អន្តរជាតិ
លោក លី សៀន​ឡុង​៖​ ​ការទាមទារ​របស់​បាតុករ​ហុងកុង​គឺ​ដើម្បី​«​សម្អុយ​ឈ្មោះ​»​រដ្ឋាភិបាល​
18, Oct 2019 , 8:29 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ថ្លែងក្នុងសន្និសីទ Forbes Global CEO នៅថ្ងៃពុធ ១៦ តុលា ២០១៩ នាទីក្រុង សិង្ហបុរី
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ថ្លែងក្នុងសន្និសីទ Forbes Global CEO នៅថ្ងៃពុធ ១៦ តុលា ២០១៩ នាទីក្រុង សិង្ហបុរី
ដោយ:
​ការទាមទារ​ចម្បង​៥​យ៉ាង​របស់​ក្រុមបាតុករ​ហុងកុង គឺ​រៀបចំឡើង​ដើម្បី​សម្អុយ​រដ្ឋាភិបាល​នេះ​។ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង លើកឡើង​បែបនេះ ដោយ​បន្ថែមថា ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ហុងកុង​យល់ព្រម​តាម​ការទាមទារ​ទាំងនេះ ក៏​មិន​ទំនងជា​នឹង​ដោះស្រាយ​បញ្ហា​ចាក់​ស្រែះ​ដែល​ជាប់ទាក់ទង​នឹង​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» បាន​នោះដែរ​។ មេដឹកនាំ​រូបនេះ ក៏​ចុច​ដល់​រឿង​រសើប​របស់​ហុងកុង ដែល​នោះ​គឺ បញ្ហា​សង្គម ជាពិសេស រឿង​តម្លៃ​ផ្ទះសំបែង​តែម្តង​។​



​អំឡុង​សុន្ទរកថា​នៅ​សន្និសីទ Forbes Global CEO នៅ​ថ្ងៃ​ពុធ ទី​១៦ ខែតុលា លោក លី បញ្ជាក់ថា លោក​មិនឃើញ​ផ្លូវ​ងាយស្រួល​ណាមួយ​ទៅមុខ​ទេ ព្រោះថា​ក្រុមអ្នកតវ៉ា​ហុងកុង​អះអាងថា ពួកគេ​មានការ​ទាមទារ​ធំៗ​ប្រាំ​យ៉ាង ហើយ​គ្មាន​នរណាម្នាក់​អាច​សម្រុះសម្រួល​បានឡើយ​។ សម្រាប់​លោក ការទាមទារ​ទាំងនេះ ពុំ​បង្កើតឡើង​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​របស់​ហុងកុង​ឡើយ ក៏ប៉ុន្តែ​ពួកវា​គឺ​រៀប​ឡើង​ដើម្បី​សម្អុយ និង​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​ការី ឡាំ​ប៉ុណ្ណោះ​។

អត្ថបទទាក់ទង

​ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រី​វ័យ​៦៧​ឆ្នាំ​រូបនេះ ចាត់ទុក​សកម្មភាព​រំ​ខាន​របស់​សមាជិក​ប​ក្ស​ប្រឆាំង​ហុងកុង​នៅ​សភា​ដែល​បង្ខំ​ឲ្យ​លោកស្រី ការី ឡាំ ខកខាន​ថ្លែង​គោលនយោបាយ​ដោយផ្ទាល់ គឺជា​រឿង​សោកសៅ​បំផុត​សម្រាប់​ក្រុង​ហុងកុង​។

​និយាយ​ដល់​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» លោក លី បញ្ជាក់ថា ម្ខាង​ចិន​យល់ឃើញថា ពួកគេ មិន​ត្រឹមតែ​គិតដល់​ប្រទេសមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ចងចាំ​ប្រព័ន្ធ​ពីរ​ផងដែរ​។ រីឯ​ការយល់ឃើញ​រប​ស់​ហុងកុង​វិញ ពួកគេ​មិន​ត្រឹមតែ​គិតដល់​ប្រព័ន្ធ​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ចងចាំ​ដែរ​ថា នេះ​គឺជា​ប្រទេសមួយ​។ ត្រង់នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ទទូច​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ប្រកបដោយ​ប្រាជ្ញា និង​រក្សា​ការអត់ធ្មត់​រៀងខ្លួន​។

