អន្តរជាតិ
កូរ៉េខាងជើង​ដើរចេញ​ពី​ការចរចា​នុយ​ក្លែ​អ៊ែរ ក៏ប៉ុន្តែ​ប្រហែល​មិនមែនជា​ការល្អ​ទេ​
18, Oct 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ ប្រេសិតកូរ៉េខាងជើងមកដល់ព្រលានយន្តហោះ Arlanda នៅក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាល​ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រេសិតកូរ៉េខាងជើងមកដល់ព្រលានយន្តហោះ Arlanda នៅក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាល​ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
 ​សេ​អ៊ូ​ល ៖ ការចរចា​នុយ​ក្លែ​អ៊ែរ​វាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កូរ៉េខាងជើង​បាន​បរាជ័យ​ម្តងទៀត បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ដើរចេញ​ប្រកបដោយ​ការខឹង​សម្បារ ដោយបាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ ក៏ប៉ុន្តែ​ការណ៍​នេះ​មិនមែន​មានន័យថា ឈប់​លែងមាន​ការចរចា​នោះ​ទៀត​ទេ​។​

 
​ទាំង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​បាន​ដើរ​ចេញពី​ការចរចា​នោះ​ម្តង​ហើយ​ម្តងទៀត​កាលពី​ឆ្នាំមុន​ក្នុងអំឡុង​នៃ​ការចរចា​មួយឆ្នាំ​កន្លះ​កន្លងមកនេះ ហើយ​ក្រោយមក​បាន​វិលត្រឡប់​ទៅកាន់​ការចរចា​វិញ​។​
 
​នៅ​ពី​ខាងក្រៅ ការចរចា​នេះ​ដូចជា​មិនល្អ​នៅពេលដែល​កូរ៉េខាងជើង​ដើរ​ចេញពី​ការចរចា​នុយ​ក្លែ​អ៊ែ​លើកដំបូង​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ប៉ុន្មាន​ខែ​នេះ​។​
 
​ក៏ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ថ្មី​ទេ​។ អស់​រយៈពេល​ជាច្រើន​ខែ​ហើយ ពួក​អ្នកចរចា​កូរ៉េខាងជើង បាន​ព្យាយាម​ឲ្យ​មានប្រៀប​ដោយ​ការដើរ​ចេញពី​ការចរចា​នេះ​។​
 
​អ្វីដែល​ថ្មី​នៅក្នុង​ការធ្វើ​ឲ្យ​ស្មើគ្នា​នេះ គឺ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ដើរ​ចេញពី​ការចរចា​ចំនួន​២​លើក​ជាមួយ​កូរ៉េខាងជើង​។ លើក​ទី​១ ទើបតែ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃមុន​ពេល​ជំនួប​កំពូល​មុនដំបូង​របស់លោក​ជាមួយ​គីម ជុង​អ៊ុន​។​
 
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា​៖ «​ខ្ញុំ​បានសម្រេច​បញ្ចប់​ជំនួប​កំពូល​ដែល​បានគ្រោង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបូរី​កាលពី​ថ្ងៃទី​១២ ខែមិថុនា​»​។​
 
​បី​បួន​សប្តាហ៍​ក្រោយមក លោក​ប្រធានាធិបតី​ត្រាំ​បាន​ជួប​ជាមួយ​គីម ជុង​អ៊ុន​។ ក៏ប៉ុន្តែ​នៅឯ​ជំនួប​កំពូល​លើក​ទី​២​របស់​មេដឹកនាំ​ទាំង ២​ក្នុង​ទីក្រុង​ហាណូយ លោក​ប្រធានាធិបតី​ត្រាំ​បាន​ដើរចេញ​មុន គីម ជុង​អ៊ុន ដែល​បានធ្វើ​ដំណើរ​តាម​រទេះភ្លើង​អស់​រយៈពេល​ជិត​៣​ថ្ងៃ​។ វា​គឺ​ជាការ​អាម៉ាស​មួយ​ដែល​អ្នកវិភាគ​លោក Bong Young-shik និយាយថា កូរ៉េខាងជើង អាច​បានគិត​ទុកជាមុន​ពី​ការលុបចោល​នៃ​ការចរចា​នៅពេល​ថ្មីៗ​នេះ​។​
 
