អន្តរជាតិ
តួកគីព្រមផ្អាកប្រតិបត្តិការយោធា៥ថ្ងៃ ទុកពេលឲ្យកម្លាំងឃើដដកចេញ ប្រភពរូប៖ AFP
× សហរដ្ឋអាមេរិកនិងតួកគី បានសម្រេចកិច្ចព្រមព្រៀងមួយដោយផ្អាកប្រតិបត្តិការនៅតំបន់ភាគខាងជើងស៊ីរី។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងមួយសបា្តហ៍ប៉ុណ្ណោះក្រោយក្រុងវ៉ាស៊ីនតោនដកកងទ័ពចេញពីតំបន់ត្រួតត្រារបស់កងកម្លាំងឃើដ ដែលក៏ជាការបើកផ្លូវសម្រាប់ប្រតិបត្តិការតួកគីប្រឆាំងពួកឃើដ។
ក្រោយការចរចាដឹកនាំដោយប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងអនុប្រធានាធិបតីអាមេរិក មៃ ផេន ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃព្រហស្បតិ៍ ១៧ តុលា ។ ភាគីទាំងពីរ យល់ព្រមគ្នាថា តួកគី នឹងផ្អាកប្រតិបត្តិការយោធារយៈពេល១២០ម៉ោង (៥ថ្ងៃ) ដើម្បីទុកពេលឲ្យក្រុមសកម្មប្រយុទ្ធឃើដ ដកចេញពីទឹកដីស៊ីរីភាគខាងជើងទំហំ៣២គីឡូម៉ែត្រ ដែលក្រុងអង់ការ៉ាត្រៀមយកធ្វើជាតំបន់សុវត្ថិភាព។
ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក អ៊ែរដូហ្កាន អំឡុងទស្សនកិច្ចក្នុងប្រទេសតួកគី លោកអនុប្រធានាធិបតី ផេន បញ្ជាក់ថា ប្រតិបត្តិការតួកគី នឹងត្រូវផ្អាកទាំងស្រុងរហូតដល់កងកម្លាំងឃើដដកចេញរួចរាល់ ហើយបន្ទាប់មក វ៉ាស៊ីនតោននឹងដកហូតទណ្ឌកម្មខ្លួនប្រឆាំងតួកគីវិញ។ បើតាមលោក ផេន សហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលលើសកម្មភាពដកកម្លាំងចេញរបស់ពួកឃើដ។
ខណៈលោក ផេន បានហៅកិច្ចព្រមព្រៀងនេះថា «បទឈប់បាញ់» លោករដ្ឋមន្ត្រីការបរទេសតួកគី Melvlut Cavusoglu អះអាងថា វាគឺជាការផ្អាកប្រតិបត្តិការយោធាបណ្តោះអាសន្ន ពុំមែនជាការបញ្ឈប់វាឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោករដ្ឋមន្ត្រី និយាយបែបនេះ៖«នេះមិនមែនជាបទឈប់បាញ់ឡើយ។ បទឈប់បាញ់មួយ កើតឡើងរវាងភាគីស្របច្បាប់ចំនួនពីរ»។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសាទរចំពោះការសម្រេចកិច្ចព្រមព្រៀងនេះ។ ប្រាប់អ្នកសារព័ត៌មាន អំឡុងទស្សនកិច្ចនៅរដ្ឋ Texas លោកត្រាំ និយាយថា លោកចង់អរគុណដល់ពួកឃើដ ព្រោះតែពួកគេពិតជាសប្បាយចិត្តជាមួយដំណោះស្រាយនេះ។ នេះជាដំណោះស្រាយមួយដែលជួយសង្គ្រោះជីវិតពួកគេ។
គួរបញ្ជាក់ថា អង្គការឃ្លាំមើលស៊ីរីទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ប្រជាជនស្លូតត្រង់ជាង៣០ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសំបែង គិតចាប់ពីតួកគីបានចាប់ផ្តើមវាយប្រហារទៅក្នុងទឹកដីស៊ីរីភាគខាងជើងមក។ អង្គការនេះ បានហៅប្រតិបត្តិការយោធានេះជាការបង្កចលាចលធំបំផុតមួយ ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០១១មក។ ម្យ៉ាងវិញទៀត ខ្លួន ក៏បានបញ្ជាក់ឲ្យដឹងទៀតថា មនុស្ស៥០០នាក់ បានបាត់បង់ជីវិត ដែលក្នុងនោះក៏មានជនស៊ីវិលផងដែរ ហើយភាគច្រើន គឺសុទ្ធសឹងជាពួកឃើដ៕
Tag:
សហរដ្ឋអាមេរិក
តួកគី
ស៊ីរី
ឃើដ
© រក្សាសិទ្ធិដោយ thmeythmey.com