ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កត្តា​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មាន​អ្វីខ្លះ​?
16, Sep 2023 , 6:59 am        
រូបភាព
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កើតឡើង​ចំពោះ​គ្រប់គ្នា​ដោយ​មិន​កំណត់​វ័យ​និង​ភេទ​ឡើយ​។ បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ស្ថានភាព​នេះ គឺ​វា​អាច​កើតឡើង​ភ្លាមៗ​តែម្ដង​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​តើ​ខ្លួនឯង​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ឬ​យ៉ាងណា​?



​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​មួយចំនួន​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ខួរក្បាល ហើយ​អ្នក​ចាំបាច់​គួរ​ដឹង ៖

១. សម្ពាធ​ឈាម​ឡើង​ខ្ពស់​

​មួយ​ក្នុងចំណោម​កត្តា​ផ្សេងទៀត​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺមាន​សម្ពាធ​ឈាម​ខ្ពស់​មិនអាច​គ្រប់គ្រង​បាន​។ បញ្ហា​នោះ គឺ​ការឡើង​ចុះ​នៃ​សម្ពាធ​ឈាម​ជះឥទ្ធិពល​លើ​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ងាយ​នឹង​ដាច់ ឬ​ស្ទះ​។ នេះហើយ​ជា​មូលហេតុ​មួយ​ដែល​វេជ្ជបណ្ឌិត​ជាច្រើន​ណែនាំ​ឲ្យ​អ្នក​រក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​គ្រប់ពេល​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

២. ជំងឺ​បេះដូង​

​មាន​ជំងឺ​បេះដូង​ច្រើន​ប្រភេទ​ណាស់ដែ​លអាច​ជះ​ផលប៉ះពាល់​ដល់​សរសៃឈាម​បណ្ដាល​ឲ្យ​ស្ទះ ​ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​រក្សា​របប​អាហារ​សុខភាព​ល្អ​។​

៣. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​

​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ចូរ​កម្រិត​ការទទួល​ទាន​របស់​អ្នក​មិន​លើសពី ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​។​

៤. ការជក់បារី​

​បញ្ហា​នោះ គឺ​ការជក់បារី​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​បែរជា​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ទៅវិញ​។​នៅពេល​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​ពេក វា​នឹង​បង្ក​ការខូចខាត​ដល់​ជញ្ជាំង​សរសៃឈាម​ធ្វើ​ឲ្យ​ស្ទះ​។ សរសៃឈាម​ស្ទះ​រារាំង​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅកាន់​ខួរក្បាល ក៏ដូចជា​បេះដូង​ដែល​គ្រោះថ្នាក់​ណាស់​ចំពោះ​សុខភាព​ទាំងមូល​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អ្នក​គួរ​បញ្ឈប់​ទម្លាប់​ជក់បារី​។​

៥. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​

​ស្ត្រេ​ស​អាច​ជះឥទ្ធិពល​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​លើ​សុខភាព​រាងកាយ​ទាំងមូល ក៏ដូចជា​បង្កើន​​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​តានតឹង​របស់​អ្នក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com