​លោក Bong Young-shik និយាយថា​៖ «​កូរ៉េខាងជើង មិន​ចង់​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ មានន័យថា យើង នឹងមាន​អានុភាព​ជាង​។​យើង ត្រូវបាន​ទះកំភ្លៀង​ចំ​មុខ​នៅក្នុង​ទីក្រុង​ហាណូយ ដូច្នេះ ដើម្បី​ការពារ​មុខ​របស់​មេដឹកនាំ​កំពូល ឯកអគ្គរដ្ឋទូត Kim Myong Gil ប្រាកដជា​ត្រូវ​ប្រុងប្រៀប​ទះកំភ្លៀង​អាមេរិកាំង​ចំ​កណ្តាល​មុខជា​ការសង​សឹក​វិញ​»​។​
 
​ថ្វីបើ​មាន​គោលជំហរ​នេះ​ក៏ដោយ ភាគី​ទាំង​២​អាចមាន​ហេតុផល​ដើម្បី​បន្ត​ការចរចា​។ លោក Ramon Pacheco Pardo ជា​អ្នកជំនាញ​ខាង​ប្រទេស​កូរ៉េ​នៅឯ​សាកល​វិទ្យា ល័យ King’s College London និយាយថា នេះ​ជា​ផ្នែក​មួយ ពី​ព្រោះតែ​បញ្ហា​របស់លោក​ប្រធានាធិបតី​ត្រាំ​នៅក្នុង​ប្រទេស​។​
 
​លោក Ramon Pacheco Pardo បាន​ថ្លែងថា​៖ «​ចំពោះ​ប្រធានាធិបតី​ត្រាំ ការណ៍​នេះ នឹង​ក្លាយជា​ជ័យជម្នះ​ខាង​នយោបាយ​មួយ​ដើម្បី​បង្ហាញ​ពី​ការដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​។​ហើយ ខ្ញុំ គិតថា ដោយហេតុ​នេះហើយ បានជា​គីម ជុង​អ៊ុន ព្យាយាម​ប្រកាន់​ជំហរ​តឹងរ៉ឹង​។​ហើយ បើ​យើង​ឃើញ​ដំណើរ​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង​មានការ​ជឿនលឿន​។​ខ្ញុំ គិតថា កូរ៉េខាងជើង នឹង​ព្យាយាម​ឲ្យ​បានទទួល​សម្បទាន​កាន់តែខ្លាំង​ឡើង​»​។​
 
​លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយថា លោក ចង់​ឲ្យ​មាន​ជំនួប​ទី​៤​ជាមួយ​គីម ជុង អ៊ុន​។​ក៏ប៉ុន្តែ ត្រង់ចំណុច​នេះ មនុស្ស​ខ្លះ​ភ័យខ្លាច​ថា គោលបំណង​របស់​ប្រធានាធិបតី ត្រាំ​ដើម្បី​ជួប​ជាមួយ​គីម ជុង​អ៊ុន​កំពុង​ដាក់​ខ្នោះដៃ​ពួក​អ្នកចរចា​របស់លោក​ផ្ទាល់​។​លោក​Ramon Pacheco Pardo ថ្លែង​ទៀតថា​៖ «​ខ្ញុំ គិតថា បញ្ហា​នេះ​គឺថា កូរ៉េខាងជើង ចង់​ធ្វើការ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​កូរ៉េខាងជើង មិន​ចង់​ទាក់ទង​នឹង​ការងារ​ទេ​។​នេះ​ជាការ​ពិតណាស់​»​។​
 
​សម្រាប់​នៅពេល​ឥឡូវនេះ កូរ៉េខាងជើង​និយាយថា ជំហាន​បន្ទាប់​គឺ​អាស្រ័យ​លើ​លោក​ប្រធានាធិបតី​ត្រាំ​។ នៅពេលដែល​គណៈប្រតិភូ​កូរ៉េខាងជើង​បានធ្វើ​ដំណើ​រ​ទៅកាន់​ប្រទេស​វិញ បេស​កក​ជន​កំពូល​របស់ខ្លួន​បាន​ព្រមាន «​ពី​ចំណាត់ការ​ដ៏​គួរ​ឲ្យ​រន្ធត់​» ប្រសិនបើ​សហរដ្ឋអាមេរិក មិន​ទទួលយក​កិច្ចព្រមព្រៀង​នោះទេ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com