​ទន្ទឹមនេះ វា​ក៏មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​អភិបាលកិច្ច​ផងដែរ ហើយ​នោះ​គឺ​របៀប​នៃ​ការជ្រើសរើស​ប្រធាន​ប្រតិបត្តិ​ហុងកុង និង​សមាជិក​នៃ​ក្រុមប្រឹក្សា​នីតិ​បញ្ញា​ត្តិ​។ លោក លី និយាយ​បែបនេះ ដោយ​ពន្យល់ ថា វា​មាន​សំណើ​ច្បាប់​ដែល​ប្រធាន​ប្រតិបត្តិ​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស ក៏ប៉ុន្តែ​សំណើ​នេះ ពុំ​ត្រូវអនុម័ត​ឡើយ​ក្រោយ​ការតស៊ូ​មតិ​ក្នុង​សភា​កាលពី​ឆ្នាំ​២០១៤​។ ម្ល៉េះ​ហើយ ហុងកុង មិនមាន​ការពង្រីក​សិទ្ធិ​បោះឆ្នោត​នយោបាយ ដែលមាន​រំលេច​ក្នុង​ច្បាប់​មូលដ្ឋាន​ខ្លួន​។

​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោកនាយក​រដ្ឋមន្ត្រី លី គូសបញ្ជាក់ថា វា​គ្មាន​ដំណោះស្រាយ​ធម្មតា​ឡើយ ដ្បិត​ហុងកុង​ពុំមែន​ជា​ប្រទេស ក៏ប៉ុន្តែ​ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ (SAR)​។ បើតាម​គំនិត​លោក វា​ពិបាក​នឹង​ប្រមើល​មើលថា​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» អាច​បន្ត​២៨​ឆ្នាំ​ទៀត រហូតដល់​ឆ្នាំ​២០៤៧ ដែលជា​ឆ្នាំ​ដែល​ហុងកុង​នឹងត្រូវ​ត្រួតត្រា​ទាំងស្រុង​ដោយ​ក្រុង​ប៉េកាំង​។​

​ចុច​ដល់​រឿង​រសើប​ក្នុង​ក្រុង​ហុងកុង ដែល​នោះ​គឺ បញ្ហា​សង្គម ជាពិសេស រឿង​តម្លៃ​ផ្ទះសំបែង លោក លី មានប្រសាសន៍ថា វា​មានតម្លៃ​កប់​ពពក យុវជន​គ្មាន​លទ្ធភាព​ឡើយ​ប្រសិនបើ​ផ្ទះល្វែង​មួយ​ខ្នង​ស្មើ​ចំណូល​ពួកគេ​២២​ឆ្នាំ​នោះ​។ នេះ​គឺ​រឿង​ដែល​ពិបាក​នឹង​កើតឡើង​ណាស់ ហើយ​ការជួល​ផ្ទះ​ស្នាក់នៅ ក៏មាន​ថ្លៃ​ខ្លាំង​ផងដែរ​។ ម្ល៉េះ​ហើយ ពួកគេ​មាន​អារម្មណ៍​៖«​តើ​ខ្ញុំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​អ្វី​,  អនាគត​ខ្ញុំ​នៅទីណា​? តើ​ការពិត​នៃ​ក្តីសង្ឃឹម​និង​សុបិន​ឈោង​ចាប់​ភាពជោគជ័យ និង​សុភមង្គល​ខ្ញុំ​នៅទីណា​?»​។

​សូមបញ្ជាក់ថា អំឡុង​សុន្ទរកថា​ប្រមាណ​មួយ​ម៉ោង ដោយមាន​លោក Steve Forbes ប្រធាន​និង​និពន្ធ​នាយក​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Forbes ជា​អ្នកសម្របសម្រួល ក្រៅ​បញ្ហា​នៅ​ហុងកុង លោក លី សៀន​ឡុង ក៏បាន​និយាយ​ពី​បញ្ហា​មួយចំនួនទៀត រួមមាន សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋអាមេរិក ក៏ដូចជា​ការបោះឆ្នោត​ទូទៅ​នាពេលខាងមុខ​រប​ស់​សិង្ហ​បុរី​ផងដែរ​៕

Tag:
 សិង្ហ​បុរី​
  ហុងកុង​
  ចិន​
  លី​សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com