ជាតិ
ព្រឹត្តិការណ៍​រថភ្លើង​អាស៊ាន​កូរ៉េ​ចាប់ផ្តើម​ពី​ស្ថានីយ៍​សេ​អ៊ូ​ល​
16, Oct 2019 , 8:43 pm        
រូបភាព
​សេ​អ៊ូ​ល​-​កូរ៉េខាងត្បូង​៖ រថភ្លើង​ពិសេស​មួយ​ដែលមាន​បិទ​សរសេរ​អក្សរ Asean-Korea Train បានចេញ​ដំណើរ​ពី​ស្ថានីយ៍​រថភ្លើង​ក្រុង​សេ​អ៊ូ​ល​នៅ​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា បន្ទាប់ពី​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​រថភ្លើង​អាស៊ាន​កូរ៉េ​។ រថភ្លើង​ពិសេស​បាន​ដឹកនាំ​អ្នកដំណើរ​ប្រមាណ​២០០​នាក់​ដែលជា ប្រតិភូ ពិសេស​មកពី​ប្រទេស​សមាជិក​អា​សាន និង​កូរ៉េ រយៈពេល​៣​ថ្ងៃ​ឆ្លងកាត់​ក្រុង Gyeongju, Busan, Suncheon, Gwangju និង​បញ្ចប់​ដំណើរ​ដោយ​ត្រឡប់មក​ទីក្រុង​សេ​អ៊ូ​ល​វិញ​។​



​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​«​រថភ្លើង​អាស៊ាន​-​កូរ៉េ​៖ រីកចម្រើន​ទាំងអស់គ្នា​» ត្រូវបាន​រៀបចំឡើង​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៃ​សាធារណរដ្ឋ​កូរ៉េ​។ គណៈអធិបតី​ក្នុង​ពិធី​ដ៏​សំខាន់​នោះ​រួមមាន រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ធុន​តូច មធ្យម និង Start-up របស់​កូរ៉េ លោកស្រី Park Young-Sun, រដ្ឋមន្ត្រី​នៃ​សហភាព​មី​យ៉ាន់​ម៉ា លោក Pe Myint, អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ លោក Lee Hyuk និង​រួមទាំង​រដ្ឋទូត​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ប្រចាំ​ប្រទេស​កូរ៉េ​ផងដែរ​។​

​លោកស្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ធុន​តូច មធ្យម និង Start-up របស់​កូរ៉េ សំដែង​ការអបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍​នេះ ដែលជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ​នៃ​កិច្ចសន្ទនា​កូរ៉េ​អាស៊ាន ដែល​នឹងត្រូវ​រៀបចំ​នៅក្នុង​ទីក្រុង​ប៊ូសាន​នៅក្នុង​ខែវិច្ឆិការ​ខាងមុខនេះ​ដោយមាន​វត្តមាន​មេដឹកនាំ​កំពូល​របស់​កូរ៉េ និង របស់​អាស៊ាន​ទាំងអស់​ផង​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដំណើរ​តាម​រថភ្លើង​អាស៊ាន​-​កូរ៉េ លោកស្រី Park Young-sun លើកឡើង​អំពី​ការពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន និង​កូរ៉េ​ក្នុង​រយៈពេល​៣០​ទៅមុខទៀត​តាមរយៈ​គោលនយោបាយ​ថ្មី​ឆ្ពោះទៅ​ទិស​ខាងត្បូង​របស់​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ដែល​ត្រូវអនុវត្ត​ចេញពី​សសរស្តម្ភ​បី​សំខាន់​គឺ មនុស្ស វិបុលភាព និង​សន្តិភាព (3P: People, Prosperity and Peace)​។​

​លោកស្រី​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ចំនុច​ស្នូល​នៃ​ភាពជា​ដៃគូ​រវាង​កូរ៉េ និង​អាស៊ាន គឺ​ទំនាក់ទំនង​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម​។ យើង​កំពុង​ព្យាយាម​ពង្រីក​ទំនាក់ទំនង​វិស័យ​ធុន​តូច​និង​មធ្យម និង​Start-up ជាមួយនឹង​ប្រទេស​សមាជិក​អាស៊ាន​។ យើង​ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​ធុន​តូច​និង​មធ្យម និង​Start-up របស់​កូរ៉េ​ពង្រីក​ធុរកិច្ច​របស់ខ្លួន​ទៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។​»​។​

អត្ថបទទាក់ទង
d
​ប្រតិភូ​តំណាង​រដ្ឋាភិបាល សិល្បករ សិល្បការិនី កីឡា​រិ​នី អ្នកជំនួញ អ្នកសារព័ត៌មាន មកពី​ប្រទេស​សមាជិក​អាស៊ាន និង​កូរ៉េ បានធ្វើ​ដំណើរ​រួមគ្នា​យ៉ាង​រីករាយ អឺងកង និង​ក្លៀវក្លា​។ នៅតាម​ផ្លូវ​ធ្វើដំណើរ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ ការសម្តែង​សិល្បៈ​ចម្រៀង តន្ត្រី ត្រូវបាន​រៀបចំ​នៅលើ​រថភ្លើង​តែម្តង​។ ពួកគេ​ច្រៀង និង​បង្ហាញ​សិល្បៈ​ប្រចាំ​ប្រទេស​នីមួយៗ​។ អ្នកចម្រៀង​មកពី​ប្រទេស​អាស៊ាន​ខ្លះ ច្រៀង​បទ​ចម្រៀង​អាស៊ាន អ្នកខ្លះ​ទៀត​ក៏​ច្រៀង​បទ​ចម្រៀង​កូរ៉េ​ផងដែរ ដើម្បី​បង្ហាញ​អំពី​វិសាលភាព​នៃ​ទំនាក់ទំនង​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ រវាង​អាស៊ាន​និង​កូរ៉េ​។​

​សម្រាប់​អ្នកសារព័ត៌មាន​វិញ ពួកគេ​ក៏​ត្រូវបាន​សម្របសម្រួល​ឱ្យបាន​ជួប​សម្ភាស​អ្នកពាក់ព័ន្ធ​នៅក្នុង​បន្ទប់​សម្ភាស​នៅលើ​រថភ្លើង​នោះ​តែមួយ​ដូចគ្នា​៕

























Tag:
 អាស៊ាន​-​កូរ៉េ​
  Asean-korea Train
  Asean-Korea Summit 2019
  Busan
© រក្សាសិទ្ធិដោយ thmeythmey.com