ជាតិ
ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ ខូចស្ទើរទាំងស្រុង!
× ខេត្តព្រះសីហនុ៖ ដោយសារតែការអភិវឌ្ឍយ៉ាងគំហុក នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យផ្លូវចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ខូចស្ទើរទាំងស្រុង។ អាជ្ញាធរ ត្រៀមចំណាយថវិកាជិត២០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាផ្លូវខូចនេះ។
ផ្លូវថ្នល់៣៤ខ្សែ ដែលមានប្រវែងជាង៨៤គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ កំពុងរងការខូចខាតទាំងស្រុង ដោយសាររថយន្ត និងគ្រឿងចក្រធំៗ បើកបរឆ្លងកាត់ សម្រាប់ការដឹកជញ្ជូន និងប្រើប្រាស់ក្នុងការដ្ឋានសាង់សង់។ ជាពិសេសផ្លូវឆ្ពោះទៅកាន់ឆ្នេរអូឈើទាល និងតំបន់កម្សាន្តផ្សេងទៀត ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមចំណាយថវិកាជិត២០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាផ្លូវខូចនេះ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាជ្ញាធរ នឹងជួសជុសស្ថាបនាផ្លូវទាំង៣៤ខ្សែឡើងវិញ នៅក្នុងរដូវប្រាំងនេះ ក្រោយពីទទួលបានកញ្ចប់ថវិកាគ្រប់គ្រាន់ពីក្រសួងសេដ្ឋកិច្ច។ បើតាមលោក ឃាង ភារម្យ អាជ្ញាធរត្រូវការពេលវេលា៨ខែ ទៅ១ឆ្នាំ ដើម្បីស្ថាបនាផ្លូវជាង៨៤គីឡូម៉ែត្រនេះ ។
ក្រៅពីបញ្ហាផ្លូវថ្នល់នេះ អាជ្ញាធរខេត្ត ក៏នឹងដោះស្រាយបញ្ហាប្រព័ន្ធលូ ដើម្បីរំដោះទឹក នៅពេលភ្លៀងធ្លាក់ខ្លាំង។ ជាពិសេសអាងចម្រោះទឹកស្អាត រួមទាំងការរៀបចំ និងដោះស្រាយបញ្ហាបរិស្ថាន និងអនាម័យក្នុងខេត្តទេសចរណ៍មួយនេះផងដែរ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
Tag:
ឃាង ភារម្យ
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com