស្ម៊ី ឈ្នះ​មេដាយ ខ្ញុំ​ក៏​កើតកូន​ចិត្ត​ថា​ដាច់ខាត​ត្រូវតែទៅ​ប្រកួត​តំណាង​ជាតិ​នៅ​ស៊ី​ហ្គេម ក្នុង​ជីវិត​របស់ខ្ញុំ​បាន​ម្ដង​។ ដូច្នេះ​ខ្ញុំ​ខំ​ទុក​ឡាន​ចោល​លែង​រត់​មួយរយៈ និង នៅ​ឆ្ងាយ​ពី​ប្រពន្ធ​កូន​ដើម្បី​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម ដែល​ចាប់ផ្ដើម​ចុងខែ​ឆ្នាំនេះ​»​។

​កីឡាករ​មកពី​ស្រុក​បារាយណ៍​គូសបញ្ជាក់ថា ៖«​ខ្ញុំ​ធ្លាប់​ចូលរួម​ប្រកួត​លំដាប់​អន្តរជាតិ​ជាច្រើន ប៉ុន្តែ ខ្ញុំ​អត់​ដែល​បាន​ទៅ​ស៊ី​ហ្គេម​ទេ​។ ខ្ញុំ​បានស្នើ​ទៅ​ថ្នាក់លើ​ធ្វើតេស្ត​ខ្ញុំ​ជាមុនសិន​។ បើ​ខ្ញុំ​វ៉ៃ​ចាញ់​កីឡាករ​ក្នុងស្រុក ខ្ញុំ​មិន​ទៅ​ចូលរួម​ទេ​។ ខ្ញុំ​វ៉ៃ​ឈ្នះ​កីឡាករ​ជម្រើសជាតិ​ខ្មែរ​រហូត ៥ នាក់ ទើប​ខ្ញុំ​ជាប់​ឈ្មោះ​ពេលនេះ​។ ចំណែក កីឡាករ​ម្នាក់ទៀត​មកពី​បារាំង​ដែល​ត្រូវ​ធ្វើតេស្ត​ជាមួយ​ខ្ញុំ​ចុងខែ តុលា នេះ ធ្លាក់​ហើយ​។ ខ្ញុំ​ត្រូវ​តេស្ត​វ៉ៃ​ជាមួយ​គាត់​ថ្ងៃទី ៣១ តុលា ប៉ុន្តែ គាត់​វ៉ៃ​ជម្រុះ​ធ្លាក់​មុន​មកជួប​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ទម្ងន់ ៦៦ គីឡូក្រាម​នៃ​ការប្រកួត​យូ​ដូ​។ ក្រៅពីនោះ​មាន​គីឡូ​ផ្សេងគ្នា ៣ នាក់​ផ្សេងទៀត មាន​ស្រី​២ នាក់ និង ប្រុស​២ ទៅ​ប្រកួត​តំណាង​ខ្មែរ​»​។​



​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​២​រូបនេះ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​តាំងពី​ខែ ឧសភា​មក​ដែល​ខំ​ហ្វឹកហាត់ និង សម្រក​គីឡូ​តាំងពី​ជាង ៨០ គីឡូក្រាម មក​នៅ​ថេរ​ត្រឹម ៦៦ គីឡូក្រាម​។ បច្ចុប្បន្ន​រូប មាស ម៉ើ បោះជុំរុំ​ហ្វឹកហាត់​ក្នុង​ក្រុម​យូ​ដូ​ជម្រើសជាតិ មុន​ចេញទៅ​ស៊ី​ហ្គេម ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៣០ វិច្ឆិកា ដល់​ថ្ងៃទី ១១ ខែ ធ្នូ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។
​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​សង្កត់ធ្ងន់ថា ៖«​គោលដៅ​របស់ខ្ញុំ ចង់បាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម ខ្ញុំ​ដាក់​កំហិត​ខ្លួនឯង​។ ខ្ញុំ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​។ ខ្ញុំ​ដាក់​គោលដៅ​ប្រកួត​ជម្រុះ​រហូតដល់​ជាប់​ជម្រើសជាតិ​។ វា​ជា​កិត្តិយស​របស់ខ្ញុំ​»​។​

​ក្រៅពី​ការតាំង​ចិត្តបាន​សម្រេច កីឡាករ​មកពី​កំពង់ធំ​ក៏​ចង់​ឡើង​ប្រកួត​នៅ​សង្វៀន​នានា​ឡើងវិញ​ដែរ ជាពិសេស​នៅ​សង្វៀន ONE Championship ដែរ​រូបគេ​ធ្វើ​មិន​បានល្អ​កាល​គ្រា​មុន​។ មាស ម៉ើ មិនដែល​ចាញ់​ការប្រកួត​គុន​ចម្រុះ​ក្នុងស្រុក និង នៅ​ប្រទេស​ថៃ លើកលែងតែ ONE Championship ប៉ុណ្ណោះ​។
https://www.onefc.com/videos/anthony-engelen-stops-meas-meul-in-39-seconds/

​គួររំលឹកថា មាស ម៉ើ ជា​ម្ចាស់​ខ្សែក្រវាត់​ពី​ព្រឹត្តិការណ៍​ប្រកួត​ដាក់​ទ្រុង​នៅ​កម្ពុជា ឬ ខ្សែក្រវាត់ Khmer Warriors Challenges វគ្គ ២ ពេល ស៊ី​ធី​អិន និង MyTV រៀបចំ​។ មាស ម៉ើ ឡើង​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​ទាំង​ក្នុងស្រុក និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៣ ដង​។

​នៅពេល​ឃ្លាតឆ្ងាយ​ពីស​ង្វៀន​តាំងពី​ចុងឆ្នាំ ២០១៨ ក្រោយ​រង​បរាជ័យ​នៅ​សង្វៀន ONE ដោយសារ​ជាប់រវល់​រត់​ឡាន​ទួរីស ១២ កៅអី​ពី​ភ្នំពេញ​-​កំពង់ធំ ដើម្បី​ជីវភាព​គ្រួសារ​។
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕

© រក្សាសិទ្ធិដោយ thmeythmey.com