សៀមរាប៖ នៅជុំវិញប្រាសាទអង្គរវត្ត ហ៊ុមព័ទ្ធទៅដោយកសិន្ធុទឹក ដែលមានទទឹង ២០០ម៉ែត្រ និងបណ្ដោយ ១៥០០ម៉ែត្រ ពីទិសខាងលិចទៅខាងកើត ហើយពីខាងត្បូងទៅខាងជើងវិញ មានបណ្ដោយ ១៣០០ម៉ែត្រ។ ទឹកកសិន្ធុអង្គរវត្ត ដែលមានខួបប្រាំងខួបវស្សានេះ អាចផ្ទុកទឹកប្រមាណ ១លានម៉ែត្រគូប និងមានជម្រៅជិត ៣ម៉ែត្រ។ នេះបើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ក្នុងបេសកកម្មលើកទី៥ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
ទឹកក្នុងបរិវេណកសិន្ធុអង្គរវត្ត ជាទឹកដែលមានតួនាទីសំខាន់ក្នុងការទ្រទ្រង់គ្រឹះប្រាសាទអង្គរវត្ត។ ទឹកនាបរិវេណកសិន្ធអង្គរវត្តនេះ មានប្រភពទឹកហូរចុះពីភ្នំគូលែន ឆ្ពោះមកក្នុងតំបន់អង្គរ។ បច្ចុប្បន្ន ទឹកក្នុងកសិន្ធអង្គរវត្ត អាចរក្សាបានទាំងរដូវប្រាំងនិងរដូវវស្សា ដោយសារការរកឃើញប្រព័ន្ធធារាសាស្ត្របុរាណនៅអំឡុងឆ្នាំ២០១០-២០១១។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងក្រុមការងារនៃកម្មវិធី Mercedes-Benz និងកំណប់អាថ៌កំបាំង ជាមួយលោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖
ក្នុងដំណើរបេសកកម្មលើកទី៥ នៃកម្មវិធី « Mercedes-Benz និងកំណប់អាថ៌កំបាំង» លោក ឡុង កុសល បានលើកឡើងយ៉ាងដូច្នេះ៖ «ពាក់ព័ន្ធជាមួយនឹងការកសាងប្រាសាទ ទឹកបានដើរតួនាទីសំខាន់ក្នុងកិច្ចការងារទ្រទ្រង់នៃលំនឹងរបស់ប្រាង្គប្រាសាទ។ យើងដឹងហើយថា តាមរយៈការស្រាវជ្រាវប្រាសាទ ថ្មប្រាសាទមានទម្ងន់រាប់លានតោន។ សួរថា តើទម្ងន់ប៉ុណ្ណឹង អាចនឹងទ្រទ្រង់បានយ៉ាងដូចម្ដេច នេះគឺជាភាពអច្ឆរិយរបស់បុព្វបុរសខ្មែរ។ ប្រាង្គប្រាសាទរបស់យើងកសាងនៅលើផ្ទៃនៃខ្សាច់ ហើយទឹកនេះ រក្សាសំណើមនៃខ្សាច់ដែលមានតួនាទីជាគ្រឹះរបស់ប្រាសាទ»។
បើតាមលោក ឡុង កុសល មុនឆ្នាំ២០០៤ ទឹកកសិន្ធុអង្គរវត្ត តែងតែមានការរីងស្ងួតនៅរដូវប្រាំង ហើយបញ្ហាដែលបណ្ដាលឲ្យរីងស្ងួតនេះ កើតឡើងដោយសារកត្តាអាយុកាល និងកត្តាខ្វះខាតក្នុងការស្វែងរកប្រព័ន្ធធនធានទឹក រួមទាំងបណ្ដាញប្រព័ន្ធធារាសាស្ត្របុរាណ។ លោក ឡុង កុសល ប្រាប់ក្រុមការងារ « Mercedes-Benz និងកំណប់អាថ៌កំបាំង» បន្ថែមថា ក្រោយឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរា បានសិក្សាពីការរក្សាទឹកនិងបញ្ចូលទឹកចូលមកកសិន្ធនៅរដូវប្រាំង ដោយប្រមូលយកទឹកពីស្ទឹងសៀមរាប និងរក្សាទុកក្នុងកសិន្ធុទឹកទីក្រុងអង្គរធំ ចូលមកត្រពាំងសេះ និងបញ្ចូលក្នុងកសិន្ធុអង្គរវត្ត។
(រូបភាពពីអាជ្ញាធរជាតិអប្សរា)
អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយមានសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីវិធីសាស្ត្របុរាណក្នុងការបញ្ចូលទឹក អ្នកជំនាញក៏បានរកឃើញប្រភពទឹក ដែលជាប្រឡាយសង់តាំងសម័យបុរាណ គឺ«ប្រឡាយសំពៅលូន»។ ប្រឡាយនេះ ជាប្រព័ន្ធធារាសាស្ត្របុរាណហូរពីភ្នំគូលែន កាត់ទៅកសិន្ធុអង្គរធំ មកកសិន្ធុអង្គរវត្ត តាមទិសខាងជើង ឆ្លងកាត់មុខភ្នំបាក់ខែង។ លោក ឡុង កុសល លើកឡើងថា បន្ទាប់ពីរកឃើញប្រឡាយបុរាណ អាជ្ញាធរជាតិអប្សរា បានស្ដារប្រឡាយនោះនៅអំឡុងឆ្នាំ២០១០-២០១១ ដែលធ្វើឲ្យទឹកនៅកសិន្ធុអង្គរវត្ត មានទាំងប្រាំងនិងវស្សាជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា បេសកកម្មចំនួន៤លើកកន្លងមក ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។ តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី និង«សហគមន៍អេកូទេសចរណ៍ជីផាត» នៃខេត្តកោះកុង។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និងគាំទ្រដោយក្រសួងទេសចរណ៍។ កម្មវិធីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ ឬតំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