ជាតិ
សង្គមជាតិ
ជប៉ុន ផ្តល់​ថវិកា​ជាង​៣​លាន​ដុល្លារ ឲ្យ​ក្រសួង​អប់រំ ផ្គត់ផ្គង់​ម្ហូបអាហារ​នៅតាម​សាលារៀន​
18, Oct 2019 , 8:59 am        
រូបភាព
ពិធីចុះហត្ថលេខា រវាងស្ថានទូតជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡា លើការផ្តល់ថវិកាជាង ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់អាហារដល់សិស្សនៅតាមសាលារៀនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
ពិធីចុះហត្ថលេខា រវាងស្ថានទូតជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡា លើការផ្តល់ថវិកាជាង ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់អាហារដល់សិស្សនៅតាមសាលារៀនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ ថវិកា​ជាង​៣​លាន​ដុល្លារ​ដែលជា​ជំនួយ​របស់​ជប៉ុន នឹង​ផ្តល់ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​សិស្ស​នៅតាម​សាលារៀន តាមរយៈ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ប្រចាំ​កម្ពុជា (WFP)​។ ជប៉ុន និង​អង្គការ (WFP) បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា សម្រាប់​ឲ្យ​ក្រសួង​អប់រំ ចាត់ចែង​ម្ហូបអាហារ​ពេលព្រឹក​ដល់​សិស្ស​សាលារៀន​ដែល​ខ្វះខាត​នៅ​បណ្តា​ខេត្ត​។ 



​តាមរយៈ​ថវិកា​ប្រមាណ​៣​លាន​២​សែន​ដុល្លារ​នេះ ក្រសួង​អប់រំ​នឹង​រៀបចំ​ជា​ត្រីខកំប៉ុង​ប្រមាណ​៤១៥​តោន​សម្រាប់​ចែកជូន​ដល់​គ្រឹះស្ថានសិក្សា​ចំនួន​៦​ខេត្ត ក្នុងនោះ​មាន សៀមរាប ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ បាត់ដំបង និង​ខេត្ត​ដទៃទៀត​ដែល​នៅជាប់​ទន្លេសាប​។ លើសពីនេះ ជប៉ុន​ក៏បាន​សន្យាថា នឹង​ផ្តល់​ជា​ត្រីខកំប៉ុង​ប្រមាណ​៤០០​តោន ប្រេងឆា អំបិលអ៊ីយ៉ូត និង​បន្លែ ដែលមាន​បរិមាណ​ស្មើនឹង​៥៥០​គីឡូ​កាឡូរី ក្នុង​មួយឆ្នាំ សម្រាប់​រៀបចំ​ជា​អាហារ​ចែកជូន​ដល់​សិស្ស​នៅតាម​ជនបទ​ដែល​ខ្វះ​ស្បៀងអាហារ​។

​កន្លងមក​អង្គការ WFP បាន​អនុវត្ត​គម្រោង​នេះ​។ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ  បាន​បញ្ជាក់ថា ក្រសួង​នឹង​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​នេះ​នៅ​ឆ្នាំ​២០១៩​តែម្តង នៅតាម​សាលារៀន​ដែលមាន​សិស្ស​ចំនួន​៥​ម៉ឺន​នាក់​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្តល់​ជា​អង្ករ​ចំនួន​២​ពាន់​តោន​ក្នុង​មួយឆ្នាំ​ផងដែរ ដើម្បី​ផ្គត់ផ្គង់​ដល់​សិស្ស​ដែលជា​ទីទ័លក្រ​នៅតាម​ជនបទ​។

​លោក​រដ្ឋមន្ត្រី បាន​ប្រាប់​ឲ្យ​ដឹងថា ក្រសួង​នឹង​យក​ថវិកា​នេះ​ចែកជូន​ដល់​អ្នកគ្រប់គ្រង​សាលារៀន ដើម្បី​រៀបចំ​ឲ្យ​មាន​ចុងភៅ​ចម្អិន​ម្ហូបអាហារ​ប្រចាំ​សាលា​នីមួយៗ​។ ក្នុង​មួយថ្ងៃ​សាលា​នីមួយៗ​អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​៥០​ដុល្លារ សម្រាប់​ចាត់ចែង​ធ្វើ​ម្ហូបអាហារ​ដល់​សិស្ស​។  លោក ហង់ ជួន ណា​រ៉ុ​ន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​នឹង​យក​ថវិកា​នោះ​ទៅ​ទិញ​ត្រី និង​បន្លែបង្ការ​ពី​សហគមន៍ ដើម្បី​ជួយ​ឲ្យ​សហគមន៍​ផលិត​ជា​បន្លែបង្ការ ក៏ដូចជា​ការចិញ្ចឹម​ត្រី ដើម្បី​លក់​ឲ្យ​សាលា ហើយ​សាលា​យកទៅ​ដើម្បី​រៀបចំ​ជា​ម្ហូប​ឲ្យ​ក្មេងៗ​។ អ៊ីចឹង​យើង​ឃើញ​របៀបនេះ​ដូចជា​ជួយ​ដល់​សហគមន៍​ផងដែរ ដើម្បី​ឲ្យ​មានការ​អភិ​វ​ឌ្ឃ​នៅតាម​សហគមន៍​។

​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន ក្រសួង​អប់រំ​ក៏​នឹង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថានសិក្សា​នានា និង​សហគមន៍ ចូលរួម​ដាំ​បន្លែបង្ការ សម្រាប់​ផ្គត់ផ្គង់​ដល់​សិស្ស ដើម្បី​ឲ្យ​ពួកគេ​មាន​អាហារ​គ្រប់គ្រង និង​អាច​ឲ្យ​សិស្ស​មាន​ស្មារតី​រៀនសូត្រ​។

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami  Masahrio) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​កត់សម្គាល់ថា សេដ្ឋកិច្ច​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង ហើយ​អត្រា​ភាពក្រីក្រ​ក៏មាន​ការ​ថមថយ តែ​ពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ​នៅតែ​ជួប​បញ្ហា​ខ្វះខាត​អាហារូបត្ថម្ភ​។ 

​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ព្រមព្រៀង​រវាង​កម្ពុជា​និង​ជប៉ុន នៅ​ក្រសួង​អប់រំ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ  ជឿជាក់ថា ថវិកា​នេះ​នឹង​អាចជួយ​លើកស្ទួយ​សុខភាព​កុមារ​ឲ្យ​ទទួលបាន​ការអប់រំ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជំនួយ​របស់​ជប៉ុន​នឹង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ធានាបាន​នូវ​អនាគត​ល្អ​សម្រាប់​កុមារ​»៕

Tag:
 ជប៉ុន​
 ​ថវិកា​
 ​ម្ហូបអាហារ​
 ​សាលារៀន​
 ​ការអប់រំ​
 ​ហង់ ជួន ណា​រ៉ុ​ន​
  WFP
© រក្សាសិទ្ធិដោយ thmeythmey.com